en     km
en     km

ជនសង្ស័យ​៣​នាក់​ ករណី​ជួញដូរ​កម្លាំង​ពលកម្ម​ត្រូវបាន​តុលាការ​ ​ដោះលែង​វិញ

Share

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២៣ បានឱ្យដឹងថា លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ទៅ​លោក ហួរ ម៉េង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ឱ្យ​បំភ្លឺ​បកស្រាយ​ជុំវិញ​ករណី​ចាប់​ឃាត់ខ្លួន​អ្នកលក់​ផ្លែ​ត្របែក ផ្លែ​ពុទ្រា អ្នកសុំទាន ជនពិការ កុមារ​និង​អ្នកពាក់ព័ន្ធ​សរុប​ចំនួន​១៤​នាក់ នៅ​ចំណុច​ភ្លើងស្តុប​ណូគា និង​ស្តុប​ណត​ប្រ៊ី​ដ ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៣​។ បទបញ្ជា​របស់​លោក​ស្នងកា​រ​នគរបាល​រាជធានី​ភ្នំពេញ​បែបនេះ ក្រោយពី​មានការ​ផ្សព្វផ្សាយ​របស់​អង្គភាព​ព័ត៌មាន​មួយចំនួន និង​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​។​

ឃ្លីបវីដេអូបុរសម្នាក់ដែលអះអាងថាត្រូវបានកម្លាំងសន្តិសុខខណ្ឌសែនសុខបានចាប់ខ្លួនប្រពន្ធ និងកូនរបស់គាត់ដោយ គ្រាន់តែរឿងដើរលក់ត្របែកតាមស្តុបនោះ ត្រូវមានចាប់អារម្មណ៍ពីមហាជន និងបង្កការងឿងឆ្ងល់ថា ហេតុអ្វីអាជ្ញាធរចាត់វិធានការតឹងរ៉ឹងរហូតដល់ការចាប់ខ្លួនប្ដឹងផ្ដល់ដល់តុលាការបែបនេះ។ បុរសម្នាក់នោះបានរៀបរាប់ប្រាប់សារព័ត៌មានអនឡាញTep Pon News ថាកម្លាំងសន្តិសុខខណ្ឌសែនសុខ បានចាប់ប្រពន្ធនិងកូនរបស់លោក ក្រោមហេតុផលថា ការលក់នេះរំលោភសិទ្ធិ ដែលប្រើពលកម្មលើកុមារ ហើយករណីនេះត្រូវបញ្ជូនខ្លួនប្រពន្ធរបស់លោកទៅតុលាការ។

ប្រភពរូបភាពពីTep Pon News

 

ទោះយ៉ាងណា ពាក់ព័ន្ធបញ្ហានេះ អ្នកដែលត្រូវបានចាប់ខ្លួនមិនមែនមានតែប្រពន្ធ និងកូនរបស់បុរសខាងលើនេះឡើយ។ ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​បំភ្លឺ​ឱ្យដឹងថា​៖ នៅ​យប់​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៣ អភិបាលរង​ខណ្ឌ​សែន​សុខ បាន​ចុះ​ប្រមូល​ជនអនាថា ជនពិការ​ភាព​ដើរ​សុំ​លុយ និង​អ្នកលក់​ផ្លែឈើ នៅ​តំបន់ស្តុ​បណត​ប្រ៊ី​ដតាមផ្លូវ​លេខ​២០០៤ ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ចំនួន​១៤​នាក់​(​ស្រី​៥​នាក់​)​។ ក្នុងចំណោម​១៤​នាក់​នេះ រួមមាន​៖ ជន​មាន​ពិការភាព​៥​រូប​(​អាយុ​ពី​៣២​ឆ្នាំ​ដល់​៦២​ឆ្នាំ​)​ជា​អ្នក​ច្រៀង​សុំ​លុយ​តាម​ស្តុប រួម​ជាមួយ​កុមារ​៥​នាក់​(​អាយុ​ពី​២​ឆ្នាំ​ដល់​អាយុ​១៣​ឆ្នាំ​)​ជា​អ្នកលក់​ផ្លែ​ពុទ្រា​តាម​ស្តុប និង​មនុស្សពេញវ័យ និង​មាន​កាយសម្បទា​មាំមួន​៤​នាក់​ផ្សេង​ទៀត ជា​អ្នក​ដើរ​លក់​ផ្លែ​ពុទ្រា​តាម​ស្តុប​។​

​ក្នុង​ចំណោម​អ្នក​ទាំង​១៤​នាក់​នេះ​ដែរ ត្រូវ​បាន​រដ្ឋបាល​ខណ្ឌ​សែន​សុខ​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ​ចំនួន​១១​នាក់ ហើយ​៣​នាក់​ទៀត ត្រូវ​បាន​រដ្ឋបាល​ខណ្ឌ​សែន​សុខ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​ករណី​ញុះញង់ និង​ជួញដូរ​កម្លាំង​ពលកម្ម​លើ​កុមារ និង​ជនពិការ​។ ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បញ្ជូន​ខ្លួន​ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូរ​បែកក្អម​ដើម្បី​សាកសួរ ហើយ​បន្ទាប់ពី​សាកសួរ​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​ក៏​ត្រូវបាន​បញ្ជូន​បន្ត​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្ត​តាម​នីតិវិធី​។​

​ ដោយ​ផ្អែក​តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ទាំង​៣​នាក់ និង​តាម​ការបំភ្លឺ​របស់​ជន​ជាប់​ពាក់ព័ន្ធ​១១​នាក់​ផ្សេង​ទៀត សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​បណ្ណោះ​អាសន្ន និង​បាន​បញ្ជូន​សំណុំរឿង​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣ ដើម្បី​អនុវត្ត​តាម​នីតិវិធី​។ ប៉ុន្តែ​ក្រោយពី​បញ្ជូន​ជនសង្ស័យ​ទាំង​៣​នាក់​ទៅ​ដល់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​សាកសួរ​រួច នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២៣ លោក ឆាយ ហុង ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​អនុញ្ញាត​ឱ្យ​ជនសង្ស័យ​៣​នាក់​ត្រឡប់​ទៅ​លំនៅឋាន​វិញ​៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង