សកម្មជនបក្សភ្លើងទៀនប្រមាណ៧នាក់ ដែលត្រូវបានប៉ូលិសខេត្តបន្ទាយមានជ័យចាប់ឃុំខ្លួនថ្មីៗនេះ ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន ដោយចោទពីបទចោទញុះញង់បង្កឱ្យមានភាពចលាចលសង្គម។ លោក គីម ចាន់ចាវ រាយការណ៍
តុលាការខេត្តបន្ទាយមានជ័យសម្រេចឃុំខ្លួនសកម្មជនបក្សភ្លើងទៀនចំនួន៧នាក់បណ្ដោះអាសន្នពាក់ព័ន្ធនឹងការដើរប្រមូលស្នាមមេដៃប្រជាពលរដ្ឋដើម្បីបង្កើតគណបក្សនយោបាយថ្មី។ អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គឹម សួរភីរិទ្ធ បានប្រាប់វិទ្យស្ត្រីនៅរសៀលថ្ងៃទី១៥ ខែកញ្ញានេះថា តុលាការបានចោទពួកគេពីបទ«ញុះញង់បង្កឱ្យមានភាពចលាចលសង្គម»។
«គេទើបចោទប្រកាន់ម្សិលមិញហើយឃុំខ្លួននៅពន្ធនាគារខេត្ត ចឹងគេម៉េចនឹងសួរយើងទៀត? អាហ្នឹងគេ នីតិវិធីគេបន្តថ្ងៃណា អាហ្នឹងយើងតាមហ្នឹងទៀត យើងគ្រាន់តែដាក់មេធាវីទៅណា៎។ ចាំមើលគេជំនុំជម្រះនៅពេលណាយើងអត់ទាន់ដឹង»។
អ្នកដែលត្រូវជាប់ឃុំទាំងនោះជាថ្នាក់ដឹកនាំបក្ស និងម្នាក់ជាសកម្មជនបក្សភ្លើងទៀនប្រចាំខេត្តបន្ទាយមានជ័យ មានជាអាទិ៍ លោក ស៊ិន វត្ថា លោក ទេព សម្បត្តិ វឌ្ឍនោ លោក ឡុង ឡាវី លោក ទួត វាសនា លោក ឈុំ ស៊ីណាត និងលោក វ៉ាន់ ស៊ីអ៊ីវ រួមទាំងដៃគូជំនិតរបស់លោកម្នាក់។
អតីតលេខាធិការគណបក្សភ្លើងទៀនខេត្តបន្ទាយមានជ័យ លោក សួន ខេមរិន បានប្រាប់វិទ្យុស្ត្រីថា ក្រោយពីមន្ត្រីបក្សភ្លើងទៀនប្រចាំខេត្តនេះ បានប្រមូលស្នាមមេដៃពលរដ្ឋដើម្បីបង្កើតបក្សថ្មីមក មន្ត្រីប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចាប់ខ្លួនសមាជិកក្រុមចំនួន២នាក់ កាលពីថ្ងៃទី០៨ ខែកញ្ញា។ លុះព្រឹកឡើង នៅថ្ងៃទី០៩ ខែកញ្ញា សមាជិក៥នាក់ទៀតត្រូវបានចាប់ខ្លួន។
ពាក់ព័ន្ធករណីនេះ លោក គឹម សួរភារិទ្ធ អះអាងថាលោកមិនបានដឹង ឬមានគម្រោងក្នុងការបង្កើតបក្សថ្មីឡើយ ដោយលោកអះអាងថា នៅពេលនេះក្រុមរបស់លោកមានតែគណបក្សភ្លើងទៀនមួយនៅឡើយ។ ក៏ប៉ុន្តែលោកយល់ថា ប្រសិនបើតុលាការចោទប្រកាន់ពួកគេដោយសារតែសកម្មភាពបង្កើតបក្សនយោបាយមែន គឺជាការប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋ។
«មើលទៅគ្រាន់តែថា បើសិនជាគាត់ជាប់ពាក់ព័ន្ធរឿងផ្ដិតមេដៃបង្កើតគណបក្សអីទេដូចជាមិនធ្ងន់ធ្ងរទេ ព្រោះអាហ្នឹងវាជាសិទ្ធិណា៎។ សិទ្ធិប្រជាពលរដ្ឋដែលនៅក្នុងសង្គមប្រជាធិបតេយ្យគាត់អាច បង្កើតគណបក្សនយោបាយណាមួយស្រេចតែចិត្តពួគគាត់អីអញ្ចឹងទៅ។ អាហ្នឹងបើខ្ញុំស្ដាប់តាមអង្គហេតុ»។
កាលថ្ងៃទី១០ ខែកញ្ញា សមត្ថកិច្ចបានកោះហៅសកម្មជនចំនួន១៦នាក់ ក្នុងនោះក៏មានលោក សួន ខេមរិន ផងដែរ ដើម្បីទៅសាកសួរ។ បន្ទាប់មកពួកគេត្រូវបានដោះលែងឡើងវិញ។ លោក សួន ខេមរិន បញ្ជាក់ថា ការចាប់ខ្លួននេះដោយប៉ូលិសចោទប្រកាន់ថា ពួកលោកដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋដើម្បីបង្កើតគណបក្សថ្មី។ ក៏ប៉ុន្តែលោកបាន បដិសេធថា មិនមានពាក់ព័ន្ធនឹងការបង្កើតគណបក្សថ្មីដូចការចោទប្រកាន់របស់ប៉ូលិសនោះឡើយ។
«ខ្ញុំសូមបញ្ជាក់ថារឿងហ្នឹងខ្ញុំអត់បានដឹងរឿងទេ អត់បានពាក់ព័ន្ធទេ។ គ្រាន់តែថាខ្ញុំ គ្រាន់តែឮព័ត៌មានថាបង្កើតបក្សថ្មី តែសកម្មភាពនៃការធ្វើគឺអត់ដឹងថាធ្វើអីទេ។…ដល់ពេលគេអញ្ជើញទៅស្នងការបានគេប្រាប់ថារឿងពាក់ព័ន្ធស្មាមមេដៃ ប្រមូលស្នាមមេដៃ។ ខ្ញុះបានលាលែងពីគណបក្សហ្នឹងតាំងពីមុនបោះឆ្នោតម្លេះ គ្រាន់តែថា យើងនៅមានទំនាក់ទំនងជាមួយគាត់ក្នុងនាមជាបងប្អូនចឹងហាស៎ ដល់ចឹងគេហៅខ្ញុំទៅសាកសួរទៅបំភ្លឺ»។
ក្រោយការចាប់សកម្មជនរបស់ខ្លួនគណបក្សភ្លើងទៀន ធ្លាប់បានចេញសេចក្ដីថ្លែងការណ៍ថា បើទោះបីជាគណបក្ស ភ្លើងទៀន មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះក៏ដោយ ក៏សកម្មជន និងថ្នាក់ដឹកនាំគណបក្ស ភ្លើងទៀន ជាច្រើននាក់ នៅតែត្រូវទទួលរងនូវការកៀបសង្កត់ និងការគំរាមកំហែង ក្នុងការធ្វើសកម្មភាពរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានានៃព្រះរាជាណាចក្រកម្ពុជា។ គណបក្សនេះបានសម្តែងការសោកស្ដាយដែលសកម្មជនរបស់ខ្លួននៅតែត្រូវអាជ្ញាធរចាប់ខ្លួន៕