en     km
en     km

ក្រសួង​វប្បធម៌​បដិសេធ​ភាពយន្ត«No more bets»របស់ចិនថាមិនឆ្លុះបញ្ចាំងពីស្ថានភាពកម្ពុជា

Share

ក្រោយមានការរិះគន់ព្រោងព្រាត ករណីភាពយន្តចិនដែលបង្ហាញទិដ្ឋភាពក្រិដ្ឋកម្មជួញដូរមនុស្សនៅកម្ពុជា អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ឱ្យ​ដឹង​ថា ដោយ​ពិនិត្យ​​ឃើញ​ថា ភាពយន្ត​ចិន ដែល​មាន​ចំណងជើង​ថា «No more bets» ​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កម្ពុជា​ធ្ងន់ធ្ងរ​នោះ កម្ពុជា​បាន​សម្រេច​ចាត់វិធានការ​ណ៍​ ដោយ​បាន​ដាក់​លិខិត​ទៅ​ប្រទេស​ចិន តាម​រយៈ​ស្ថានទូត​ចិន​ប្រចាំ​ ​កម្ពុជា ស្នើ​សុំកុំ​ឱ្យ ​ចាក់​បញ្ចាំងភាពយន្ត​ចិន​មួយ​នេះ​។ លោក គីម ចាន់ចាវ រាយការណ៍

 

លោក ស៊ុំ ម៉ា​ប់ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានឱ្យដឹងថា ក្រោយ​ពី​ក្រសួង​បានឃើញវីដេអូ Trailer ​តាម​បណ្តាញ​សង្គមរបស់ភាពយន្តចិន«No more bets» ដែលនិយាយអំពីឧក្រិដ្ឋកម្ម និងការជួញដូរមនុស្ស កម្ពុជា​បាន​ចាត់វិធានការ​ភ្លាមៗ​។

ប្រតិកម្មរបស់ស្ថាប័នរដ្ឋាភិបាលនេះធ្វើឡើងស្របពេលដែលពលរដ្ឋអ្នកលេងបណ្ដាញសង្គមដែលជាជនជាតិខ្មែរ ទាំងក្នុងនិងក្រៅប្រទេសរិះគន់ចំពោះភាពយន្តនេះ ជាមួយនឹងទិដ្ឋភាពសិទ្ធិមនុស្សនៅកកម្ពុជា។ ការបង្ហោះសាររបស់ម្ចាស់គណនីឈ្មោះ Oudom Tat អំពីរឿងនេះមានអ្នកចែកចាយ ជាង១រយនាក់។ ក្នុងសារនោះបានសរសេរថា រឿង “No More bets” រកចំណូលបានខ្ទង់ពានលានដុល្លាអាមេរិក ដោយមានអ្នកទស្សនារាប់រយលានអ្នកជុំវិញពិភពលោក តែហាក់កំពុងធ្វើឲ្យកិត្តិនាម ប្រទេសកម្ពុជាធ្លាក់ចុះទៅវិញ។ គ្រាន់តែចំណូលពីអ្នកទស្សនានៅក្នុងស្រុកចិន បានជាង៣០០លានដុល្លា និង៥០០លានជាងដុល្លាបានពីខាងអឺរ៉ុប។ រឿងនេះគេបាននិពន្ធឡើងមកផ្អែកទៅលើការពិត ដែលបានធ្វើការស្រាវជ្រាវពីពាក្យបណ្តឹងប្រមាណជាង១០ម៉ឺនករណី

 

ដោយបានបញ្ចេញឈ្មោះប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា ដោយនិយាយអំពី ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ការចាប់ជំរិត ការជួញដូរមនុស្សតាមអនឡាញ ការបង្ខាំងមនុស្សបង្ខំឲ្យធ្វើការ ។

បើតាមគណនីដដែល មានការធ្វើការស្រង់មតិពីអ្នកទស្សនារឿងនេះ លើប្រព័ន្ធអ៊ីនធឺណេតបានឲ្យដឹងថា ៨៥%នៃប្រជាជនចិន និងអឺរ៉ុប បានបដិសេដ ក្នុងការមកលេងប្រទេសកម្ពុជា ដោយបារម្ភពីសុវត្តិភាព តាមរយៈខ្សែភាពយន្តមួយនេះ។

ករណីនេះលោក ស៊ុំ ម៉ា​ប់ មាន​ប្រសាសន៍​ថា ​ការ​លើក​ឡើង​របស់​មតិ​សាធារណៈ ដែល​បាន​បង្ហាញ​កង្វល់​ថា ភាពយន្ត​ចិន​នេះ ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ គឺជា​រឿង​ត្រឹមត្រូវ​។

«វាអាចមែនប្អូនបើប្អូន បើវីដេអូហ្នឹងវាចរាចរណ៍ផ្លូវការវាអាចមែនប្អូន ព្រោះប្រទេសយើងមិនមែនប្រទេសចឹងផងដល់គេឃើញអាហ្នឹងគេខ្លាចគ្រប់គ្នាបាត់ហើយ»។

ចំណែកលោក តុប សុភក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងថាក្រសួងពាក់ព័ន្ធកំពុងធ្វើការអន្តរាគមន៍លើករណីនេះ ដោយការប្ដេជ្ញាចិត្ត។

«យើងនឹងខិតខំធ្វើនូវអ្វីដែលជាកបន្យាបនូវឥទ្ធិពលដែលគេនិយាយមិនល្អពីកម្ពុជារបស់យើង ហើយយើងនឹងប្រែក្លាយពីចំណុចអវិជ្ជមានឱ្យជាអ្វីដែលអាចទាក់ទាញវិញ»។​

លោក តុប សុភក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍

 

ពាក់ព័ន្ធភាពយន្តឧក្រិដ្ឋកម្មជួញដូរមនុស្សនេះ លោក អ៊ុំ តារា អ្នកលេងបញ្ហាសង្គមម្នាក់ បានសរសរថា បងប្អូនយើងខ្លះឆ្ងល់ថា ហេតុអីយើងគ្មានប្រតិកម្មជាផ្លូវការជាមួយរឿងចិនដែលទើបនិងដាក់បញ្ចាំងឈ្មោះ No more Bets ដែលនិយាយពីឧក្រឹដ្ឋកម្មចាប៎ជំរឹតនៅកម្ពុជា។ លោកបន្តចោទសួរថា តើក្នុងរឿងវាដូចការពិតទេ ? វាមិនខុសអីពីក្រុមហ៊ុនអាមេរិកថតរឿង The Killing Field ទេ តើអ្នករស់សម័យខ្មែរក្រហមទទួលស្គាល់ថារឿងហ្នឹងពិតទេ ?

លោកតារា បន្តថា រឿងចាប់ជំរឹតនៅខ្មែរវាល្បីតាំងពីរដ្ឋាភិបាលអាណត្តិមុនម្លេះ យើងម្ចាស់ស្រុកក៏ដឹងដែរថាពួកម៉ាហ្វីយ៉ាចិនក្រឡុកយ៉ាងម៉េច ។ រឿងអស់នេះពួកវាក្រឡុកទៅកើតវាទាល់តែមានខ្មោចស្រុកកាងពួកវា មិនមែនវាឆ្អឹងដែកស្បែកស្ពាន់មកកូរតាមចិត្តកើតទេ តើពួកចិនអស់នោះបានកាំភ្លើងពីណាមកប្រើ កាន់គ្រប់ដៃ ? ជិះឡានស្លាក ខម ?។

ចង់ស្តារមុខមាត់ឡើងវិញកុំទៅឈ្លោះជាមួយកុន ត្រូវសំអាតផ្ទៃក្នុងជាមុនរកឱ្យឃើញខ្មោចក្នុងដែលចូលដៃជាមួយខ្មោចក្រៅ។

ទោះយ៉ាងណា អ្នកនាំពាក្យក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បដិសេដថា ភាពយន្តឧក្រិដ្ឋកម្មជួញដូរមនុស្សនេះមិនបានឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជាឡើយ។

«គឺមិនមែនជាទីកន្លែងដែលមានអំពើចឹងៗទេ ហើយអ្វីដែលគាត់ចេញមកហ្នឹងតិច-ច្រើនគ្រាន់តែ អក្សរខ្មែរដែលប្រើផ្ដេសផ្ដាសនៅលើអាវហ្នឹងវាប៉ះពាល់រួចទៅហើយ»។

លោក ស៊ុំ ម៉ា​ប់ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ

 

យ៉ាងណាចំពោះករណីនេះកម្ពុជាមិនទាន់បានសហការជាមួយភាគីថៃ និងមីយ៉ាន់ម៉ា ដើម្បីឆ្លើយតបចំពោះភាពយន្តចិននេះឡើយ ប៉ុន្តែក្រសួងកំពុងព្យាយាមហាមឃាត់ក្នុងការផ្សព្វផ្សាយភាពយន្តនេះនៅតាមបណ្ដាញសង្គមក្នុងប្រទេសកម្ពុជា ខណៈកម្ពុជាបានដាក់សំណើរដល់​ស្ថានទូត​ចិន​ឱ្យជួយដោះស្រាយផងដែរ។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុំ ម៉ា​ប់ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង