en     km
en     km

គ្រាន់តែលក់ផ្លែត្របែកសោះហេតុអ្វីត្រូវសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួន បញ្ជូនទៅតុលាការ?

Share

មហាជន ជាពិសេសអ្នកលេងបណ្ដាញសង្គមហ្វេសហ៊ុក បានបង្ហាញនូវការងឿងឆ្ងល់ និងរិះគន់ ករណីដែល អាជ្ញាធរចាប់ខ្លួនអ្នកលក់ត្របែកនៅនៅតំបន់ស្តុបណតប្រ៊ីត ផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ក៏ប៉ុន្តែករណីនេះ ត្រូវបានអធិការដ្ឋាននគរបាលខណ្ឌសែនសុខ អះអាងថា ករណីនេះអាចជាការញុះញង់ និងជួញដូរពលកម្មលើកុមារ និងជនពិការ។ លោក គីម ចាន់ចាវ រាយការណ៍

 

ឃ្លីបវីដេអូបុរសម្នាក់ដែលអះអាងថាត្រូវបានកម្លាំងសន្តិសុខខណ្ឌសែនសុខបានចាប់ខ្លួនប្រពន្ធ និងកូនរបស់គាត់ដោយ គ្រាន់តែរឿងដើរលក់ត្របែកតាមស្តុបនោះ ត្រូវមានចាប់អារម្មណ៍ពីមហាជន និងបង្កការងឿងឆ្ងល់ថា ហេតុអ្វីអាជ្ញាធរចាត់វិធានការតឹងរ៉ឹងរហូតដល់ការចាប់ខ្លួនប្ដឹងផ្ដល់ដល់តុលាការបែបនេះ។ បុរសម្នាក់នោះបានរៀបរាប់ប្រាប់សារព័ត៌មានអនឡាញTep Pon News ថាកម្លាំងសន្តិសុខខណ្ឌសែនសុខ បានចាប់ប្រពន្ធនិងកូនរបស់លោក ក្រោមហេតុផលថា ការលក់នេះរំលោភសិទ្ធិ ដែលប្រើពលកម្មលើកុមារ ហើយករណីនេះត្រូវបញ្ជូនខ្លួនប្រពន្ធរបស់លោកទៅតុលាការ។

«ខ្ញុំសួរគាត់ដែរ គាត់ថាគេអ្នកប្ដឹងគេចោទថា ពលកម្មលើកុមារថាខ្ញុំហ្នឹងប្រើកូនខ្ញុំឱ្យលក់ មានណាវាមានលក់ណា វាកាន់១ស្បោងគ្រវីលេងហ្នឹង។ បើខ្ញុំបង្ខំឱ្យវាលក់១ព្រឹកទល់ល្ងាចវាលក់ដាច់ ធ្វើបាបវា អាហ្នឹងខ្ញុំអត់ថាទេ កូនខ្ញុំវាដោះស្រាយហ្នឹង។ អានេះវាគ្រាន់តែកាន់១ថង់មកចាប់ដៃវា»។

ប្រភពរូបភាពពីTep Pon News

ទោះយ៉ាងណា ពាក់ព័ន្ធបញ្ហានេះ អ្នកដែលត្រូវបានចាប់ខ្លួនមិនមែនមានតែប្រពន្ធ និងកូនរបស់បុរសខាងលើនេះឡើយ។ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងាររដ្ឋបាលខណ្ឌដឹកនាំដោយ លោក ញាណ ចន្ថាវេរ៉ា អភិបាលរងខណ្ឌ ចុះប្រមូលជនអនាថា ជនមានពិការភាពដើរសុំលុយនិង អ្នកលក់ផ្លែពុទ្រា នៅតំបន់ស្តុបណតប្រ៊ីត ផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំនួន១៤រូប ស្រីចំនួន០៥រូប។ បេសកកម្មនេះមានការអនុញ្ញាតពី លោកអភិបាលខណ្ឌសែនសុខ។ អ្នកដែលត្រូវចាប់ខ្លួន នោះមាន៖

-ជនមានពិការភាព ចំនួន០៥រូបស្រី០១រូប (អាយុពី៣២ឆ្នាំដល់អាយុ៦២ឆ្នាំ) ច្រៀងសុំលុយតាមស្តុប

-កុមារ ចំនួន០៥រូប កុមារីចំនួន០២រូប (អាយុ០២ឆ្នាំ ដល់អាយុ១៣ឆ្នាំ) លក់ផ្លែពុទ្រាតាមស្តុប

-មនុស្សពេញវ័យ និងមានកាយសម្បទាមាំមួន ចំនួន០៤រូប ស្រី០២រូប ដើរលក់ផ្លែពុទ្រាតាមស្តុប។

ចំពោះអ្នកទាំង១៤រូបនោះ រដ្ឋបាលខណ្ឌសែនសុខ បានបញ្ជូន ទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ចំនួន១១រូប (ស្រី ០៤រូប )

 

អធិការដ្ឋាននគរបាលខណ្ឌសែនសុខដដែលបន្តថា ដោយឡែកដោយមានការឯកភាពពីលោក សេង ពុទ្ឋីព្រៈរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចំពោៈបុគ្គលចំនួន០៣រូប ស្រី០១រូប ត្រូវបានសង្ស័យញុះញង់ និងជួញដូរពលកម្មលើកុមារ និងជនពិការ បានបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធីរួមមាន៖

ឈ្មោះ យិន សុផន ភេទប្រុស អាយុ៦២ឆ្នាំ, ឈ្មោះ សំ សុជុន ភេទប្រុស អាយុ៣៧ឆ្នាំ, និងឈ្មោះ ចេង ឆេងហឿន ភេទស្រី អាយុ៣៧ឆ្នាំ។ បច្ចុប្បន្នជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

រូបភាពពី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ

ទោះយ៉ាងណា ពាក់ព័ន្ធនឹងភរិយាបុរសខាងលើ ដែលត្រូវបានបញ្ជូនខ្លួនទៅតុលាការ លោកបានអះអាងប្រាប់អ្នកសារព័ត៌មាននៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ថា ភរិយារបស់លោកត្រូវបានដោះលែងឱ្យរួចខ្លួនវិញក្រោយការសួរនាំនៅតុលាការ៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង