en     km
en     km

បុត្រសេ្តចថៃជំរុញឱ្យមានការពិភាក្សាបើកចំហអំពីច្បាប់ប្រមាថព្រះមហាក្សត្រ

Share

ព្រះរាជបុត្រ Vacharaesorn Vivacharawongse បានអំពាវនាវឱ្យមានការពិភាក្សាជាសាធារណៈអំពីច្បាប់តឹងរឹងរបស់ប្រទេសថៃស្តីពីការប្រមាថព្រះរាជវង្សានុវង្ស។ តួយ៉ាង ព្រះរាជបុត្របានលើកឡើងពីករណីនេះនៅក្នុងការតាំងពិព័រណ៍ក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ក្នុងគោលបំណងផ្សព្វផ្សាយពីសិទ្ធិមនុស្ស និងសេរីភាពក្នុងការបញ្ចេញមតិជំនួសឱ្យប្រជាជនថៃ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចុះផ្សាយនៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

ព្រះរាជបុត្រមានព្រះរាជបន្ទូលថា ការតាំងពិព័រណ៍ដែលធ្វើនៅក្នុងទីក្រុងញូវយ៉កនេះមានឈ្មោះថា Faces of Victims of 112 ឬមុខជនរងគ្រោះក្រោមការដាក់ទោសទណ្ឌនៃមាត្រា១១២។ ការណ៍នេះប្រព្រឹត្តិឡើងក្រោមការរៀបចំរបស់សកម្មជនថៃប្រឆាំងនឹងលទ្ធិរាជានិយម លោក Pavin Chachavalpongpun។

ទ្រង់ Vacharaesorn ឱ្យដឹងទៀតថា ​នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មនុស្សរាប់រយនាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារជាបន្តបន្ទាប់ក្រោយរិះគន់ព្រះមហាក្សត្រថៃ។ ព្រះរាជបុត្របញ្ជាក់ថា ទ្រង់ស្រឡាញ់និងប្រកាន់ខ្ជាប់នូវសេចក្តីស្មោះត្រង់ចំពោះរបបរាជានិយម ក៏ប៉ុន្តែទ្រង់ជឿថាការដឹងនិងស្តាប់ហេតុផល និងទស្សនៈពីភាគីនានាជាអ្វីដែលអ្នកគ្រប់គ្រងគួរធ្វើ។ ទ្រង់អះអាងថា យោបល់ខ្លះកើតចេញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ ហើយពិសេសបុគ្គលម្នាក់ៗមានគំនិត និងការយល់ឃើញពីជ្រុងរៀងៗខ្លួន។

គួរបញ្ជាក់ថា ប្រទេសថៃបានចែងច្បាប់ដ៏រឹងតឹងបំផុតមួយអំពីការប្រមាថព្រះមហាក្សត្រ ដែលហាមប្រាមមិនឱ្យមានការរិះគន់ឬប្រមាថមាក់ងាយព្រះមហាក្សត្រ ម្ចាស់ក្សត្រី រាជវង្សានុវង្ស ឬអ្នកស្នងរាជ្យឡើយ។ បើមិនដូច្នោះទេ បុគ្គលដែលហ៊ានល្មើសនឹងត្រូវប្រឈមជាប់ពន្ធនាគាររហូតដល់១៥ ឆ្នាំសម្រាប់បទល្មើសនីមួយៗ៕

ប្រភព៖ CNA ចុះថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image