en     km
en     km

មន្ត្រីរដ្ឋាភិបាលបដិសេធរបាយការណ៍ស្តីពីសេរីភាពមូលដ្ឋានធ្លាក់ចុះខណៈសង្គមស៊ីវិលជំរុញឱ្យដោះស្រាយ

Share

របាយការណ៍ សេរីភាពមូលដ្ឋាននៅកម្ពុជាឆ្នាំ២០២២។ រូបភាព៖ របាយការណ៍អង្គការសង្គមស៊ីវិល 

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ច្រានចោលនូវរបាយការណ៍ស្តីពី ការឃ្លាំងមើលសេរីភាពមូលដ្ឋានប្រចាំឆ្នាំ២០២២ របស់អង្គការសង្គមស៊ីវិល ដែលថាសេរីភាពមូលដ្ឋានកាន់តែធ្លាក់ចុះ បើធៀបនឹងឆ្នាំកន្លងមក។ យ៉ាងណាមិញ មន្រ្តីសមាគមអាដហុក(ADHOC) អះអាងថា លទ្ធផលនៃរបាយការណ៍គឺជាផ្អែកលើការសិក្សាច្បាស់លាស់ ហើយទាមទារឱ្យមានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលដើម្បីធានាបាននូវសិទ្ធិគ្រប់គ្រាន់របស់ពលរដ្ឋក្នុងលទ្ធិប្រជាធិបតេយ្យ។

កញ្ញា គុជ ស៊ីកុល រាយការណ៍……

ថ្មីៗនេះរបាយការណ៍ស្ដីពី ការឃ្លាំងមើលសេរីភាពមូលដ្ឋានប្រចាំឆ្នាំ២០២២ របស់អង្គការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) សមាគមអាដហុក(ADHOC) និងមជ្ឈមណ្ឌលសាមគ្គីភាព បង្ហាញថា សេរីភាពមូលដ្ឋានស្ថិតក្នុងភាពមិនល្អប្រសើរ ដោយខ្លឹមសារនៃរបាយការណ៍រកឃើញថា នៅតែមានការបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋនិងសង្គមស៊ីវិល មានការកើនឡើង បើធៀបទៅនឹងឆ្នាំ២០២១។
បញ្ហានេះ បណ្តាលឱ្យបណ្តាអង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធមួយចំនួនសម្តែងក្តីបារម្ភ ដោយចាត់ទុកថាហេតុផលទាំងនេះនឹងអាចបង្កឱ្យមានការធ្លាក់ចុះនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ ដោយពួកគេទទូចឱ្យមានវិធានការដោះស្រាយពីសំណាក់រដ្ឋាភិបាល។
បើទោះបីជារបាយការណ៍រកឃើញ ពីការធ្លាក់ចុះសេរីភាពមូលដ្ឋានក្នុងឆ្នាំ២០២២យ៉ាងណាក្តី តែអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា នៅតែបដិសេធចោល ដោយលោកសំអាងហេតុផលថានៅកម្ពុជាមិនមានបញ្ហាទាក់ទងទៅនឹងសិទ្ធិមនុស្ស និងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋនោះឡើយ។

លោក ប៉ែន បូណា៖«ពាក់ព័ន្ធទៅនឹងបញ្ហាហ្នឹងមិនមែនរឿងខ្វះសិទ្ធិសេរីភាពទេ ក៏ប៉ុន្តែរឿង​គឺត្រង់ថាមានសិទ្ធិសេរីភាពក្នុងដៃហើយតែប្រើអត់ត្រូវ ប្រើអត់ត្រូវតាមច្បាប់រដ្ឋធម្មនុញ្ញ ដែលបានកំណត់ប្រើរំលោភសិទ្ធិសេរីភាពទៅលើអ្នកដទៃហើយរំលោភទៅលើវប្បធម៌ប្រពៃណីរបស់ជាតិ និងសណ្តាប់ធ្នាប់សាធារណអីចឹងទៅណាស់ដែលគេចាត់ការក្នុងករណីមួយចំនួនហា៎ណាស់ មិនមែនទូទៅទេ»

បើទោះបីជាមានការច្រានចោលនូវលទ្ធផលនៃរបាយការណ៍ពី អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះក្តីតែសម្រាប់លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOC) នៅតែបន្តរក្សាជំហរនៃការអង្កេតរកឃើញរបស់បណ្តាក្រុមអង្គការសង្គមស៊ីវិលដដែរ ដោយលោកទទូចឱ្យរដ្ឋាភិបាលព្យាយាមត្រួតពិនិត្យជាថ្មីទៅលើរបាយការណ៍នេះ ព្រោះថា បញ្ហានេះទាមទារឱ្យមានការចូលរួមដោះស្រាយ ដើម្បីធានាបានលទ្ធិប្រជាធិបតេយ្យពេញលេញ។

លោក សឹង សែនករុណា៖«សូមមេត្តាពិនិត្យមើលទៅលើខ្លឹមសារនៃការស្រាវជ្រាវទាំងអស់នោះពីព្រោះថាអង្គការសង្គមស៊ីវិល គេមិនបានអង្គុយនៅលើតុ ហើយប្រព្រឹត្តិបញ្ហាហ្នឹងដើម្បីបង្កើតរបាយការណ៍ទៅចោទប្រកាន់ មួលបង្កាច់ទៅធ្វើឱ្យប៉ះពាល់មុខមាត់រដ្ឋាភិបាលនោះទេ គឺជាការលះបង់មួយដែលប្រើធនធានមនុស្ស ថវិកា ពេលវេលា ដើម្បីប្រមូលយកបញ្ហាទាំងអស់នោះ ដើម្បីដាក់ទៅឱ្យរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធទាំងអស់នោះគិតពិចារណា និងរកដំណោះស្រាយហើយបើកលំហសិទ្ធសេរីភាពទាំងអស់នោះ »

លោក សឹង សែនករុណា ឱ្យដឹងទៀតថា កន្លងមកលោកកត់សម្គាល់ឃើញមានហេតុផលនិងហេតុការណ៍ជាច្រើនដែលធ្វើឱ្យលោកហ៊ានលើកឡើងថា សិទ្ធិសេរីមូលដ្ឋាននៅកម្ពុជាទទួលរងការរំលោភបំពាន។

លោក សឹង សែន ករុណា៖«គឺខាងរដ្ឋាភិបាលក៏ដូចជាគណបក្សកាន់អំណាចហាក់ដូចជាព្រួយបារម្ភខ្លាំងចំពោះលើពលរដ្ឋ ក៏ដូចជាសកម្មជននយោបាយប្រើប្រាស់សិទ្ធិសេរីភាពនេះ ដោយមានការចោទប្រកាន់លាភពណ៌ ថាជាក្រុមបដិវត្តន៍ព័ត៌ណាស់ ក្រុមដែលផ្តួលរលំរដ្ឋាភិបាលអីជាដើមអីចឹង ជាហេតុធ្វើឱ្យមានការព្រួយបារម្ភទើបមានការរឹតត្បិតទៅលើសិទ្ធិសេរីភាពទាំងអស់នោះទោះបីថាអ្នកទាំងអស់នោះធ្វើឡើងក្នុងនាមរៀបចំឡើងក្នុងគោលបំណងច្បាស់លាស់របស់គាត់ក៏ដោយ ឧទាហរណ៍ថាការទាមទារដីធ្លីទៅជាចោទប្រកាន់ថាជាក្រុមដែលប្រឆាំងរដ្ឋាភិបាល ផ្ទុយទៅវិញអ្វីដែលជាគោលបំណងប្រជាពលរដ្ឋបែរជាមិនយកមកសិក្សា មិនយកមកស្រាវជ្រាវទេតែទៅជារឹតត្បិត ចោទប្រកាន់…ចាប់ដាក់ពន្ធធនាគារទៅវិញ ជាហេតុផលដែលយើងមើលឃើញកន្លងមកបាទ»

ជាការឆ្លើយតបទៅនឹងបញ្ហានេះលោក ប៉ែន បូណា ស្នើឱ្យមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសទាមទារឱ្យពលរដ្ឋត្រូវចេះប្រើប្រាស់សិទ្ធិដែលខ្លួនមានឱ្យបានត្រឹមត្រូវ ជៀសវាងកើតមានបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។

លោក ប៉ែន បូណា៖«ប្រជាពលរដ្ឋអ្នកនយោបាយ ឬក៏សកម្មជននយោបាយ…ឱ្យចេះប្រើប្រាស់សិទ្ធិសេរីភាពគឺប្រើប្រាស់ឱ្យស្របមាត្រា៤១នៃរដ្ឋធម្មនុញ្ញមានន័យថាប្រជាពលរដ្ឋទាំងមានសេរីភាពបញ្ចេញមតិ មានសេរីភាពសារព័ត៌មាន…ប៉ុន្តែមាត្រាបង្ហាញថាជនណាក៏ដោយមិនអាចឆ្លៀតប្រើប្រាស់សិទ្ធិនេះឱ្យរំលោភធ្វើឱ្យប៉ះពាល់កិត្តិយសអ្នកដទៃ..ដូច្នេះបើយើងគោរពបានតែប៉ុណ្ណឹងអត់មានបញ្ហាអីទាំងអស់ ដូច្នេះសូមអ្នកទាំងអស់គ្នាអនុវត្តសិទ្ធិហ្នឹងឱ្យបានល្អប្រសើរ ដូចខ្ញុំបញ្ជាក់មិនមែនអត់សិទ្ធិទេគឺត្រង់មានសិទ្ធិហើយគឺប្រើមិនត្រូវបាទ»

ខ្លឹមសារនៃរបាយការណ៍កម្រាស់ជាង១០០ទំព័រ បានលើកឡើងពីករណីនៃការបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដែលមានការកើនឡើងបើធៀបទៅនឹងឆ្នាំ២០២១។ ក្នុងនោះអង្គការសង្គមស៊ីវិលអះអាងទៅលើរំបកគំហើញ ៤ ចំណុច ដែលខ្លួនបានដាក់បញ្ចូលក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២២។ របកគំហើញចំណុចទី ២ អង្គការសង្គមស៊ីវិលបានកត់ត្រា ពីករណីរំលោភបំពាននិងការរឹតត្បិតសិទ្ធិសេរីភាពនៅគ្រប់រាជធានីខេត្ត ដោយមានហេតុការណ៍ទាំងអស់ ៥៦៦ករណី។ ក្នុងចំណោមហេតុការណ៍ជាង៥០០ករណីនេះ មាន៣៥៤ករណីបង្ហាញថា មានការរំលោភសេរីភាពមូលដ្ឋាន ដែលកើនឡើង៤៣ភាគរយធៀបនឹងឆ្នាំ២០២១ ហើយមាន២០៩ករណីរឹតត្បិត ដែលកើនឡើង១៥០ភាគរយធៀបនឹងឆ្នាំ២០២១។ ចំណែក ហេតុការណ៍ដែលមានការការពារ គឺមានតែ៣ករណីប៉ុណ្ណោះ ហេតុដូចនេះហើយពួកគេអះអាងថា សេរីភាពមូលដ្ឋាននៅតែបន្តធ្លាក់ចុះ ដោយសារការអនុវត្តសេរីភាពមូលដ្ឋានត្រូវបានយាយីផ្លូវកាយ និងតាមផ្លូវច្បាប់៕

Share

ព័ត៌មានទាក់ទង

Image