លោក ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេច ទម្លាក់តំណែង វរេសនីយ៍ទោ ហេង ហាប់ ពីស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពត ឱ្យមកជាមន្ដ្រីធម្មតា ក្រោមមូលហេតុ ល្មើសវិន័យ របស់កងកម្លាំង នគរបាលជាតិ។
លោក ហេង ហាប់ មានប្រវត្តិលួច iPad ពីកន្លែងលក់ទូរស័ព្ទមួយកន្លែង កាលពីប៉ុន្មានឆ្នាំមុន ដែលធ្វើឲ្យល្បីកក្រើក ដោយសារខ្លួនជាមន្រ្តីអនុវត្តច្បាប់ ប៉ុន្តែបែរជាល្មើសច្បាប់លួច របស់ពលរដ្ឋទៅវិញ ។
លោក ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ
ការសម្រេចទម្លាក់មុខតំណែង លោក ហេង ហាប់ ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅពេលនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃពីពលរដ្ឋ ជាពិសេសអ្នកលេងបណ្ដាញសង្គម ដែលមិនពេញចិត្តចំពោះការតែងតាំងអ្នកធ្លាប់មានប្រវត្តិមិនល្អ ឱ្យកាន់តំណែងធំ ក្នុងជួរនគរបាល អនុវត្តច្បាប់។
លោក ហេង ហាប់
កាលពីអំឡុងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ លោក ហេង ហាប់ បានចូលទៅដកលុយ នៅភ្នាក់ងាវីងមួយកន្លែងយីហោ «រស្មី សាមគ្គី» ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងពេលនេះគេបានបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញបណ្តាញសង្គមហ្វេសប៊ុកនិងមានការចែកចាយព័ត៌មានល្បីពាសពេញបណ្ដាញសង្គម៕