ភ្នំពេញ៖ ថ្មីៗនេះមានកាស៊ីណូមួយឈ្មោះ ថប ដាយអឹម៉ិន (Top Diamond Casion) ដែលមានទីតាំងនៅជិតព្រំដែនកម្ពុជាវៀតណាម បានទម្លាយលើសេចក្តីជូនដំណឹងរបស់ខ្លួនថា មានអ្នកសារព័ត៌មានចន្លោះពី ៧០០ ទៅ ៩០០ អង្គភាពបានសុំប្រាក់ឧបត្ថម្ភពីកាស៊ីណូខ្លួនជារៀងរាល់ខែ។ ព័ត៌មាននេះត្រូវបានមហាជន និងថ្នាក់ដឹកនាំភ្ញាក់ផ្អើលជាខ្លាំងដែលជំរុញឱ្យសមត្ថកិច្ចបើកការស្រាវជ្រាវដើម្បីធ្វើការផ្ទៀងផ្ទាត់ថាពិតឬមិនពិត។
កញ្ញា គុជ ស៊ីកុល រាយការណ៍……
កិច្ចប្រជុំជាច្រើនភាគីបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ទាក់ទងទៅនឹងកាស៊ីណូឈ្មោះ ថប ដាយអឹម៉ិន (Top Diamond Casino) ដែលមានទីតាំងនៅជិតព្រំដែនកម្ពុជាវៀតណាម ស្ថិតក្នុង ស្រុកគិរីវង់ ខេត្តតាកែវ បានចេញសេចក្តីជូនដំណឹងថា មានអ្នកសារព័ត៌មានមកពីអង្គភាពចំនួន ៧០០ ទៅ ៩០០ អង្គភាពបានសុំប្រាក់ឧបត្ថម្ភពីកាស៊ីណូខ្លួនជារៀងរាល់ខែ។ ដ្បិតអីព័ត៌មាននេះត្រូវបានមហាជនប្រើប្រាស់បណ្តាញសង្គម និងភាគីរដ្ឋាភិបាល ព្រមទាំងអ្នកធ្វើការលើវិស័យសារព័ត៌មានផ្ទាល់ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង សូម្បីតែលោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មានក៏មានការភ្ញាក់ផ្អើលរហូតដល់លោកចែកចាយព័ត៌មាននេះដោយភ្ជាប់នឹងខ្លឹមសារថា ជា«សាររញ្ជួយពិភពគុន»។
យ៉ាងណាមិញ លោក ជៀម ថៃ ប្រធានការិយាល័យមន្ទីព័ត៌មានខេត្តតាកែវ ដែលជាអ្នកចូលរួមក្នុងកិច្ចប្រជុំផ្ទាល់ប្រាប់វិទ្យុស្រ្តីថា លោកមិនអាចបញ្ជាក់បានថា ពិតជាមានអ្នកសារព័ត៌មានទៅសុំប្រាក់ឧត្តម្ភពីខាងកាស៊ីណូមែន ឬយ៉ាងណាទេ ដោយលោកអះអាងថារឿងនេះស្ថិតនៅក្នុងការសិក្សាស្រាវជ្រាវ និងទាមទារពេលវេលាក្នុងការសើមអង្កេតបន្ថែម។ ក៏ប៉ុន្តែ បើតាមការអង្កេតបឋម តាមរយៈការបំពេញបេសកកម្មតាមដាននេះ លោក ជៀម ថៃ មើលឃើញថាអាចមានករណីអ្នកសារព័ត៌មានមកពីអង្គភាពមួយចំនួនពិតជាទទួលបានថវិកាពីកាស៊ីណូ។
លោក ជៀម ថៃ៖« បើនិយាយឱ្យចំទៅវាពិតពាក់កណ្តាលអីចឹងទៅណាស់ វាអាច៥០ភាគរយហើយព្រោះថាវាគ្មានអ្នកការសែតណា៩០០ទៅដល់ពីគេហ្នឹងទេបាទ តែខ្ទង់៥០០អីហ្នឹងខ្ញុំកំពុងតែឱ្យគេសហការណ៍មកបាទ»
ជុំវិញបញ្ហានេះ លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ខេមបូចា លោកស្នើឱ្យស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់ដោយបង្កើតឱ្យមានជាវគ្គបណ្តុះបណ្តាលណាមួយ ដើម្បីពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មាន រក្សាបានគុណភាពក្នុងវិស័យសារព័ត៌មាន។ លើសពីនេះ លោកស្នើដោយធ្វើយ៉ាងណាជំរុញឱ្យថ្នាក់ដឹកនាំ និង ភាគីពាក់ព័ន្ធសើបអង្កេត បង្ហាញលទ្ធផលបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងសេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន។
លោក ណុប វី៖« ប្រសិនបើរឿងនេះជារឿងពិតមែនជាការពិតហើយរឿងដែលការអនុវត្តរបស់បងប្អូនអ្នកសារព័ត៌មានមួយចំនួនហ្នឹងវាកំពុងតែធ្វើឱ្យមានផលប៉ះពាល់ទៅលើតិត្តិនាមដែលគេគោរពបានទៅតាមក្រមសីលធម៌វិជ្ជាជីវៈបានត្រឹមត្រូវ ទី២វាក៏ធ្វើឱ្យមានផលប៉ះពាល់ទៅដល់វិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាយើងចឹងហើយកន្លែងនេះខ្ញុំគិតថាគួរតែពិនិត្យមើលឱ្យបានច្បាស់លាស់សើបអង្កេតឱ្យមានតម្លាភាពត្រឹមត្រូវដើម្បីធានាភាពត្រឹមត្រូវនិងសេចក្តីថ្លៃថ្នូរទទួលបាននូវការការពារបាទ»
ទោះយ៉ាងណា លើបញ្ហានេះ វិទ្យុស្រ្តីមិនអាចសុំការបញ្ជាក់ពីលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យថ្មីក្រសួងព័ត៌មានបាននៅឡើយ គិតត្រឹមរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ។
របាយការណ៍របស់ក្រសួងព័ត៌មានបានឱ្យដឹងថានៅចុងឆ្នាំ២០២២ មានស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានសរុបចំនួនប្រមាណជាង២ពាន់ស្ថាប័ន (២៧១៧ស្ថាប័ន)។ ក្នុងនោះរួមមានស្ថានីយផ្សព្វផ្សាយទូរទស្សន៍ចំនួន ២៧ស្ថាប័ន, ទូរទស្សន៍ខ្សែកាប ២១២ស្ថាប័ន, ស្ថានីយវិទ្យុ ២២០ហ្រ្វេកង់, វិទ្យុជាតិចំនួន១, កាសែត ៤៤៦ស្ថាប័ន, ទស្សនាវដ្តីចំនួន ១៩៣ស្ថាប័ន, ៨៧៨ គេហទំព័រ, ទីភ្នាក់ងាសារព័ត៌មានអន្តរជាតិទាំងក្រៅ និង ក្នុងស្រុកចំនួន ២៦ស្ថាប័ន និង រួមបញ្ចូលទាំងការផ្សាយព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយអនឡាញចំនួន៥១ស្ថាប័ន៕