en     km
en     km

ស្វែងយល់ពីជំងឺរលាកសាច់បំពង់ក

Share

កាលពីថ្មីៗនេះ មានក្មេងស្រីអាយុ១៥ឆ្នាំម្នាក់មានជំងឺរលាកសាច់បំពង់កស្រួចស្រាវ(Tonsils -Amygdales) ដែលជាប្រភេទរលាកចេញភ្នាសខ្ទុះ ស្ទះបំពង់ខ្យល់ និងវិវត្តទៅជារលាកសួតនិងខ្សោយសាច់ដុំសន្ទះទ្រូង ដែលបណ្តាលឱ្យនាងមិនអាចដកដង្ហើមបាន ហើយក្នុងករណីនេះ ក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញបានជួយសង្រ្គោះនាងអស់រយ:ពេល២១ថ្ងៃ ដោយជំនួយម៉ាស៊ីនសប់ដង្ហើម ១៦ថ្ងៃនិងបច្ជុប្បន្ននាងបានជាសះស្បើយហើយ។ នេះបើយោងតាមការឱ្យដឹងពីទំព័រហ្វេសប៊ុករបស់ពេទ្យមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។ បន្ថែមពីនេះ មន្ទីរពេទ្យក៏បានបញ្ជាក់ថា ជំងឺនេះជាប្រភេទស្មុគ្រស្មាញនិងជាករណីដ៏កម្របំផុត។

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ

ដូច្នេះ ក្នុងអត្ថបទនេះយើងនឹងលើកយកនូវបុព្វហេតុនៃជំងឺរលាកសាច់បំពង់ក និងវិធីសាស្រ្តបង្ការជំងឺនេះផងដែរ។

ជំងឺរលាកសាច់បំពង់ក គឺជាការឆ្លងមេរោគនៅឯសាច់បំពង់ក ដែលជាទូទៅកើតមានក្នុងវ័យកុមារ ប៉ុន្តែមនុស្សពេញវ័យក៏អាចកើតជំងឺនេះបានដែរ។ ជំងឺនេះមានលក្ខណៈដូចជា ផ្តាសាយ និងសាច់បំពង់កមានឡើងក្រហមនិងហើមផងដែរ។

រូបភាពនេះមានប្រភពពីគេហទំព័រគ្លីនិកMayo

ចំពោះរោគសញ្ញាសំខាន់ៗចំពោះកុមារ និងមនុស្សពេញវ័យមានដូចជា ឈឺក ពិបាកលេបចំណីអាហារ ក្តៅខ្លួនលើសពី៣៨អង្សាសេ ក្អក ឈឺក្បាល ឈឺត្រចៀក និងអស់កម្លាំង។  មួយវិញទៀត ជួនកាលរោគសញ្ញាអាចនឹងធ្ងន់ធ្ងរដែលរួមមាន ហើមនិងឈឺកដូចមានអារម្មណ៍ថាទើសៗក្នុងក និងរោគសញ្ញាផ្សេងទៀតមានខ្ទុះ និងមានបំណះពណ៌ស(ពងបែកពណ៌ស)នៅលើសាច់បំពង់ក និងពិបាកដកដង្ហើមផងដែរ។ នេះបើយោងតាមការបង្ហាញពីគេហទំព័រ សេវាសុខភាពជាតិនៃចក្រភពអង់គ្លេស (NHS UK)។

បន្ថែមពីនេះ NHS UK បានបង្ហាញដែរថា ជាធម្មតា រោគសញ្ញានៃជំងឺនេះនឹងបាត់ទៅវិញបន្ទាប់ពី ៣ ទៅ ៤ ថ្ងៃ។ ហើយបើសិនជំងឺរលាកសាច់បំពង់កនេះមិនសូវធ្ងន់ធ្ងរ នោះអាចព្យាបាលបានដោយខ្លួនឯងដោយជំងឺត្រូវសម្រាកឱ្យបានច្រើន និងទទួលទានភេសជ្ជៈត្រជាក់ដើម្បីបន្ថយការឈឺចាប់ក្នុងបំពង់ក លេបថ្នាំប៉ារ៉ាសេតាមុលនិងហើយចំពោះមនុស្សខ្ពុរមាត់ជាមួយទឹកប្រៃក្តៅ ប៉ុន្តែវិធីនេះមិនគួរអនុវត្តលើកុមារនោះទេ។ 

យ៉ាងណាមិញ តាមគេហទំព័រគ្លីនិក Mayo នៅអាមេរិកបានបង្ហាញពីកត្តាហានិភ័យនៃការរលាកសាច់បំពងកនេះថា ច្រើនកើតមានលើកុមារអាយុពី ៥ ទៅ ១៥ ឆ្នាំ ពោលគឺចំពោះកុមារដែលមានអាយុចូលរៀនដែលមានទំនាក់ទំនងជាមួយមិត្តភក្ដិដែលបានប៉ះពាល់នឹងមេរោគ ឬបាក់តេរីដែលបណ្តាលឱ្យមានរលាកសាច់បំពង់កនេះ។

ហើយចំពោះផលវិបាកឯណ្ណេះវិញ ប្រសិនបើមានការរលាកឬមានហើមសាច់បំពង់ក ជាញឹកញាប់ឬរ៉ាំរ៉ៃ បណ្តាលឱ្យមានផលវិបាកដូចជា មានរំខានដល់ការដកដង្ហើមអំឡុងពេលគេង (ស្ទះដង្ហើមពេលគេង) និងប្រសិនជំងឺនេះកាន់តែធ្ងន់ធ្ងរ គ្រូពេទ្យអាចនឹងអាចវះកាត់យកសាច់បំពង់កចេញតែម្តង តែវាជាកម្រណាស់។

ម្យ៉ាងវិញទៀត ប្រសិនបើព្យាបាលជំងឺនេះមិនបានព្យាបាលពេញលេញ នោះនឹងមានកើនឡើងហានិភ័យជំងឺកម្រមួយចំនួនដូចជា៖ រោគគ្រុនសន្លាក់ឆ្អឹងដែលអាចប៉ះពាល់ដល់បេះដូង សន្លាក់ ប្រព័ន្ធសរសៃប្រសាទ និងស្បែក  និងអាចមានរលាកតម្រងនោមជាដើម។

ដោយឡែកចំពោះវិធីសាស្រ្តបង្ការជំងឺរលាកសាច់បំពង់កតាមគ្លីនិក Mayo បានលើកឡើងថា ការពារដ៏ល្អបំផុតគឺអនុវត្តអនាម័យល្អ ដែលរួមមាន៖ លាងដៃឱ្យបានហ្មត់ចត់ និងញឹកញាប់ ជាពិសេសបន្ទាប់ពីប្រើប្រាស់បង្គន់ និងមុនពេលញ៉ាំអាហារ។ រួមទាំងជៀសវាងចែករំលែកអាហារ កែវទឹក ដបទឹក ឬឧបករណ៍ប្រើប្រាស់ជាមួយគ្នា៕

Share

ព័ត៌មានទាក់ទង

Image