en     km
en     km

ពលរដ្ឋខ្មែរក្រោមចាត់ទុក ករណីអជ្ញាធរវៀតណាមចាប់ខ្លួនខ្មែរក្រោមម្នាក់ជាការគំរាមគំហែង និងរំលោភសិទ្ធិ

Share

ពលរដ្ឋខ្មែរក្រោមអបអរសាទរគម្របខួប ១៦ឆ្នាំ ថ្ងៃអង្គការសហប្រជាជាតិប្រកាសសិទ្ធិជនជាតិដើម។ រូបភាព៖ Voice of Kampuchea Krom – VOKK

ភ្នំពេញ៖ បើទោះបីជា អង្គការសហប្រជាជាតិបានប្រកាស និងអនុម័ត សេចក្ដីប្រកាសស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) គ្រប់រូបមានសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ក៏ប៉ុន្តែថ្មីនេះមានករណីអាជ្ញាធរវៀតណាម ចាប់ខ្លួនពលរដ្ឋខ្មែរក្រោមម្នាក់ទៅសាកសួរ និងរារាំងមិនឱ្យមានការប្រារព្ធកម្មវិធី នៅអំឡុងពេលពួកគេអបអរសាទរគម្របខួប១៦ ឆ្នាំ នៃថ្ងៃអង្គការសហប្រជាជាតិប្រកាសសិទ្ធិជនជាតិដើម។ បញ្ហានេះ ពលរដ្ឋខ្មែរក្រោមចាត់ទុកថារដ្ឋាភុបាលវៀតណាមនៅតែបន្តធ្វើការគំរាមកំហែង និងបិទសិទ្ធិសេរីភាពពួកគេ។

កញ្ញា គុជ ស៊ីកុល រាយការណ៍……

ស្របពេលដែលពលរដ្ឋខ្មែរក្រោមនៅខេត្តព្រះត្រពាំង និងខេត្តឃ្លាំងធ្វើការជួបជុំគ្នា ដើម្បីប្រារព្ធពិធីអបអរសាទរខួប ១៦ឆ្នាំ នៃថ្ងៃទិវាដែលអង្គការសហប្រជាជាតិប្រកាសសិទ្ធិជនជាតិដើម មានករណីចាប់ខ្លួនលោក យ័ញ សេត ពីសំណាក់អជ្ញាធរវៀតណាមទៅសួរចម្លើយអស់រយៈពេលមួយថ្ងៃ ទើបលែងមកវិញ។ ករណីនេះត្រូវបានពលរដ្ឋខ្មែរកម្ពុជាក្រោមចាត់ទុកថា អាជ្ញាធរវៀតណាមធ្វើ ដើម្បីរារាំងមិនឲ្យពួកគេប្រារព្ធពិធីនេះបាន។ ករណីចាប់ខ្លួននេះកើតឡើងនៅខេត្តព្រះត្រពាំង ដែលពេលនោះមានការជួបជុំប្រារព្ធពិធីអបអរសាទរនៅផ្ទះលោកផ្ទាល់ នៅថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០២៣។

ជុំវិញការចាប់ខ្លួន លោក យ័ត សេត ធ្វើឱ្យពលរដ្ឋខ្មែរក្រោមមួយចំនួនចាត់ទុកថាជាការចាប់ខ្លួនដោយគ្មានហេតុផលច្បាស់លាស់ ដោយពួកគេអះអាងថា ពលរដ្ឋខ្មែរក្រោមនៅតែរស់នៅក្រោមការគាបសង្កត់រាជរដ្ឋាភិបាលវៀតណាមបានរំលោភសិទ្ធិចូលរួម និងរិតត្បិតសេរីភាព បើទោះបីជាមានច្បាប់ចែងពីអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើមក្តី។

ក្នុងនោះ លោក ស៊ឺន ជុំជួន អ្នកការពារសិទ្ធិមនុស្សខ្មែរក្រោមម្នាក់ ធ្វើការសន្និដ្ឋានថា ការចាប់ខ្លួនលោក យ័ត សេត នេះ ពាក់ព័ន្ធទៅនឹងយុទ្ធនាការ ប្រកាសឱ្យមានការចូលរួមអបអរសាទរប្រារព្ធខួប១៦ឆ្នាំ នៃសិទ្ធិពួកគេ។ បន្ថែមពីនេះ លោក ចាត់ទុកថាអជ្ញាធរវៀតណាមព្យាយាមបំបិទសិទ្ធសេរីភាពពលរដ្ឋខ្មែរក្រោម ។

លោក ស៊ឺន ជុំជួន៖« ប្រហែលស្ថិតក្នុងលក្ខ័ណ្ឌណាមួយដែលគេ ហាមប្រាមមិនឱ្យធ្វើកិច្ចការអ្វីមួយ អីចឹងប្រហែលជាស្ថិយក្នុងលក្ខខ័ណ្ឌហ្នឹងបានគេហៅទៅ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយវាហាក់ដូចជាការគំរាមគំហែង ឬក៏ មិនបានគោរពទៅតាមអ្វីដែលជាសិទ្ធិសេរីភាពក្នុងការ គ្រាន់តែយុទ្ធនាការមួយអត់ឱ្យគាំទ្រវាមិនប៉ះពាល់អីទេ»

ករណីស្រដៀងគ្នាដែរ នាពេលថ្មីៗនេះ រដ្ឋាភិបាលវៀតណាមក៏បានចាប់ខ្លួនសកម្មជនខ្មែរក្រោម ៤ រូប ដោយឥតលក្ខខណ្ឌ ក្នុងនោះ នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ បានចាប់ លោក ថាច់ កឿង  លោក តោ ហ្វាង ចឿង និង លោក យ័ញ មិញ ក្វាង និងនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣ បានចាប់ខ្លួនអ្នកស្រី ឌិញ ធី វិន។ ការចាប់ខ្លួននេះ សុទ្ធតែពាក់ព័ន្ធនឹងការជំរុញ និងធ្វើសកម្មភាពឱ្យអាជ្ញាធរវៀតណាមគោរពសិទ្ធិជនជាតិដើម។ ហើយជុំវិញការចាប់ខ្លួននេះ ពលរដ្ឋខ្មែរនៅក្រៅប្រទេស ជាពិសេសអ្នកកម្ពុជាក្រោម បានធ្វើសកម្មភាពតវ៉ានានា ដោយចោទប្រកាន់អាជ្ញាធរវៀតណាមថា ធ្វើសកម្មភាពប្រាសចាកពីការគោរពសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើមភាគតិចរបស់អង្គការសង្គការសហប្រជាជាតិ ដែលរដ្ឋាភិបាលវៀតណាមខ្លួនឯងបានផ្ដល់សច្ចាប័ន។

យ៉ាងណាមិញ លោក ស៊ឺន ជុំជួន ស្នើឱ្យរដ្ឋាភិបាលវៀតណាមបញ្ឈប់សកម្មភារិតត្បិតសេរីភាពខ្មែរក្រោម ដោយគោរពសិទ្ធិពលរដ្ឋដូចដែលខ្លួនបានធ្វើការសច្ចាប័នកន្លងមក។

លោក ស៊ឺន​ ជុំជួន៖« យើងនៅតែមានការទទូច អំពាវនាវទៅដល់រដ្ឋាភិបាលវៀតណាមឱ្យមានការគោរពសិទ្ធិមនុស្សឱ្យបានពេញលេញទៅតាមអ្វីដែលខ្លួនជារដ្ឋាភិបាល បានផ្តល់សច្ចាប័នទៅលិខិត ស្តីពីសិទ្ធិមនុស្សមួយចំនួនហ្នឹងជាពិសេស សេចក្តីប្រកាសក៏ដូចជាសិទ្ធិជនជាតិដើមហ្នឹងក៏ជាម្ចាស់ហត្ថលេខាមួយដែលទទួលស្គាល់ហា៎ណាស់ អីចឹងសូមឱ្យគោរពទៅតាមឆន្ទៈដែលគោរពសច្ចាប័នហ្នឹង នៅតែសូមអំពាវនាវទៅដល់រដ្ឋាភិបាលវៀតណាមអនុវត្តជាខ្លួន ក្នុងនាមជាភាគីរដ្ឋដែលជាសមាជិកអង្គការសហប្រជាជាតិ»

មាត្រា ៣ និង ៤ បានចែងថា ជនជាតិដើមគ្រប់រូបមានសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង។ នេះបើតាមការអនុម័តរបស់ អង្គការសហប្រជាជាតិបានប្រកាសនៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧  ស្ដីពីសិទ្ធិជនជាតិដើម (UNDRIP)៕

Share

ព័ត៌មានទាក់ទង

Image