en     km
en     km

អ្នកស្រី រឿង កុលាប ដាក់​ពាក្យ​​ប្ដឹងតុលាការ ករណី​រោងចក្របញ្ឈប់ការងារ​​​ក្រោយ​ជាប់ជាប្រធានសហជីព

Share

សហព័ន្ធសហជីពសេរីកម្មករ បានដាក់ពាក្យបណ្តឹងទៅតុលាការ សាលាដំបូងខេត្តកំពង់ស្ពឺ ជូនអ្នកស្រីរឿន កូលាប ហើយ ក្រោយក្រុមហ៊ុនសេង បូ ហ្គាមិន បញ្ឈប់អ្នកស្រីពីការងារពីការងារ ក្រោយពីអ្នកស្រីបានចូលរួមក្នុងការដឹកនាំសហជីពក្នុងរោងចក្រ។ លោក គីម ចាន់ចាវ រាយការណ៍

 

ការសម្រេចចិត្តប្ដឹងទៅកាន់តុលាការខេត្តកំពង់ស្ពឺនេះ ដោយសារតែអ្នកស្រី រឿន កុលាប បានប្ដឹងទៅកាន់ នាយកដ្ឋានដោះស្រាយវិវាទនៃក្រសួងការងារកន្លងមកក្រោយការបញ្ឈប់នេះ មិនទទួលបានលទ្ធផល។ ពាក្យបណ្ដឹងរបស់អ្នកស្រី រឿន កុលាប ត្រូវបានដាក់ជូនតុលាការខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។

អ្នកស្រី រឿន កុលាប និងលោក សៅ សុខសាន រៀបចំពាក្យបណ្ដឹង

អ្នកស្រី រឿន កុលាប ក្រោយបានជាប់ឆ្នោតជាប្រធានសហជីព ត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារ ប៉ុន្តែក្រោយប្ដឹងទៅក្រសួងការងារ អ្នកស្រីមិនត្រូវបានបង្គាប់ឱ្យចូលធ្វើការវិញឡើយ។ ប៉ុន្តែលោក ហាក់ ហៀង ដែលជាប់ជាអនុប្រធានសហជីព ត្រូវបាននាយកដ្ឋានវិវាទការងារ នៃក្រសួងការងារបង្គាប់ឱ្យ អនុញ្ញាតឱ្យមេសហជីពនេះចូលធ្វើការវិញ។ ទោះជាបែបនេះក្ដី លោកហាក់ ហៀង នៅតែមិនអាចចូលធ្វើការវិញបានដោយរដ្ឋបាលរោងចក្រមិនអនុញ្ញាតឱ្យចូលធ្វើការវិញឡើយដោយក្រុមហ៊ុនគ្រោងនឹងមានចំណាត់ការបន្តតាមនីតិវិធី។

លោក សៅ សុខសាន អគ្គលេខាធិការសហព័ន្ធសហជីពសេរីកម្មករដែលសម្របសម្រួលករណីនេះ បានប្រាប់វិទ្យុស្ត្រីថា ក្នុងរឿងនេះ ជាពិសេសករណី អ្នកស្រី រឿន កុលាប មិនអាចរកដំណោះស្រាយត្រឹមក្រសួងការងារបានឡើយ។ ដូច្នេះលោកកំពុងរៀបចំនីតិវិធីប្ដឹងបន្តទៅតុលាការខេត្តកំពង់ស្ពឺ លោកក៏កំពុងស្វែងរកជំនួយដើម្បីជួយគាត់នៅក្នុងអំឡុងពេលដែល អ្នកស្រីកុលាប មិនមានការងារធ្វើត្រូវគេបញ្ឈប់គាតពីការងារនេះផងដែរ។

«បងរឿន​ កុលាប រឿងគាត់មិនមានអ្នកសម្របសម្រួលណាចេញទេ ប៉ុន្តែយើងនៅតែបន្តនីតិវិធីគាត់»។

លោក សៅ សុខសាន អគ្គលេខាធិការសហព័ន្ធសហជីពសេរីកម្មករ

អ្នកស្រីរឿន កូលាប ជាស្ត្រីមេម៉ាយ ដែលត្រូវរ៉ាប់រងការចំណាយក្នុងគ្រួសារ និងផ្គត់ផ្គង់ការសិក្សារបស់កូន។ អ្នកស្រីបានឱ្យដឹងថា មួយរយៈពេលដែលអ្នកស្រីបាត់បង់ការងារធ្វើ អ្នកស្រីប្រឈមនឹងការបាក់ទឹកចិត្ត ដោយគ្មានប្រាក់សម្រាប់ឱ្យកូនទៅរៀន ខណៈពេលដែលអ្នកស្រីក៏ជាជន្ទល់ផ្គត់ផ្គង់ការចំណាយនិងការហូបចុកសម្រាប់គ្រួសារ។

«ចាស៎ ចឹងប៉ះពាល់អាហ្នឹង១ ហើយនៅក្នុងគ្រួសារទៀតការហូបចុកក៏មានការខ្វះខាតខ្លាំងដែរ ហើយបញ្ហាសុខភាពយើងក៏វាបាក់ទឹកចាត់ហាស៎អូន ពេលដែលអត់ការងារធ្វើទៅនេះខុយទៅនោះខុយចឹង»។

អ្នកស្រីរឿន កូលាប និងលោក ហាក់ ហៀង នៅនាយកដ្ឋានវិវាទការងារ នៃក្រសួងការងារ

ក្រោយការដាក់ពាក្យប្ដឹងទៅតុលាការលើករណីនេះ សហព័ន្ធសហជីពសេរីកម្មករ បានអះអាងថា នឹងនៅតែបន្តស្វែងរកយុត្តិធម៌ជូនអ្នកស្រី រឿន កូលាប។ ពាក់ព័ន្ធបញ្ហានេះវិទ្យុស្ត្រីបានព្យាយាមទាក់ទងភាគីរដ្ឋបាលរោងចក្រ លោក អាំង មុន្នី ប៉ុន្តែលោកមិនលើកទូរសព្ទ។ យ៉ាងណាកន្លងមកលោកធ្លាប់បានប្រាប់ពីបញ្ហាលោកហាក់ ហៀងផងដែរ ដោយរោងចក្រសម្រេចមិនទាន់ឱ្យលោក ហាក់ ហៀង ចូលធ្វើការ ហើយគ្រោងនឹងប្ដឹងជំទាស់និងការបង្គាប់ឱ្យលោកចូលធ្វើការវិញ ប៉ុន្តែក្រុមហ៊ុននឹងទូទាត់ប្រាក់រំលឹកអំឡុងពេលផ្អាកការងារ ក្រោយរឿងនេះដោះស្រាយរួចរាល់។

ទោះយ៉ាងណា លោក ហាក់ ហៀង អះអាងថា នឹងនៅតែប្រកាន់ជំហរចូលធ្វើការវិញ ដោយទាមទារឱ្យក្រុមហ៊ុន ផ្ដល់ឱ្យលោកចូលរួមក្នុងសកម្មភាពជាថ្នាក់ដឹកនាំសហជីព ដើម្បីអន្តរាគមន៍លើបញ្ហានានារបស់កម្មករ។

កម្មករទាំងពីរនាក់ដែលត្រូវបាន ក្រុមហ៊ុនរោងចក្រ សេងបូ ហ្គាមិន (ខេមបូឌា)ឯ.ក បញ្ឈប់ពីការងារ បានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជួយអន្តរាគមន៍យ៉ាងណាឱ្យពួកគេអាចចូលធ្វើការងារឡើងវិញ៕

Share

ព័ត៌មានទាក់ទង

Image