en     km
en     km

ការស្នើអន្តរាគមន៍​ពីនាយករដ្ឋមន្ត្រី ជាផ្លូវទាល់ច្រក​របស់គណបក្សភ្លើងទៀន​ឬយ៉ាងណា?

Share

បន្ទាប់តតាំងតាមនីតិវិធី ជាមួយស្ថាប័នពាក់ព័ន្ធជាច្រើនមិនទទួលបានជោគជ័យ គណបក្សភ្លើងទៀន ដែលបាត់ឯកសារដើមនៃការចុះបញ្ជីគណបក្ស គ្រោងនឹងស្នើទៅកាន់នាយករដ្ឋមន្ត្រីឱ្យជួយអន្តរាគមន៍។ លោកមាជ សុវណ្ណរ៉ា យល់ថាការស្នើអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីនេះ ជាផ្លូវទាល់ច្រករបស់គណបក្សភ្លើងទៀន ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សនេះអះអាងថា គណបក្សរបស់ខ្លួន នៅមានផ្លូវជាច្រើនទៀត។ លោក គីម ចាន់ចាវ រាយការណ៍

 

គណបក្សភ្លើងទៀន គ្រោងនឹងសរសេរលិខិតស្នើសុំ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីជួយធ្វើអន្តរាគមន៍ទៅក្រសួងមហាផ្ទៃ ដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការចេញប្រកាសស្តីពី ការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ឲ្យជួយផ្ដល់ដំណោះស្រាយពាក់ព័ន្ធឯកសារ “លិខិត បញ្ចាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ របស់គណបក្សភ្លើងទៀន សម្រាប់ គណបក្ស ភ្លើងទៀន យកមកប្រើប្រាស់ក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ស្របតាមកថាខណ្ឌទី២ និងចំណុចទី១ ក្នុងមាត្រា ២៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ។

គម្រោងស្នើសុំអន្តរាគមន៍របស់គណបក្សប្រឆាំងមួយនេះ ធ្វើឡើងក្រោយពីគណបក្សនេះ នៅតែគ្មានពន្លឺទទួលបានឯកសារច្បាប់ដើម ទោះជួបថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ៤លើកហើយក្ដី។ ហើយកន្លងមកគណបក្សនេះធ្លាប់ប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ក៏មិនទទួលបានជោគជ័យ។

លោក មាជ សុវណ្ណរ៉ា ប្រធានបេសកម្មក្រៅប្រទេសនៃវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ ហាក់មិនសង្ឃឹមថា ទទួលបានការអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីឡើយ សម្រាប់គណបក្សភ្លើងទៀន។ ត្បិតលោក កត់សម្គាល់ថា សម្តេចហ៊ុន ម៉ាណែត ណែនាំឱ្យរដ្ឋមន្ត្រីនៅតាមក្រសួង មានកាតព្វកិច្ចនិងករណីយកិច្ចលើការងាររបស់ខ្លួនទៅហើយ។

«រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបដិសេដទៅនឹងអ្វីដេលជាការស្នើសុំរបស់គណបក្សភ្លើងទៀនចង់បាននូវអាជ្ញាប័ណ្ណ នៃការបើកគណបក្សនយោបាយពីដើមទីមករបស់គណបក្សភ្លើងទៀន ឬក៏គណបក្សដែលប្ដូរពីគណបក្សសម រង្ស៊ី មកហ្នឹង ហើយត្រូវបានបដិសេធមិនផ្ដល់លិខិតស្នាមសុំបង្កើតគណបក្សហ្នឹង ខ្ញុំថាដូចមិនមានប្រសិទ្ធិភាព ហើយមិនមានជំនឿថានាយករដ្ឋមន្ត្រីធ្វើអន្តរាគមន៍ទេ។ ហើយបើធ្វើអន្តរាគមន៍ បើចេតនាគេចង់ឱ្យៗតាំងពីមុនការបោះឆ្នោតថ្នាក់ជាតិថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣មកម្លេះ។ រឿងនេះជារឿងនយោបាយហើយគេយកលេសបច្ចេកទេសអីមកដាក់បញ្ចូលអញ្ចឹង។ ចឹងវាដូចជាអត់សង្ឃឹម»។

លោក មាជ សុវណ្ណរ៉ា ប្រធានបេសកម្មក្រៅប្រទេសនៃវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ

ទោះយ៉ាងណា លោក គីមសួរ ភារិទ្ធិ អ្នកនាំពាក្យគណបក្សភ្លើងទៀន អះអាងថា ការស្នើសុំទៅកាន់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅពេលនេះ មិនមែនជាមធ្យោបាយទាល់ច្រកឡើយ។

«វាមានមធ្យោបាយផ្សេងៗទៀត ប៉ុន្តែយើងធ្វើជាបន្តបន្ទាប់ យើងអាចចរចាញ និងធ្វើកិច្ចការផ្សេងៗទៀត យើងអាចទៅក្រុមប្រឹក្សាធម្មនុញ្ ឱ្យដោះស្រាយតាមនីតិវិធីចឹងហ៍ណា៎។ ប៉ុន្តែសំខាន់ខ្ញុំគិតថាសម្តេចនាយករដ្ឋមន្ត្រីលោកអាចៗចូលរួមអន្តរគមន៍ប្រសិនជា លោកចង់ឱ្យមានពហុបក្សនៅក្នុងការប្រកួតប្រជែងនៅថ្ងៃខាងមុខ»។

លោក មាជ សុវណ្ណរ៉ា អះអាងថា គណបក្សកាន់អំណាចព្យាយាមរារាំងមិនឱ្យគណបក្សភ្លើងទៀនអាចចូលរួមសកម្មភាពបោះឆ្នោតសមាជិកព្រឹទ្ធសភាជាអសកល និងការបោះឆ្នោតក្រុមប្រឹក្សាធម្មនុញ្ញ នៅពេលខាងមុខឡើយ។

«ដោយសារគេមើលឃើញការបោះឆ្នោតនៅពេលខាងមុខបោះឆ្នោតព្រឹទ្ធសភាជាអសកល ចឹងខ្ញុំថាគណបក្សភ្លើងទៀនអាចទទួលបានអាសនៈពី៧-៩អាសនៈទូទាំងប្រទេស ចឹងខ្ញុំមានជំនឿថាមិនអាចឱ្យមានវត្តមានបក្សភ្លើងទៀនបោះឆ្នោតខែ..មីនាខាងមុខ និងការបោះឆ្នោតក្នុងប្រឹក្សាឃុំ-សង្កាត់នៅខែឧសភាឆ្នាំ២០២៤។»

ក៏ប៉ុន្តែ លោក គីមសួរ ភារិទ្ធិ គិតផ្ទុយពីនេះ ដោយលោកនៅតែបង្ហាញក្ដីសង្ឃឹមសម្រាប់គណបក្សភ្លើងទៀនរបស់លោក។

«ជាទូទៅយើងធ្វើអីក៏ដោយត្រូវពាំនាំទៅជាមួយនូវសេចក្ដីសង្ឃឹម បើគ្មានក្ដីសង្ឃឹមអត់មានចិត្តត្រជាក់អត់បានធ្វើកិច្ចការហ្នឹងបានទេ។ មែនទែនទៅខ្ញុំថាបក្សភ្លើងទៀនអត់មានធ្វើដើម្បីខ្លួនឯងទេ គឺធ្វើដើម្បីអនាគតប្រជាធិបតេយ្យទៅខាងមុខរបស់ប្រទេសកម្ពុជា។ ហើយទោះបីជាបក្សភ្លើងទៀនតស៊ូបានក្នុងកម្រិតណាក៏ដោយក៏ជាការមួយឆ្លុះបញ្ចាំងពីបរិបទប្រជាធិបតេយ្យនៃប្រទេសកម្ពុជាយើង។..។ ហើយបង្ហាញឱ្យមតិសាធារណៈជាតិ និងអន្តរជាតិឃើញថាយើងបានធ្វើគ្រប់បែបយ៉ាងដើម្បីភាពស្របច្បាប់ហ្នឹង ហើយអាចចូលរួមប្រកួតប្រជែង ក្នុងនាមគណបក្សប្រជែងមួយដ៏ស្រួចស្រាវសម្រាប់សារឡើងវិញនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។

លោក គីមសួរ ភារិទ្ធិ អ្នកនាំពាក្យគណបក្សភ្លើងទៀន

ពាក់ព័ន្ធករណីនេះវិទ្យុស្ត្រីបានព្យាយាមទាក់ទង លោក មាស សុភណ្ណ អ្នកនាំពាក្យនាយករដ្ឋមន្ត្រី ប៉ុន្តែលោកមិនលើកទូរសព្ទឡើយ គិតត្រឹមាល្ងាចថ្ងៃទី២៥ ខែកញ្ញានេះ។ ទោះយ៉ាងណា លោក មាជ សុវណ្ណរ៉ា យល់ថា អ្នកដឹកនាំបន្តវេននៃគណបក្សប្រជាជនកម្ពុជា គួរតែបង្ហាញនូវឆន្ទៈជាគំរូនៃអ្នកដឹកនាំជំនាន់ថ្មី ឱ្យអ្នកចូលរួមនយោបាយមានសេរីភាពពេញលេញ ដោយបើកចំហ ជាជាងមានការកៀបសង្កត់ និងការរើសអើងផ្នែកនយោបាយ។

«គួរតែបើកលំហសេរីភាព សិទ្ធធ្វើនយោបាយ សិទ្ធសកម្ម សិទ្ធិមិនមានការគំរាមកំហែងដល់ប្រជាពលរដ្ឋហ្នឹងហើយ ពលរដ្ឋម្ចាស់ឆ្នោតដែលជាម្ចាស់ប្រទេសហ្នឹងឱ្យគាត់មាន សេរីភាពពេលលេញក្នុងការសកម្មក្នុងរឿងនយោបាយដោយមិនមានការគំរាមកំហែងបំភិតបំភ័យ។ ខ្ញុំគិតថាជាការចាប់ផ្ដើមនៃអ្នកជំនាន់ថ្មីគំនិតថ្មី ដែលឈាមថ្មីគិតថ្មីធ្វើថ្មី អ្វីជាការប្រកួតប្រជែងផ្នែកគោលនយោបាយដោយមិនមានការរើសអើងនិន្នាការគណបក្សនយោបាយ គឺថាយើងទទួលជោគជ័យទាំងអស់គ្នានៃអ្នកនយោបាយ…»។

 គណបក្សភ្លើងទៀត ដែលគេមើលឃើញថាជាគណបក្សប្រឆាំងមួយដែលមានសំឡេងតទល់នឹងគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច ត្រូវបានអខានក្នុងការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៧ កាលពីខែកក្កដាឆ្នាំ២០២៣ ដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោតលើកហេតុផលថា គណបក្សនេះ មិនមានឯកសារច្បាប់ដើម នៃការចុះបញ្ជីគណបក្សនយោបាយ៕

 

Share

ព័ត៌មានទាក់ទង

Image