en     km
en     km

អាស៊ីកំពុងជួបវិបត្តិស្បៀងអាហារ ខណៈអង្ករនៅបន្តឡើងថ្លៃ

Share

ក្រោយមីយ៉ាន់ម៉ា និងឥណ្ឌាសម្រេចរឹតបន្តឹងចំនួននៃការនាំចេញស្រូវអង្ករទៅកាន់បណ្តាប្រទេសជាច្រើននៅក្នុងតំបន់អាស៊ី ពេលនេះអាស៊ីកំពុងជួបវិបត្តិខ្វះខាតស្បៀងអាហារសម្រាប់ប្រើប្រាស់និងផ្គត់ផ្គង់ទៅដល់តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ លើសពីនេះ តម្លៃអង្ករក៏តែបន្តឡើងថ្លៃពីមួយថ្ងៃទៅមួយថ្ងៃ។ ក៏ប៉ុន្តែ ប្រជាកសិករនៅវៀតណាមនិងថៃឯណ្ណេះ កំពុងតែសប្បាយរីករាយក្នុងការដាំដុះស្រូវ ក៏ព្រោះតែប្រាក់ចំណូលទទួលបានច្រើនជាងសព្វដង។ ហេតុអ្វីបានជាអាស៊ីជួបវិបត្តិស្បៀងអាហារ? ហើយតើអង្ករដែលនាំចេញមានតម្លៃថ្លៃខ្លាំងជ្រុលរហូតដល់ប្រជាជនសាមញ្ញមិនអាចទិញយកទៅបរិភោគបានឬយ៉ាងណា? ចុះមានវិធានការអ្វីខ្លះដើម្បីបង្ការ និងទប់ស្កាត់? ចង់ជ្រាបច្បាស់សូមនាងកញ្ញា លោកលោកស្រី អញ្ជើញស្តាប់ការអត្ថាធិប្បាយរបស់លោក ឡាក់ ច័ន្ទតារា ដូចតទៅ៖

នៅទូទាំងបណ្តាប្រទេសនៃតំបន់អាស៊ីទាំងអស់ កំពុងព្យាយាមរៀបចំផែនការ និងយន្តការការពារការខ្វះខាតស្បៀងអាហារសម្រាប់ផ្គត់ផ្គង់តម្រូវការដល់ប្រជាពលរដ្ឋ ក៏ដូចជាព្យាយាមគ្រប់គ្រងតម្លៃគ្រាប់ធញ្ញជាតិនៅក្នុងប្រទេសផងដែរ។ នាពេលនេះ អាស៊ីកំពុងជួបបញ្ហាទាក់ទងនឹងការប្រមូលផលស្រូវមិនបានច្រើន និងមិនសូវមានគុណភាពដូចការរំពឹងទុក ក៏ព្រោះតែភាគច្រើនត្រូវបានបំផ្លាញដោយគ្រោះធម្មជាតិដូចជាគ្រោះរាំងស្ងួត និងជំនន់ទឹកភ្លៀងដែលជាបាតុភូតអាកាសធាតុ El Nino។

នៅឆ្នាំ២០២៣នេះ គ្រោះរាំងស្ងួតដែលទាក់ទងនឹង El Nino ត្រូវអ្នកវិភាគរំពឹងថា នឹងអាចឈានដល់កម្រិតខ្ពស់បានគ្រប់ពេលវេលា ពោលគឺដោយសារកត្តាគ្រោះធម្មជាតិដែលកំពុងបង្កជាភាពវឹកវរនៅក្នុងប្រទេសមួយចំនួនដូចជា ជំនន់ទឹកភ្លៀងនៅប្រទេសចិននិងលីប៊ី និងគ្រោះរញ្ជួយដីនៅប្រទេសម៉ារ៉ុកនិងទីក្រុងឈាងម៉ៃនៃប្រទេសថៃជាដើម។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន CNA។

ជាមួយគ្នានេះ ប្រទេសក្នុងតំបន់អាស៊ីមួយចំនួនបានទទួលនាំចូលនូវគ្រឿងឧបភោគបរិភោគជាច្រើនដើម្បីស្តុកទុក និងចាត់វិធានការការពារវិបត្តិស្បៀងអាហារនៅក្នុងប្រទេសរៀងៗខ្លួនដោយខ្លាចតម្លៃនឹងកើនឡើងខ្ពស់ជាងការរំពឹងទុក។ ការណ៍នេះធ្វើឱ្យប្រទេសដែលមានស្បៀងអាហារគ្រប់គ្រាន់បង្កកអាហារទុកក្នុងឃ្លាំងទុកសម្រាប់ប្រើប្រាស់នៅពេលចាំបាច់ ខណៈប្រទេសមួយចំនួនកំពុងខ្វះខាតស្បៀងអាហារចិញ្ចឹមក្រពះ ដែលអាចឈានដល់ការកើតមានគ្រោះទុរ្ភិក្សនាពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា តម្លៃអង្ករពិភពលោកបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ១២ឆ្នាំលើសពី ៦00ដុល្លារអាមេរិកក្នុងមួយតោន។ តម្លៃនេះប្រែប្រួលចាប់តាំងពីប្រទេសឥណ្ឌាដែលជាប្រទេសនាំចេញអង្ករធំបំផុតរបស់ពិភពលោក ចាប់ផ្តើមគោលនយោបាយកាត់បន្ថយការលក់ទៅក្រៅប្រទេស។

អ្នកលក់អាហារតាមចិញ្ចើមផ្លូវសញ្ជាតិថៃ អ្នកស្រី Ladda Prachada វ័យ៦៣ឆ្នាំម្នាក់ឱ្យដឹងថា អ្នកស្រីសម្រេចបិទហាងអាហារតាមដងផ្លូវរបស់ខ្លួនដែលមានទីតាំងនៅផ្លូវ Thonglor ក្នុងរាជធានីថៃ ដោយសារតែតម្លៃគ្រឿងទេសកើនឡើង ពិសេសតម្លៃអង្ករនេះឯង។ អ្នកស្រីបញ្ជាក់ថា អង្ករផ្កាម្លិះ ៤៨គីឡូក្រាមធ្លាប់ចំណាយអស់ត្រឹមតែ ៣១ដុល្លារអាមេរិកប៉ុណ្ណោះ តែតម្លៃហក់ឡើងដល់ទៅជាង ៤០ ដុល្លារអាមេរិកក្រោយប្រទេសឥណ្ឌាប្រកាសឈប់នាំចេញអង្ករ។ អ្នកស្រីបន្តទៀតថា ដោយសារតម្លៃនេះថ្លៃណាស់ ដូចនេះអ្នកស្រីលក់ក៏មិនចំណេញដែរ។

អ្វីដែលត្រូវចោទគឺថា តើមានវិធានការអ្វីខ្លះដើម្បីបង្ការនិងទប់ស្កាត់ការខ្វះស្បៀងអាហារសម្រាប់ប្រើប្រាស់នៅក្នុងប្រទេស?

ដោយសារតម្រូវការនៃស្បៀងអាហារកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ដូចនេះដំបូងឡើយ រដ្ឋាភិបាលត្រូវបង្កើនខ្សែចង្វាក់ផលិតកម្មឱ្យកាន់តែច្រើន។ ជាពិសេសក្នុងយុគសម័យឌីជីថលនេះ រដ្ឋាភិបាលក្នុងតំបន់អាស៊ីត្រូវគិតគូរពីការដាំដុះដំណាំតាមប្រព័ន្ធបច្ចេកវិទ្យាជំនួសឱ្យការប្រើប្រាស់ជី និងទឹក​ ដ្បិតគ្រោះធម្មជាតិមិនអាចជះឥទ្ធិពលដល់បច្ចេកទេសកសិកម្មនេះបានទេ។

លើសពីនេះ ប្រជាកសិករត្រូវបើកចិត្តវិនិយោគបន្ថែមលើគ្រាប់ពូជដែលប្រសើរជាងមុន រួមទាំងគ្រាប់ពូជដែលបង្កាត់ជាមួយគ្រាប់ពូជដទៃ។ ជាឧទាហរណ៍ ប្រទេសចិនធ្លាប់ប្រឆាំងនឹងការយកគ្រាប់ពូជបង្កាត់មកប្រើប្រាស់ក្នុងវិស័យកសិកម្មអស់រយៈពេលជាច្រើន ក៏ប៉ុន្តែបច្ចុប្បន្នប្រទេសចិនចាប់ផ្តើមទទួលយក និងសាកល្បងប្រើគ្រាប់ពោតបង្កាត់ដើម្បីដាំដុះនៅក្នុងស្រុក។ បន្ថែមពីនេះ រដ្ឋាភិបាលគួរតែកែលម្អហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ដើម្បីជៀសវាងការខាតបង់ក្រោយពេលប្រមូលផល។

ជាការកត់សម្គាល់ ទីផ្សារអង្កររូបវន្តគឺមានភាពតឹងតែងជាងការរំពឹងទុក ក៏ប៉ុន្តែប្រសិនបើរដ្ឋាភិបាលក្នុងតំបន់ធ្វើការរួមគ្នាដើម្បីបញ្ចៀសវិបត្តិនេះ នោះនឹងមិនមានបញ្ហានេះកើតឡើងនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំអាស៊ីអាចងាកមកសិក្សាពីវិបត្តិស្បៀងអាហារឆ្នាំ២០០៧-២០០៨បាន ក្នុងគោលបំណងបង្កើនជំនួយដល់កសិករ​ រក្សាស្ថេរភាព និងបង្ការការខ្វះខាតស្បៀងអាហារនៅក្នុងប្រទេសជាយថាហេតុ៕

ប្រភព៖ CNA ចុះថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image