en     km
en     km

សមាជិកសភាបានរិះគន់នាយករដ្ឋមន្រ្តីថៃ ថាគ្មានផែនការច្បាស់លាស់

Share

នៅថ្ងៃច័ន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ សមាជិកសភាមកពីគណបក្សចលនាឆ្ពោះទៅមុខបានរិះគន់យ៉ាងចាស់ដៃលើនាយករដ្ឋមន្ត្រីថៃទើបឡើងកាន់តំណែងថ្មី ជុំវិញការគ្រោងផែនការមិនជាក់លាក់ និងការប្តេជ្ញាតែមិនអនុវត្ត។

តាមសារព័ត៌មាន Channel News Asia បានរាយការណ៍ឱ្យដឹងថា ក្រោយលោក សេដ្ឋា ថាវីស៊ីន បានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីរបស់ថៃ លោក​បានបង្ហាញពីរបៀបវារៈកែប្រែមុខមាត់ប្រទេសជាតិក្នុងគ្រោងការដូចជា ផ្តោតលើការចាយសាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល ការបញ្ចុះតម្លៃថាមពលប្រេងឥន្ធនៈ និងការបន្ធូរបន្ថយច្បាប់ទិដ្ឋាការដើម្បីបង្កើនកំណើនភ្ញៀវទេសចរណ៍នៅក្នុងស្រុក។

លើសពីនេះទៅទៀត លោក សេដ្ឋា ក៏បាននិយាយដែរថា លោកនឹងចាត់វិធានការដោះស្រាយបញ្ហាទីផ្សារជូនដល់ប្រជាកសិករឱ្យបានជាទីគាប់ចិត្ត។ ក្រៅពីនេះ រដ្ឋាភិបាលថ្មីសម្រាប់អាណត្តិនេះបានរំពឹងថា កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសថៃនឹងកើនឡើង ២.៨%នៅឆ្នាំនេះ ដែលវាមានចំនួនតិចជាងការព្យាករណ៍ពីអាណត្តិមុន។

ក៏ប៉ុន្តែ សមាជិកសភារបស់គណបក្សចលនាឆ្ពោះទៅមុខ អ្នកស្រី Sirikanya Tansakul បានរិះគន់ចំៗលើ​ របៀបវារៈរបស់នាយករដ្ឋមន្រ្តីថ្មីនេះថា​ ខ្វះ​ចំណុច​ជាក់លាក់ និងមិនមានគោលដៅច្បាស់លាស់។ សមាជិកសភារូបនេះបាននិយាយនៅក្នុងការប្រកួតជជែកដេញដោលនៃការរត់ម៉ារ៉ាតុង ដែលគ្រោងនឹងបញ្ចប់នៅល្ងាចថ្ងៃអង្គារ ទី១២ ខែកញ្ញានេះហើយ។

នៅក្នុងនោះដែរ អ្នកស្រី Sirikanya Tansakul បានគូសបញ្ជាក់ជុំវិញផែនការរបស់លោក សេដ្ឋា បន្ថែមថារដ្ឋាភិបាលថៃ មិនមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើឱ្យផែនការនេះសម្រេចបានជាដុំកំភួននោះឡើយ។ ខណៈថវិកាការជាតិជាក់ស្តែង ក៏នៅមានកម្រិត។ អ្នកស្រីបានបន្តទៀតថា សេចក្តី​ថ្លែងការណ៍នៃ​គោល​នយោបាយរបស់រដ្ឋាភិបាលណាមួយ​ត្រូវភ្ជាប់ជាមួយនឹង​​សេចក្តី​លម្អិត ជាជាង​ជា​បញ្ជី​រាយចំណុចនៃបំណង ដែលខ្លួនកំពុងប្រាថ្នា​នោះ​ទេ។

លោក Jurin Laksanawisit សមាជិកគណបក្សប្រជាធិបតេយ្យ ដែលទើបឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចោទជាសំណួរថា តើមានអ្វីកើតឡើងចំពោះការសន្យាមួយចំនួនដែលធ្លាប់សន្យានៅមុនពេលឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី និងខណៈពេលឃោសនាការបោះឆ្នោត។ លោកបានរំឪ+ឭកថា លោក សេដ្ឋា ធ្លាប់បានសន្យានឹងផ្តល់ប្រាក់ខែ ២៥,000 បាត ដែលស្មើនឹងជាង ៧០០ ដុល្លារសហរដ្ឋអាមេរិក ទៅឱ្យនិស្សិតទើបបញ្ចប់ការសិក្សា ក៏ប៉ុន្តែការសន្យានេះមិនត្រូវបានលើកឡើងម្តងទៀតនោះទេ៕

ប្រភព៖ CNA ចុះថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image