ករណីសិស្សស្រីមួយក្រុមនៅសាលាបាក់ទូក ព្រួតគ្នាវាយសិស្សស្រី ២នាក់ហើយថតបង្ហោះពេញបណ្ដាញសង្គមហ្វេសប៊ុក និងគំរាមមិនឲ្យចូលថ្នាក់រៀន រហូតដល់ជនរងគ្រោះខ្លាចមិនហ៊ានចូលសាលារៀនអស់ពេលជាងមួយខែ កំពុងក្លាយជាប្រធានបទដែលអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ លើកយកមកវែកញែក និងតាមដានចង់ដឹងថា តើរឿងនេះ កើតឡើងពិតដែរឬទេ? ជុំវិញបញ្ហានេះ សមត្ថកិច្ចបានកោះហៅអាណាព្យាបាល ដើម្បីសួរនាំ និងចរចារកដំណោះស្រាយ ក្នុងករណីដែលបានកើតឡើងពិតប្រាកដមែន។ លោក គីម ចាន់ចាវ រាយការណ៍
លោកវរៈសេនីយ៍ទោ អ៊ុន ភិរម្យ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលវាលវង់ បានសហការជាមួយគ្រូបន្ទុកថ្នាក់ និងនាយកវិទ្យាល័យបាក់ទូក ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណ និងអាស័យដ្ឋានសិស្ស និងអាណាព្យាបាលទាំងសងខាងមកសាកសួរ បំភ្លឺតាមដំណើររឿង ដែលមានការចោទប្រកាន់គ្នា ជុំវិញករណីសិស្សស្រីមួយក្រុម នៅសាលាបាក់ទូក ដែលព្រួតគ្នាវាយសិស្សស្រី ២នាក់ហើយថតបង្ហោះពេញបណ្ដាញសង្គមហ្វេសប៊ុក ដែលបានកើតឡើងរយៈពេលជាង១ខែមកហើយនោះ។
ក្រោយការអន្តរាគមន៍ សមត្ថកិច្ចនៃប៉ុស្ដិ៍នគរបាលរដ្ឋបាលវាលវង់ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានកោះអញ្ជើញ ភាគីសងខាង រួមនិងអាណាព្យាបាល និងគ្រូបន្ទុកថ្នាក់ មកសាកសួរ បំភ្លឺតាមដំណើររឿង ដែលមានការចោទប្រកាន់គ្នានោះ។
ក្រោមការសម្របសម្រួលជាច្រើនម៉ោង ភាគីក្មេងស្រីដែលបង្កហិង្សាមួយក្រុមនោះ បានទទួលកំហុស។ ក្រោយមកភាគីទាំង២ ក៏បានឯកភាពគ្នាព្រមព្រៀមបញ្ចប់រឿង ដោយភាគីបង្ក បានធ្វើកិច្ចសន្យា ចំពោះមុខសមត្ថកិច្ច មិនឲ្យកើតមានអំពើហិង្សាទៅលើភាគីម្ខាងទៀត ជាលើកទី២ នោះឡើយ។
អាណាព្យាបាលភាគីក្មេងស្រីរងគ្រោះ បានឱ្យដឹងថា ក្នុងករណីនេះ អ្នកស្រីបានសម្រេចចិត្តទទួលយកការសុំទោសរបស់ភាគីក្មេងស្រីបង្ក ដោយមិនទាមទារសំណងជម្ងឺចិត្តឬការខូចខាតអ្វីឡើយ។ ដ្បិតអ្នកស្រីយល់ថាពួកគេនៅក្មេង ប្រសិនបើមានការប្ដឹងផ្ដល់បន្តនាំឱ្យប៉ះពាល់ដល់សង្គម និងខូចកេរ្តិ៍ឈ្មោះក្មេងស្រីដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាណាព្យាបាលនៅឡើយ។
«យើងបញ្ចប់ត្រឹមហ្នឹង ហើយខ្ញុំក៏អត់ចង់ឱ្យមានសាច់ការរឿងទៀតដែរ ហើយណាមួយម៉ែឳគ្នាសុទ្ធតែអ្នកអត់ដូចគ្នាដែរ។ ចឹងខ្ញុំអាណិតក្នុងគ្រួសារក្នុងនាមខ្ញុំចឹងក៏ជាអ្នកអត់ដូចគ្នាដែរ ដល់អញ្ចឹងយើងក៏យល់ពីអាម្មណ៍ ពួកគាត់ដែរ ក៏យើងស្នើសុំបញ្ចប់ទៅ ឱ្យម៉ែឳគាត់ដឹងរឿងដឹងឮ ហើយក្មេងៗក៏សុំទោសគ្នាទៅវិញទៅមកទៅ។ ខ្ញុំក៏អត់ចង់ឱ្យមានបង្ករឿងតទៅទៀត ហើយក៏សងសឹកគ្នាអីទៀត ខ្ញុំក៏អត់ចង់បានអញ្ចឹងទៀតដែរ»។
អាណាព្យាបាលក្មេងស្រីរងគ្រោះ
សូមបញ្ជាក់ថា កាលពីយប់រំលងអធ្រាត្រចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Houy Chenn បានសរសេររៀបរាប់ឱ្យដឹងថា៖ «ពួកក្មេងទំនើងរៀនថ្នាក់ទី៧ នៅសាលាវិទ្យាល័យបាក់ទូកប៉ុន្មានអ្នកក្នុងរូបថតនឹងបានវៃព្រួតប្អូនខ្ញុំ ៧-៨នាក់ ហើយថតវីដេអូ ថតរូបចឹងៗផុសរូបទៀត ហើយគំរាមគ្នា (តែចូលរៀនវាឃើញវាវ៉ៃ) រឿងមួយខែហើយគ្នាខ្លាចគ្នាអត់ហ៊ានប្រាប់អ្នកផ្ទះទេ រហូតដល់ថ្ងៃនេះម៉ាក់គាត់ឆែកទូរស័ព្ទបានឃើញគាត់Saveទុកក្នុងទូរស័ព្ទ ដោយសារការគំរាម គាត់សុខចិត្ដអត់ចូលសាលាជិតមួយខែ រហូតដល់គ្រូតេមកប្រាប់ម៉ាក់ប៉ាខ្ញុំ»។
ជុំវិញបញ្ហានេះវិទ្យុស្ត្រីបានព្យាយាមទាក់ទងរដ្ឋបាលវិទ្យាល័យបាក់ទូក ដើម្បីសួរនាំដំណោះស្រាយបន្ថែម ប៉ុន្តែខាងរដ្ឋបាលសាលាអះអាងថា សាលាមានភារកិច្ចណែនាំ និងអញ្ជើញអាណាព្យាបាលមកចុះកិច្ចសន្យាតែប៉ុណ្ណោះ៕