ឪពុកម្តាយនិងអាណាព្យាបាលរបស់សិស្សសាលាភាគច្រើន យល់ស្របឱ្យរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដាក់បម្រាមហាមឃាត់ការនាំចូល ចែកចាយ និងលក់ដូរបារីអេឡិចត្រូនិចនៅក្នុងប្រទេស។ នេះបើយោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវសម្រាប់ការអភិវឌ្ឍសង្គម និងអាជីវកម្ម (SAB)។
នាយករងរបស់មជ្ឈមណ្ឌលស្រាវជ្រាវសម្រាប់ការអភិវឌ្ឍសង្គម និងអាជីវកម្ម លោក Suriyan Boontae បានបង្ហាញការស្ទង់មតិថា ក្នុងចំណោមមនុស្ស ៥,៥៨២នាក់នៅទូទាំងប្រទេសដោយមនុស្សជាង ៩០% បានគាំទ្រឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ករណីនេះជាបន្ទាន់។ ខណៈបារីអេឡិចត្រូនិច (E-cigarattes) នេះ អាចបង្កហានិភ័យដល់សុខភាពអ្នកប្រើប្រាស់ផងដែរ។
ទន្ទឹមគ្នានេះដែរ នាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងគ្រប់គ្រងចំណេះដឹងថ្នាំជក់ (TRC) លោក Vijj Kasemsap បានផ្តល់ជាយោបល់ដល់រដ្ឋាភិបាលថ្មីទាក់ទិននឹងវិធីសាស្រ្ត ដែលឱ្យយុវជននៅជៀសឆ្ងាយពីការប្រើប្រាស់បារីអេឡិចត្រូនិច។ លោកស្នើឱ្យ រដ្ឋមន្ត្រីសុខាភិបាលសាធារណៈ រដ្ឋមន្រ្តីពាណិជ្ជកម្មនិងហិរញ្ញវត្ថុ និងនាយកប្រតិបត្តិក្រសួងនានា ក៏ដូចជាគណៈកម្មការការពារអ្នកប្រើប្រាស់ ត្រូវធ្វើការរួមគ្នា ដើម្បីហាមឃាត់ការនាំចូល និងលក់បារីអេឡិចត្រូនិចនៅក្នុងប្រទេសថៃ។
ក្នុងនោះដែរមន្រ្តីប៉ូលីស និងភ្នាក់ងាររដ្ឋបាលក្នុងតំបន់ទាំងអស់ ត្រូវតែអនុវត្តការហាមឃាត់នេះជាដាច់ខាត ដោយសារបារីអេឡិចត្រូនិចនេះត្រូវបានលក់យ៉ាងទូលំទូលាយនៅតាមហាងនានា ក្នុងតំបន់ទេសចរណ៍ និងតាមប្រព័ន្ធអនឡាញជាដើម។នេះបើតាមការបញ្ជាក់បន្ថែមពី នាយកTRC។ លោកបន្ថែមទៀតថា ទីភ្នាក់ងាររដ្ឋត្រូវបង្កើតកម្មវិធីអប់រំផ្សព្វផ្សាយអំពីចំណេះដឹងទាក់ទងនឹងការជក់បារីអេឡិចត្រូនិចទៅដល់មាតាបិតា គ្រូបង្រៀន និងប្រព័ន្ធផ្សព្វផ្សាយដទៃ ដើម្បីអប់រំមនុស្សអំពីគ្រោះថ្នាក់ដោយសារការទាក់ទាញយុវជនឱ្យប្រើប្រាស់បារីអេឡិចត្រូនិច។ លោក Vijj ឱ្យដឹងទៀតថា តម្លៃសង្គមត្រូវបានកំណត់តាមរយៈទំពាំងស្នងឫស្សី ដូច្នេះបញ្ហាក៏ត្រូវចាប់ផ្តើមពីយុវជនខ្លួនឯងផងដែរ។
សូមបញ្ជាក់ថា ការស្ទង់មតិនេះធ្វើឡើងកាលពីថ្ងៃពុធ ទី១៣ ខែកញ្ញា ដោយផ្តោតលើប្រធានបទយុវជនប្រើប្រាស់បារីអេឡិចត្រូនិច។អ្នកចូលរួមក្នុងការស្ទង់មតិមានដូចជា ឪពុកម្តាយនិងអាណាព្យាបាលរបស់សិស្សដែលមានកូនក្មួយកំពុងរៀននៅថ្នាក់បឋមសិក្សារហូតដល់ថ្នាក់វិទ្យាល័យ គ្រូបង្រៀន និងអ្នកគ្រប់គ្រងសាលាជាដើម៕
ប្រភព៖ Bangkok Post ចុះថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣