en     km
en     km

ជំនួបលោក ពូទីន និង លោក គីម ជុងអ៊ុន ដាក់សម្ពាធខ្លាំងដល់អាមេរិក និងកូរ៉េខាងត្បូង

Share

នៅថ្ងៃពុធ ទី១៣ ខែកញ្ញានេះ លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ប្រទេសរុស្ស៊ីហើយ ដើម្បីជួបប្រជុំជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ ក៏ប៉ុន្តែជំនួបនេះ​ បានបង្កជាការព្រួយបារម្ភសម្រាប់ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក៏ព្រោះខ្លាចថា ប្រទេសទាំងពីរនឹងពិភាក្សាពីការជួញដូរសព្វាវុធសម្រាប់ធ្វើសង្រ្គាម។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍ថា បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចំណាយពេលលើការធ្វើដំណើរជិត៤ថ្ងៃដើម្បីទៅដល់ប្រទេសរុស្ស៊ី នៅថ្ងៃនេះ ពោលគឺនៅថ្ងៃពុធ ទី១៣ ខែកញ្ញា លោកបានមកដល់ប្រទេសរុស្ស៊ីហើយ។ នៅក្នុងនោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានមកទទួលរាក់ទាក់ស្វាគមន៍លោក គីម ជុងអ៊ុន ក្នុងដំណើរដ៏វែងឆ្ងាយរបស់លោក។

ទន្ទឹមគ្នានោះ លោក ពូទីន បាននិយាយថា លោកពិតជាមានភាពសប្បាយរីករាយក្រៃលែង ក្រោយពេលបានជួបលោក គីម ជុងអ៊ុន មេដឹកនាំរបស់កូរ៉េខាងជើង។ ខណៈលោក គីម ជុងអ៊ុន បានថ្លែងអំណរគុណជាពិសេសដល់លោកពូទីនសម្រាប់ការអញ្ជើញ និងការផ្តល់ភាពកក់ក្តៅក្នុងការទទួលស្វាគមន៍លោកមកកាន់ប្រទេសរុស្ស៊ី។

យ៉ាងណាមិញ នៅក្នុងជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអង្គុយពិភាក្សាគ្នានៅមជ្ឈមណ្ឌលអវកាស Vostochny Cosmodrome របស់រុស្ស៊ីនាថ្ងៃដដែល។

លោក ពូទីន បាន​ប្រាប់សារព័ត៌មាននៅក្នុងស្រុកថា របៀបវារៈរវាងប្រទេសទាំងពីរនឹងផ្តោតលើបញ្ហានយោបាយ បញ្ហាសេដ្ឋកិច្ច និងទាក់ទងទៅនឹងវប្បធម៌អរិយធម៌រវាងប្រទេសទាំងពីរជាដើម។ ជាពិសេស ប្រទេសទាំងពីរមានបញ្ហាជាច្រើនដែលតម្រូវឱ្យចាប់ដៃសហការគ្នា គួបផ្សំនឹងជំនួយក្នុងការធ្វើសង្គ្រាមក្នុងភាពដោយឡែក ពោលគឺផ្គត់ផ្គង់ទៅតាមលទ្ធភាពជាក់ស្តែង​ ​និងមិនជ្រៀតជ្រែកបញ្ហាផ្ទៃក្នុង។ នៅក្នុងស្ថានភាពនេះ លោក ពូទីន ជឿជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបម្រើដល់ការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ដែលនឹងអាចបោះជំហានបន្ទាប់ទៅកាន់កម្រិតការទូតមួយបែបផ្សេងទៀត។

ដោយឡែក មន្ត្រីអាមេរិក និងមន្រ្តីកូរ៉េខាងត្បូងបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញជំនួបរវាងប្រទេសរុស្ស៊ីនិងកូរ៉េខាងជើងដោយថា ប្រទេសទាំងពីរអាចនឹងពិភាក្សាអំពីការផ្គត់ផ្គង់សព្វាវុធសម្រាប់ធ្វើសង្រ្គាម។ ខណៈរុស្ស៊ីកំពុងត្រូវការគ្រាប់រំសេវ និងប្រដាប់ប្រដាធ្វើសង្រ្គាមនៅក្នុងសមរភូមិជាច្រើន ដើម្បីទប់ទល់នឹងប្រទេសអ៊ុយក្រែន។ ក៏ប៉ុន្តែប្រទេសទាំងពីរបានចេញមុខបដិសេធថា ជំនួបនេះមិនមានគោលបំណងដូចសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានលើកឡើងនោះទេ។

តាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃពុធ ទី១៣ ខែកញ្ញានេះថា លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីតាមរយៈរថភ្លើងឯកជនរបស់លោកកាលពីរសៀលថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៣។ មធ្យាបាយធ្វើដំណើររបស់លោក គីម នេះ បានក្លាយជាទីចាប់អារម្មណ៍មួយសម្រាប់សាធារណៈជន ដោយពួកគេយល់ថាការធ្វើដំណើរតាមរថភ្លើង ទៅប្រទេសមួយផ្សេងទៀត ជាមធ្យាបាយធ្វើដំណើរតាមរបៀបបុរាណ៕

 

ប្រភព៖ CNA ចុះថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image