en     km
en     km

មនុស្សជាង៥ពាន់នាក់ស្លាប់ និងបាត់ខ្លួនជិត១ម៉ឺននាក់ ដោយសារទឹកជំនន់នៅលីប៊ី

Share

តាមសេចក្តីរាយការណ៍របស់មន្រ្តីលីប៊ីបានឱ្យដឹងថា រាប់គិតចាប់ពីថ្ងៃអាទិត្យ ទី១០ ខែកញ្ញានេះ ប្រជាជនលីប៊ីជាង៥,០០០នាក់ បានបាត់បង់ជីវិត ខណៈមនុស្សជិត ១០,០០០នាក់ផ្សេងទៀតបានបាត់ខ្លួននៅក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងនៅភាគឦសាននៃប្រទេសលីប៊ី។ លើសពីនេះ ជំនន់ទឹកភ្លៀងនេះបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែងប្រជាពលរដ្ឋ អគារតូចធំ និងធ្វើឱ្យខូចខាតទំនប់វារីអគ្គិសនីស្ទើរតែទាំងស្រុង។

យ៉ាងហោចណាស់មនុស្សចំនួន ៥៣០០នាក់បានស្លាប់ ខណៈមនុស្សចំនួន ៨០០០នាក់បានបាត់ខ្លួននៅក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងលិចលង់ទីក្រុង Derna នៃប្រទេសលីប៊ី។ នេះបើយោងទៅតាមក្រសួងមហាផ្ទៃនៃរដ្ឋាភិបាលភាគខាងកើតនៃប្រទេសលីប៊ីកាលពីថ្ងៃអង្គារ ទី១២ ខែកញ្ញានេះ។

តួយ៉ាង ជំនន់ទឹកភ្លៀងនេះ គឺជាគ្រោះមហន្តរាយបរិស្ថានដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្រនៃសតវត្សថ្មីរបស់ប្រទេសលីប៊ី។ ប្រទេសលីប៊ីបានឆ្លងកាត់នូវសង្រ្គាមជាច្រើនឆ្នាំ និងដោយសារការខ្វះខាតរដ្ឋាភិបាលកណ្តាលផងនោះ បានធ្វើឱ្យប្រទេសទាំងមូលងាយរងគ្រោះនឹងបញ្ហាគ្រោះធម្មជាតិយ៉ាងខ្លាំង។ គួរបញ្ជាក់ដែរថា បច្ចុប្បន្នប្រទេសលីប៊ី​​ជា​ប្រទេស​តែ​មួយ​គត់​ដែល​មិន​ទាន់​បង្កើត​យុទ្ធសាស្ត្រ​អាកាសធាតុ ដើម្បីការពារពីបញ្ហាដែលបង្កឡើងពីគ្រោះធម្មជាតិជាយថាហេតុ។ នេះ​បើ​តាម​អង្គការ​សហប្រជាជាតិបានចុះផ្សាយ។

អ្នក​នាំពាក្យ​សេវា​សង្គ្រោះបន្ទាន់ លោក​ Osama Aly ​បានប្រាប់សារព័ត៌មាន CNN ​​ថា មន្ទីរពេទ្យ​នៅទីក្រុង Derna នៃប្រទេសលីប៊ី មិន​អាច​ដំណើរការ​បាន​ទៀតនោះ​ទេនៅពេល ដ្បិតគ្រែដាក់អ្នកជំងឺក៏ពេញ ​ហើយកន្លែង​បញ្ចុះ​សាកសព​ក៏ពេញផងដែរ។ លោកបានបញ្ជាក់ទៀតថា សាកសពមួយចំនួនត្រូវបានទុកចោលនៅខាងក្រៅកន្លែងបញ្ចុះសព ឬខ្លះទុកនៅលើចិញ្ចើមផ្លូវក៏មាន។​

ចំណែកឯ សាច់ញាតិរបស់ជនរងគ្រោះក្នុងហេតុការណ៍នេះបានឱ្យដឹងថា​ ពួកគេមានការភ័យខ្លាចជាខ្លាំង បន្ទាប់ពីបានឃើញវីដេអូនៃជំនន់ទឹកភ្លៀងហូរទៅបំផ្លាញ និងលិចលង់មនុស្សម្នា បណ្តាហេដ្ឋារចនាសម្ព័ន្ធ ដួលរលំអគារតូចធំនៅក្នុងទីក្រុង Derna នៃប្រទេសលីប៊ី។

អ្នកស្រី Ayah ជាស្ត្រីជនជាតិប៉ាឡេស្ទីនដែលមានបងប្អូនជីដូនមួយនៅទីក្រុង Derna នេះបាននិយាយថាអ្នកស្រីមិនអាចធ្វើដំណើរទៅរកពួកគេភ្លាមៗបានឡើយ ក៏ព្រោះតែទឹកជំនន់បន្តជនលិច និងមានសភាពខ្លាំងគួរជាក្តីបារម្ភ។ អ្នកស្រីបានសម្តែងក្តីកង្វក់នឹកនាបងប្អូនជីដូនមួយ ដែលហាក់ទាក់ទងមិនបាន ក្រោយផ្ទុះហេតុការណ៍គ្រោះទឹកជំនន់នេះ។ អ្នកស្រីបានបន្តនិយាយថា​ មិនដឹងថាសាច់ញាតិរបស់អ្នកស្រីនៅរស់ ឬស្លាប់នៅឡើយទេ ដោយសារតែអ្នកស្រីទាក់ទងមិនចូល។

ក្រៅពីនេះ ព្យុះជំនន់ទឹកភ្លៀងនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧ នាក់ ដែលជាជនជាតិរបស់ប្រទេសក្រិក ប៊ុលហ្គារី និងតួកគីជាដើម។ នៅក្នុងនោះ មន្ត្រីនៅក្នុងទីក្រុង Tobruk ភាគឦសាននៃប្រទេសលីប៊ីបាននិយាយកាលពីថ្ងៃអង្គារ ទី១២ ខែកញ្ញាថា ក្នុងចំណោមចំនួននៃអ្នកស្លាប់នៅក្នុងហេតុការណ៍គ្រោះទឹកជំនន់នេះ មានយ៉ាងហោចណាស់មនុស្សជាង ១៤៥ នាក់ជាជនជាតិអេហ្ស៊ីប៕

 

ប្រភព៖ CNN ចុះថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image