en     km
en     km

លោក Pita សម្រេចលាលែងពីតំណែងបក្ស ក្រោយមិនអាចក្លាយជានាយកមន្រ្តី

Share

នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញានេះ លោក Pita Limjaroenrat បានសម្រេចលាលែងពីតំណែងជាមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (Move Forward Party) ក្រោយបរាជ័យក្នុងការការពារតំណែងជានាយករដ្ឋមន្រ្តីរបស់ខ្លួននៅក្នុងការបោះឆ្នោតសភា។ នេះបើយោងតាមសារព័ត៌មាន Channel News Asia បានចុះផ្សាយនាថ្ងៃសុក្រនេះ។

មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខរូបនេះ បានសរសេរសារបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា លោកសុំលាលែងពីតំណែងជាប្រធានគណបក្សចលនាឆ្ពោះទៅមុខចាប់ពីថ្ងៃនេះតទៅ។ លោកបន្ថែមទៀតថា លោកធ្វើនេះក្នុងចេតនាផ្តល់ឱកាសដល់សមាជិកគណបក្សប្រឆាំងដទៃនៅក្នុងប្រទេសថៃ ក្នុងការមានសិទ្ធិគ្រប់គ្រាន់ក្លាយជាសមាជិកសភា។ ដោយហេតុថា តាម​ច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសថៃបច្ចុប្បន្នចែងថា​ មេ​ដឹកនាំរបស់គណបក្ស​ប្រឆាំងទាំងអស់​ត្រូវ​តែមានឈ្មោះជាសមាជិករបស់​​សភា។

ម្យ៉ាងទៀត លោក Pita យល់ថា សមាជិកសភាបានព្យួរឈ្មោះរបស់ខ្លួនរួចជាស្រេចហើយ ដូច្នេះទោះបីជាយ៉ាងណាក៏ដោយ លោកនៅតែមិនអាចទទួលបានតំណែងជាសមាជិកសភាជាថ្មីម្តងទៀតនោះឡើយ ឬធ្វើជាមេដឹកនាំបក្សប្រឆាំងនាពេលដ៏ខ្លីខាងមុខនោះទេ។ តែលោកអះអាងថា មិនថាលោកមានតួនាទីជាអ្វីក៏ដោយ លោកនៅតែបន្តចូលរួមយ៉ាងសកម្មភាពជាមួយនឹងគណបក្សចលនាឆ្ពោះទៅមុខ។ ជាពិសេស លោកប្តេជ្ញាថា នឹងខិតខំឱ្យអស់ពីសមត្ថភាពក្នុងការជួយប្រជាពលរដ្ឋ ដែលត្រូវការជំនួយជាចាំបាច់។

សូមជម្រាបថា កាលពីថ្ងៃពុធទី១៩ ខែកក្កដា ឆ្នាំ២០២៣ តុលាការធម្មនុញ្ញប្រទេសថៃសម្រេចព្យួរអភ័យឯកសិទ្ធិជាសមាជិករដ្ឋសភារបស់លោក Pita Limjaroenrat ជាបណ្តោះអាសន្ន។ ការសម្រេចរបស់តុលាការធម្មនុញ្ញថៃបានធ្វើឡើង បន្ទាប់ពីទទួលយកសំណុំរឿងចោទប្រកាន់លោក Pita ទាក់ទងនឹងការកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដោយបំពានច្បាប់បោះឆ្នោត៕

ប្រភព៖ CNA ចុះថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image