en     km
en     km

មនុស្សជិត ២ម៉ឺននាក់ត្រូវប៉ាន់ស្មានថាបានស្លាប់ក្នុងគ្រោះទឹកជំនន់នៅលីប៊ី

Share

អភិបាលក្រុង Derna នៃប្រទេសលីប៊ី លោក Abdulmenam al-Ghaithi បានរាយការណ៍ប្រាប់ទូរទស្សន៍ Al Arabiya ថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះជំនន់ទឹកភ្លៀងនៅប្រទេសលីប៊ី អាចកើនឡើងពីចន្លោះ ១ម៉ឺន ៨ពាន់នាក់ (១៨,០០០នាក់) ទៅ ២ម៉ឺននាក់ (២០,០០០នាក់)ហើយ។ តួលេខនេះ បើផ្អែកតាមចំនួនស្រុក ដែលត្រូវបានបំផ្លាញដោយសារទឹកជំនន់។ ក្នុងនោះ ជនបរទេសយ៉ាងហោចណាស់ ៤០០នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះធម្មជាតិនេះផងដែរ ដែលភាគច្រើនមកពីប្រទេសស៊ូដង់ និងប្រទេសអេហ្ស៊ីប។

ជាក់ស្តែងនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញានេះ សាកសពមនុស្សជាង ២,០០០នាក់ផ្សេងទៀត ត្រូវបានរកឃើញបន្ថែមដោយកម្លាំងមន្រ្តីជំនាញ។ ចំណែកមនុស្សជាង ១០,០០០នាក់ទៀត បានបាត់ខ្លួនពុំទាន់អាចទាក់ទង ឬរកឃើញនៅឡើយ។ សរុបគិតមកទល់នឹងថ្ងៃនេះ ចំនួនមនុស្សដែលបានស្លាប់ក្នុងជំនន់ទឹកភ្លៀងមានចំនួន ៨០០០ នាក់ហើយ។

ក៏ប៉ុន្តែក្រុមជំនួយរុករកមនុស្ស និងក្រុមមន្ត្រីលីប៊ីព្រួយបារម្ភថា មនុស្សអាចស្លាប់ក្នុងចំនួនច្រើនជាងនេះ ដ្បិតសាកសពអាចស្ថិតក្រោមគំនរបាក់បែកក្នុងផ្ទះ អគារតូចធំ ឬនៅកន្លែងណាមួយនៅក្នុងទឹកជំនន់។ ទន្ទឹមគ្នានោះ ជំនន់ទឹកភ្លៀងនេះក្រៅពីឆក់យកជីវិតប្រជាពលរដ្ឋលីប៊ី វាបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ បណ្តាញទំនាក់ទំនង ផ្ទះសម្បែងប្រជាពលរដ្ឋ អគារតូចធំ និងធ្វើឱ្យខូចខាតទំនប់វារីអគ្គិសនីរបស់លីប៊ីស្ទើរតែទាំងស្រុង។

សូមរំលឹកថា គ្រោះមហន្តរាយនេះបានកើតឡើងចាប់តាំងពីថ្ងៃអាទិត្យ ទី១០ ខែកញ្ញានេះមក ដោយបានលេបត្របាក់ទីក្រុង Derna ដែលស្ថិតនៅភាគឦសាននៃប្រទេសលីប៊ី។ តួយ៉ាង ជំនន់ទឹកភ្លៀងនេះ គឺជាគ្រោះមហន្តរាយបរិស្ថានដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្រនៃសតវត្សថ្មីរបស់ប្រទេសលីប៊ី។

សូមជម្រាបថា ប្រទេសលីប៊ីបានឆ្លងកាត់នូវសង្រ្គាមជាច្រើនឆ្នាំ និងដោយសារការខ្វះខាតរដ្ឋាភិបាលកណ្តាលផងនោះ បានធ្វើឱ្យប្រទេសទាំងមូលងាយរងគ្រោះនឹងបញ្ហាគ្រោះធម្មជាតិយ៉ាងខ្លាំង។ បច្ចុប្បន្ន ប្រទេសលីប៊ីជាប្រទេសតែមួយគត់ដែលមិនទាន់បង្កើតយុទ្ធសាស្ត្រអាកាសធាតុ ដើម្បីការពារពីបញ្ហាដែលបង្កឡើងពីគ្រោះធម្មជាតិជាយថាហេតុ។ នេះបើតាមអង្គការសហប្រជាជាតិបានចុះផ្សាយ៕

ប្រភព៖ NBC ចុះថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image