en     km
en     km

ស្ត្រីអ្នកកាសែតហ្វីលីពីន Maria Ressa បានឈ្នះក្ដី ក្រោយតតាំងតាមផ្លូវច្បាប់៤ឆ្នាំ

Share

ក្រោយជំនុំជម្រះក្តីអស់រយៈពេលជាង៤ឆ្នាំ ពេលនេះ តុលាការសាលាឧទ្ធរណ៍របស់ប្រទេសហ្វីលីពីន(CTA)​ បានសម្រេចដោះលែងអ្នកស្រី Maria Ressa ម្ចាស់ជ័យលាភីណូបែល និងជានាយិកាប្រតិបត្តិរបស់សារព័ត៌មានមួយនៅថ្ងៃអង្គារ ទី១២ ខែកញ្ញានេះហើយ។ ក្នុងជ័យជម្នះលើកនេះ បានសបញ្ជាក់ពីការខិតខំតស៊ូ និងសេរីភាពនៃសារព័ត៌មាននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។

អ្នកស្រី Maria Ressa វ័យ ៥៩ឆ្នាំ គឺជាម្ចាស់ណូបែលសន្តិភាព នាយិកាប្រតិបត្តិនិងជាសហស្ថាបនិករបស់សារព័ត៌មាន Rappler និងធ្លាប់ជាអ្នកកាសែតរបស់សារព័ត៌មាន CNN ផងនោះ បានជាប់ចោទពីបទគេចវេសមិនបង់ថ្លៃពន្ធដារជូនរដ្ឋចំនួន៤ករណី។ ទន្ទឹមគ្នានេះ បទចោទប្រកាន់នេះធ្វើឡើងកាលពីខែមីនា ឆ្នាំ២០១៨ ដែលស្ថិតនៅក្នុងអាណត្តិរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte។

ក្នុងបទចោទប្រកាន់នេះ ដើមចោទបានសង្កេតឃើញថា អ្នកស្រី Ressa ដែលជានាយិកាប្រតិបត្តិរបស់សារព័ត៌មាន​ Rappler បានបង្កើនដើមទុនតាមរយៈភាពជាដៃគូជាមួយវិនិយោគិនបរទេស North Base Media (NBM) និង Omidyar Network (ON) ពោលគឺអ្នកស្រីប្រើប្រាស់ដៃគូសហការដើម្បីកេងប្រវ័ញ្ចប្រាក់ចំណេញ ដោយមិនបង់ពន្ធជូនរដ្ឋាភិបាល។

ក្រៅពីនេះ Rappler ក៏ត្រូវអាជ្ញាធរប្រកាន់ឱ្យផ្អាកការផ្សព្វផ្សាយ និងចេញដីកាឱ្យបិទក្រុមហ៊ុនទាំងស្រុង ក្រោយជាប់ការសង្ស័យថា ក្រុមហ៊ុន Rappler បានបំពានច្បាប់ប្រទេសហ្វីលីពីន និងត្រូវបានជនបរទេសប្រើប្រាស់ដើម្បីកេងយកផលប្រយោជន៍។  គួរបញ្ជាក់ដែរថា Rappler គឺជាក្រុមហ៊ុនរបស់ហ្វីលីពីន ១00% ដែលបានជាប់ក្នុងបណ្តឹងតែមួយជាមួយនឹងអ្នកស្រី​ Ressa។

យ៉ាងណាមិញ ក្រោយចំណាយពេលអស់ជាង៤ឆ្នាំ ពេលនេះនៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ តុលាការសាលាឧទ្ធរណ៍របស់ប្រទេសហ្វីលីពីន(CTA)​ បានសម្រេចដោះលែងអ្នកស្រី Maria Ressa ជាស្ថាព័រ ក្រោយគ្មានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់ថា អ្នកស្រីបានបំពាន កេងប្រវ័ញ្ច និងគេចវេចបង់ពន្ធជូនរដ្ឋ។

អ្នកស្រី Ressa បាននិយាយក្រោយបញ្ចប់ការជំនុំក្តីនៅតុលាការថា ថ្ងៃនេះ ការពិតនៅតែទទួលបានជ័យជំនះ យុត្តិធម៌នៅតែមានសម្រាប់មនុស្សស្អាកស្អំជានិច្ច។  អ្នកស្រីបានបន្តទៀតថា ជ័យជំនះនេះមិនមែនសម្រាប់តែអ្នកស្រីម្នាក់នោះទេ ពោលគឺសម្រាប់អ្នកសារព័ត៌មានទាំងអស់មិនថានៅក្នុងប្រទេសហ្វីលីពីន ឬនៅក្នុងតំបន់អាស៊ាននោះទេ។

ទោះបីជាយ៉ាងក៏ដោយ មេធាវីរបស់អ្នកស្រី Ressa លោក Francis Lim បាននិយាយថា ប្រសិនបើតុលាការរបស់ហ្វីលីពីនប្រកាសថា ប្រាក់ចំណូលដែលបានមកពីដៃគូកិច្ចសហប្រតិបត្តិជាមួយនឹងបរទេសជាការជាប់ពន្ធដើម្បីកាត់ទោស Ressa និងសារព័ត៌មាន Rappler នោះរាល់អាជីវកម្មដែលស្វែងរកការបង្កើនដើមទុននៅហ្វីលីពីន នឹងរងផលប៉ះពាល់ទាំងអស់។

សូមជម្រាបថា កាលពីឆ្នាំ២០២១ អ្នកស្រី Maria Ressa បានឈ្នះរង្វាន់ណូបែលសន្តិភាព រួមជាមួយនឹងអ្នកកាសែតរុស្ស៊ីម្នាក់ ពោលគឺលោក Dmitry Muratov។ រង្វាន់នេះចែកជូនអ្នកទាំងពីរ ដោយសារតែសក្តានុពល និងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសហ្វីលីពីន៕

ប្រភព៖ Time Magazine ចុះថ្ងៃអង្គារ​ ទី១២ ខែកញ្ញា ឆ្នាំ២០២៣

Share

Image Not Found
Image

ព័ត៌មានទាក់ទង