en     km
en     km

ផ្ទះអគ្គស្នងការរងនគរបាលជាតិថៃ ត្រូវឆែកឆេរ ពាក់ព័ន្ធបណ្តាញល្បែងតាមអនឡាញ

Share

នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែកញ្ញានេះ កងកម្លាំងប៉ូលិសនៅប្រទេសថៃ បានចុះឆែកឆេរផ្ទះរបស់អគ្គស្នងការរងនគរបាលជាតិថៃម្នាក់ ដោយសកម្មភាពនោះ គឺជាផ្នែកនៃការបើកប្រតិបត្តិការឆែកឆេរដ៏សំខាន់ ពាក់ព័ន្ធនឹងបណ្តាញល្បែងខុសច្បាប់តាមប្រព័ន្ធអនឡាញ។

បើតាម ទីភ្នាក់ងារព័ត៌មាន AFP ផ្ទះនៅកណ្តាលរាជធានីបាងកករបស់នាយឧត្តមសេនីយ៍ ស៊ូរ៉ាឆេត ហាក់ផាន (Surachate Hakparn) ដែលជាអគ្គស្នងការរងនគរបាលជាតិនៃប្រទេសថៃ ស្ថិតក្នុងចំណោមទីតាំងសរុបប្រមាណ៣០កន្លែង ក្នុងខេត្ត-ក្រុងចំនួន៦ ដែលត្រូវបានចុះឆែកឆែរដោយ កងកម្លាំងប៉ូលិសប្រឆាំង​បទល្មើសតាមប្រព័ន្ធអនឡាញរបស់ វែបសាយល្បែងស៊ីសងមួយឈ្មោះ Betflix និងវែបសាយ១២ទៀត ដែលពាក់ព័ន្ធ។

លោក ស៊ូរ៉ាឆេត បាន​អះអាងថា លោកមិនមានទំនាក់ទំនង ជាមួយបណ្តាញល្បែងស៊ីសងអនឡាញណាមួយនោះទេ ហើយប្រតិបត្តិការឆែកឆេរបានបញ្ចប់ទៅ ដោយពុំមានរកឃើញភស្តុតាងខុសច្បាប់អ្វីឡើយ។ ក៏ប៉ុន្តែ មន្រ្តីប៉ូលិសចំនួន៧នាក់ ដែលនៅក្នុងក្រុមការងាររបស់លោកស៊ូរ៉ាឆេត ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរចម្លើយ។ លោក ស៊ូរ៉ាឆេត បានបន្តថា ការចុះឆែកឆេរផ្ទះរបស់លោក គឺជាសកម្មភាពមិនប្រក្រតីដោយលោកដាក់ការសង្ស័យថា មានការតាមដានមើលបំណាំគ្នា ក្នុងជួរនគរបាល។

គួរបញ្ជាក់ថា ការបើកប្រតិបត្តិការខាងលើ គឺកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលមានការជ្រើសរើសអគ្គស្នងការនគរបាលជាតិថ្មីរបស់ថៃ ខណៈលោក ស៊ូរ៉ាឆេត អាចជាបេក្ខជនដែលត្រូវឡើងកាន់តំណែងបន្ត ក្នុងចំណោមបេក្ខជនចំនួន៤នាក់ នៃការជ្រើសរើសអគ្គស្នងការនគរបាលជាតិថ្មីរបស់ថៃ ដែលនឹងធ្វើឡើងនៅពេលខាងមុខ មុនពេលអគ្គស្នងការនគរបាលជាតិថៃបច្ចុប្បន្ន នឹងចូលនិវត្តន៍នៅដំណាច់ខែកញ្ញា ឆ្នាំ២០២៣នេះ៕

Share

ព័ត៌មានទាក់ទង

Image