en     km
en     km

អ្នកជំនាញជំរុញឱ្យពលរដ្ឋគប្បីចូលរួមថែរក្សានិងការពារ ខណៈរដ្ឋាភិបាលខិតខំអភិរក្សវប្បធម៌ដូនតាខ្មែរ

Share

គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ សម្រេចដាក់រមណីយដ្ឋានប្រាសាទកោះកេររបស់កម្ពុជា ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកជាស្ថាពរ ក្នុងសម័យប្រជុំលើកទី៤៥នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីតនាថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ ការដាក់បញ្ចូលនេះ ធ្វើឡើងក្រោយអង្គការយូណេស្កូទទួលស្គាល់ពីសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រ ស្ថាបត្យកម្មពិសេសរបស់រមណីយដ្ឋានបុរាណវិទ្យាកោះកេរ រតនសម្បត្តិ និងកេរដំណែលដ៏យូរអង្វែងនៃអរិយធម៌របស់ប្រទេសកម្ពុជា។ ខណៈ​រាជរដ្ឋាភិបាលកម្ពុជាខិតខំអភិរក្សវប្បធម៌ដូនតាខ្មែរ អ្នកជំនាញ ជំរុញឱ្យពលរដ្ឋគប្បីចូលរួមថែរក្សានិងការពារ។

(លោក ឡាក់ ច័ន្ទតារា រាយការណ៍)៖

ភាពជោគជ័យនេះក៏ជាផ្នែកមួយនៃការខិតខំប្រឹងប្រែងស្រវាស្រទេញរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលខ្នះខ្នែងរៀបចំឯកសារ និងដាក់សំណើរស្នើសុំចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកមួយផ្សេងទៀតរបស់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៨ មកម្ល៉េះ។ នេះបើតាមការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាល។

នៅក្នុងនោះដែរ លោក ស៊ុំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាមានយុទ្ធសាស្រ្ត និងផែនការចម្បង ៣ ចំណុចសំខាន់ៗ ដែលទាក់ទងទៅនឹងឯកសារលិចធ្លោជាសកលនៃតម្លៃបេតិកភណ្ឌ ឯកសាររបៀបគ្រប់គ្រង និងឯកសារគ្រប់គ្រងលំហូរទេសចរណ៍។ អ្នកនាំពាក្យរូបនេះបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាក៏មានគោលនយោបាយលើកស្ទួយដល់ជីវភាពប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះតាមរយៈផែនការអភិវឌ្ឍសហគមន៍។

លោក ស៊ុំ ម៉ាប់ ៖«គោលនយោបាយធ្វើការហើយអភិរក្សនេះ លៃយ៉ាងណាផ្តល់ផលប្រយោជន៍ទៅដល់ប្រជាជន។ អ៊‌ីចឹង សហគមន៍រស់នៅនៅក្នុងហ្នឹង ក៏យើងមានផែនការផ្នែកទេសចរណ៍ និងដើម្បីលើកស្ទួយជីវភាពរបស់ពួកគាត់ ធ្វើ[យ៉ាង]ម៉េចឱ្យពួកគាត់ទទួលបានផលចំណេញផ្ទាល់ពីកិច្ចការអភិរក្ស​ និងទេសចរណ៍ដែលទៅទស្សនានៅប្រាសាទ។»។

ចំណែក លោក សំបូរ ម៉ាណ្ណារ៉ា សាស្រ្តចារ្យប្រវត្តិសាស្រ្តខ្មែរ ប្រាប់វិទ្យុស្រ្តីថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបង្កើតសមិទ្ធផលបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសក្នុងការថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ក៏ដូចជាការអភិរក្សកេរដំណែលដែលសល់ពីបុព្វបុរសខ្មែរឱ្យបានគង់វង្ស។ លោកសាស្រ្តចារ្យបន្តទៀតថា ពលរដ្ឋខ្មែរគ្រប់រូបបានជ្រាបហើយថារាជរដ្ឋាភិបាលកម្ពុជាខិតខំទាំងកម្លាំងកាយទាំងកម្លាំងចិត្ត ដើម្បីរៀបចំដាក់រមណីយដ្ឋានប្រាសាទកោះកេរបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករហូតទាល់តែទទួលបានជ័យជំនះ ដែលនេះជាមោទនភាពមួយមិនអាចកាត់ថ្លៃបានឡើយ។

លើសពីនេះ លោកសាស្រ្តចារ្យបានផ្តល់យុទ្ធសាស្រ្តឱ្យរដ្ឋាភិបាលបន្តពង្រឹងការសិក្សាស្រាវជ្រាវ ចងក្រងនូវឯកសារសំខាន់ៗសម្រាប់ទុកឱ្យក្មេងជំនាន់ក្រោយបានដឹងនិងរៀនសូត្របន្ថែម ពិសេសជំរុញការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ។

លោក សំបូរ ម៉ាណ្ណារ៉ា «សូមមេត្តាបន្តពង្រឹងការស្រាវជ្រាវ បង្កើតភាពជាក់លាក់នៅក្នុងគោលគំនិត បង្កើតឯកសារប្រាកដប្រជាតាមរយៈអ្នកប្រាជ្ញបណ្ឌិតរបស់យើង និងការផ្សព្វផ្សាយអំពីប្រាសាទកោះកេរឱ្យទូលំទូលាយ ដើម្បីឱ្យជាតិសាសន៍របស់យើងបានដឹងថា រាជរដ្ឋាភិបាលបានប្រឹងប្រែងគ្រប់លទ្ធភាពទាំងអស់ដើម្បីបំពេញកិច្ចក្នុងការដាក់បញ្ចូលប្រាសាទនេះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។»។

ដោយឡែក លោក រ័ត្ន សណ្តាប់ អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ យល់ថា ការដាក់រមណីយដ្ឋានប្រាសាទកោះកេរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក​ គឺជាយុទ្ធសាស្រ្តដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដ្បិតសម្បត្តិបេតិកភណ្ឌទាំងអស់នេះត្រូវការការរួបរួមគ្នាថែរក្សាជាលក្ខណៈអន្តរជាតិ។ ជាងនេះទៀត លោក រ័ត្ន សណ្តាប់ ថារាជរដ្ឋាភិបាលកម្ពុជាបានគិតគូរយ៉ាងម៉ត់ចត់ពីថវិកា បច្ចេកវិទ្យាជំនាញៗ និងផ្នែកផ្សេងៗដែលត្រូវការរៀបចំដើម្បីគាំពារ និងអភិរក្សទ្រព្យសម្បត្តិរបស់ដូនតាខ្មែរឱ្យនៅស្ថិតស្ថេរ។

ម្យ៉ាងទៀត លោកលើកឡើងដែរថា បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅម្តុំនោះនឹងទទួលបានផលប្រយោជន៍ជាច្រើន ក្រោយរមណីយដ្ឋាននេះបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ។ តាមទស្សនៈរបស់លោកយល់ថា ពលរដ្ឋទាំងនេះអាចប្រកបរបរអាជីវកម្មលក់ដូរលក្ខណៈជាវត្ថុអនុស្សាវរីយ៍ សិប្បកម្មស្នាដៃរបស់កូនខ្មែរ ឬបើកជាអាហារដ្ឋានលក់ម្ហូបដែលជារបស់ខ្មែរផងដែរ។

លោក រ័ត្ន សណ្តាប់៖ «បងប្អូនប្រជាពលរដ្ឋ​ទាំងអស់ដែលរស់នៅក្នុងតំបន់ទាំងអស់ហ្នឹង បើលោករស់នៅហ្នឹង[តាំង]ពីដូនតាគឺថារាជរដ្ឋាភិបាលមានវិធានការក្នុងការគ្រប់គ្រងរក្សាអភិរក្សតំបន់ដែលគាត់រស់នៅទៅតាមបទដ្ឋានតំបន់មួយតំបន់ពីរតំបន់បីអ៊‌ីចឹងទៅ។ អ៊‌ីចឹង អ្វីដែលជាផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ហ្នឹង គឺគាត់ទទួលសមិទ្ធផលធំធេងណាស់អំពីការដាក់ហ្នឹង។ សមិទ្ធផលត្រង់ណា? សមិទ្ធផលត្រង់ទី១ [គឺ]គេអភិរក្សតំបន់ហ្នឹង[ដោយ]រក្សាដដែលទាំងប្រពៃណីទំនៀមទម្លាប់អីសព្វបែបយ៉ាង។ ទី២ បងប្អូនដែលរស់នៅតំបន់ហ្នឹង​​ គាត់ទទួលបានប្រយោជន៍អំពីភ្ញៀវទេសចរនោះ[ដែល]សំខាន់ណាស់ ព្រោះកាលណាយើងដាក់បញ្ចូលទៅ ភ្ញៀវទេសចរបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោក គេចង់ដឹង គេចង់មកទស្សនា។ ដូច្នេះ បងប្អូនទាំងអស់ហ្នឹងអាចលក់ដូរជាសិប្បកម្ម ​ឬក៏ជាភោជនីយដ្ឋានដើម្បីបម្រើដល់ភ្ញៀវទេសចរ។»។

ទន្ទឹមនឹងការទាញប្រយោជន៍ពីកេរដំណែលនេះ លោក សំបូរ ម៉ាណ្ណារ៉ា ក៏ផ្សាភ្ជាប់ជាមួយនឹងកិច្ចគាំពារមួយផ្នែកផ្សេងទៀតរបស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរដោយលើកឡើងថា ប្រជាពលរដ្ឋដែលកំពុងរស់នៅនិងស្នាក់អាស្រ័យនៅក្នុងតំបន់រមណីយរដ្ឋាននេះ គប្បីនាំគ្នាជួយថែទាំ ការពារ និងអភិរក្សនូវសម្បត្តិវប្បធម៌របស់ដូនតាខ្មែរដែលបានបន្សល់ទុកតាំងពីសម័យបុរាណមកម្ល៉េះ។ ការណ៍នេះ គឺដើម្បីកុំឱ្យជនខូចខិលមានឱកាសមកលួចចម្លង និងលួចយកទៅសារាចរលក់ដូរ។

លោក សំបូរ ម៉ាណ្ណារ៉ា ៖ «អ្នកនៅក្បែរនោះ ត្រូវដឹងពីកាតព្វកិច្ចរបស់ខ្លួនក្នុងការមិនបំភ្លេចបំផ្លាញ ក្នុងការជួយឃ្លាំងមើល ក្នុងការការពារដោយកិច្ចការជាក់ស្តែងរបស់ខ្លួននៅក្នុងមូលដ្ឋាន ពោលគឺត្រូវតែជួយដល់រាជរដ្ឋាភិបាលយើង ជួយទៅដល់អាជ្ញាធរ​នៃការការពារសម្បត្តិវប្បធម៌​របស់យើងតាមរយៈនៃការឃ្លាំងមើលយុវជនខិលខូចជាច្រើ​ន។ សូមជម្រាបថា ​​​​​តែកាលណាមាន​កន្លែងសម្រាប់បង្កការអភិវឌ្ឍ វាតែងតែមានការឈ្លបឆ្លៀតរបស់ជនខូចខិលទាំងនោះមិនខានឡើយ។ អ៊‌ីចឹង​ប្រជាជននៅទីនោះ ទី១គឺត្រៀមខ្លួនដើម្បីទទួលផលនៅចំណុចមួយល្អ។ ទី២ គឺត្រូវត្រៀមលក្ខណៈដើម្បីជួយការពារប្រាសាទនោះ ដែលជាចំណុចមួយដ៏ប្រសើរ។»។

យ៉ាងណាមិញ ក្រោយដំណឹងនេះផ្សព្វផ្សាយ និងចែកចាយបន្តពាសពេញបណ្តាញសង្គមរួចមក ប្រជាពលរដ្ឋខ្មែរគ្រប់ជាន់ថ្នាក់ទាំងអស់នាំគ្នាសម្តែងនូវក្តីរីករាយឥតគណនា និងមានមោទនភាពចំពោះមាតុប្រទេសរបស់ខ្លួនជាខ្លាំង ក្រោយពិភពលោកទទួលនូវសម្បត្តិដ៏យូរអង្វែងរបស់ប្រជាជាតិកម្ពុជា។​ បើតាមទំព័រហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នេះជាមោទភាពថ្មីមួយទៀតហើយសម្រាប់ប្រទេស និងប្រជាជនកម្ពុជាគ្រប់រូប ដែលសម្បត្តិបេតិកភណ្ឌជាតិត្រូវបានទទួលស្គាល់ និងបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់រមណីយដ្ឋានប្រាសាទអង្គរចុះបញ្ជីនាឆ្នាំ១៩៩២ ប្រាសាទព្រះវិហារចុះបញ្ជីនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧។

នៅក្នុងនោះ លោកសាស្រ្តចារ្យ សំបូរ ម៉ាណ្ណារ៉ា ក៏បានអំពាវនាវដល់យុវជនដែលជាទំពាំងស្នងឫស្សីនិងជាសសរទ្រូងនៃប្រទេសជាតិឱ្យខិតខំក្រេបជញ្ជក់ចំណេះដឹង និងយល់ដឹងឱ្យច្បាស់ពីប្រវត្តិសាស្រ្តរបស់ខ្លួនដើម្បីនាំគ្នាថែរក្សា អភិរក្ស និងរួមចំណែកផ្សព្វផ្សាយពីវប្បធម៌ដូចតាខ្មែរឱ្យរីកសាយពាសពេញសកលលោក។

លោក សំបូរ ម៉ាណ្ណារ៉ា ៖ «សម្រាប់យុវវ័យ ខ្ញុំសុំអំពាវនាវឱ្យកូនៗយកចិត្តទុកដាក់ផ្សព្វផ្សាយអំពីទម្រង់នៃប្រាសាទ ផ្សព្វផ្សាយអំពីរូបភាពនៃប្រាសាទ យកចិត្តទុកដាក់អំពីការសិក្សា និងស្វែងយល់អំពីការងារស្រាវជ្រាវ និងដើម្បីបង្ហាញប្រាប់អំពីមោទនភាពរបស់យើងដែលជាអ្នកបន្តវេនក្នុងការថែរក្សា។ ចំណុចទូទៅ ក៏សូមអំពាវនាវដល់បងប្អូនទាំងអស់ដែលជាប្រជាពលរដ្ឋទាំងអស់ហ្នឹង សូមមេត្តាយកចិត្តទុកដាក់គិតអំពីកំណើនទេសចរណ៍របស់ខ្លួន ដើម្បីទៅជួយទ្រទ្រង់នៃតំបន់កោះកេរ។»៕

 

 

Share

ព័ត៌មានទាក់ទង

Image