សកម្មជនបក្សភ្លើងទៀនប្រមាណ៧នាក់ ដែលត្រូវបានប៉ូលិសខេត្តបន្ទាយមានជ័យចាប់ឃុំខ្លួន ត្រូវបានបញ្ជូនទៅកាន់តុលាការខេត្ត នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ពួកគេត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកញ្ញា ជុំវិញ ការចោទប្រកាន់ថាពាក់ព័ន្ធនឹងការបង្កើតគណបក្សថ្មី។ លោក គីម ចាន់ចាវ រាយការណ៍
ប៉ូលិសខេត្តបន្ទាយមានជ័យ បន្តឃុំខ្លួនសកម្មជនបក្សភ្លើងទៀនចំនួន៧នាក់ និងដោះលែង១៧នាក់ ពាក់ព័ន្ធនឹងការដើរប្រមូលស្នាមមេដៃប្រជាពលរដ្ឋដើម្បីបង្កើតគណបក្សនយោបាយថ្មី។ អតីតលេខាធិការគណបក្សភ្លើងទៀនខេត្តបន្ទាយមានជ័យ លោក សួន ខេមរិន ប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី១២ កញ្ញានេះថា ក្រោយពីមន្ត្រីបក្សភ្លើងទៀនប្រចាំខេត្តនេះ បានប្រមូលស្នាមមេដៃពលរដ្ឋដើម្បីបង្កើតបក្សថ្មីមក មន្ត្រីប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចាប់ខ្លួនសមាជិកក្រុមចំនួន២នាក់ កាលពីថ្ងៃទី០៨ ខែកញ្ញា។ លុះព្រឹកឡើង នៅថ្ងៃទី០៩ ខែកញ្ញា សមាជិក៥នាក់ទៀតត្រូវបានចាប់ខ្លួន។ លោកបន្តថា សកម្មជនបក្សភ្លើងទៀនទាំង៧នាក់ ដែលត្រូវបានប៉ូលិសចាប់ឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ គឺដើម្បីសាកសួរបន្ត។ អ្នកទាំងនោះជាថ្នាក់ដឹកនាំបក្ស និងម្នាក់ជាសកម្មជនបក្សភ្លើងទៀនប្រចាំខេត្តបន្ទាយមានជ័យ រួមមាន លោក ស៊ិន វត្ថា លោក ទេព សម្បត្តិ វឌ្ឍនោ លោក ឡុង ឡាវី លោក ទួត វាសនា លោក ឈុំ ស៊ីណាត និងលោក វ៉ាន់ ស៊ីអ៊ីវ រួមទាំងដៃគូជំនិតរបស់លោកម្នាក់។
ចំណែកនៅថ្ងៃទី១០ ខែកញ្ញា កោះហៅសកម្មជនចំនួន១៦នាក់ ក្នុងនោះក៏មានលោក សួន ខេមរិន ខ្លួនឯងផងដែរ ដើម្បីទៅសាកសួរ។ បន្ទាប់មកពួកគេត្រូវបានដោះលែងឡើងវិញ។ លោកបញ្ជាក់ថា ការចាប់ខ្លួននេះដោយប៉ូលិសចោទប្រកាន់ថា ពួកលោកដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋដើម្បីបង្កើតគណបក្សថ្មី។ ក៏ប៉ុន្តែលោកបាន បដិសេធថា មិនមានពាក់ព័ន្ធនឹងការបង្កើតគណបក្សថ្មីដូចការចោទប្រកាន់របស់ប៉ូលិសនោះឡើយ។
«ខ្ញុំសូមបញ្ជាក់ថារឿងហ្នឹងខ្ញុំអត់បានដឹងរឿងទេ អត់បានពាក់ព័ន្ធទេ។ គ្រាន់តែថាខ្ញុំ គ្រាន់តែឮព័ត៌មានថាបង្កើតបក្សថ្មី តែសកម្មភាពនៃការធ្វើគឺអត់ដឹងថាធ្វើអីទេ។…ដល់ពេលគេអញ្ជើញទៅស្នងការបានគេប្រាប់ថារឿងពាក់ព័ន្ធស្មាមមេដៃ ប្រមូលស្នាមមេដៃ។ ខ្ញុះបានលាលែងពីគណបក្សហ្នឹងតាំងពីមុនបោះឆ្នោតម្លេះ គ្រាន់តែថា យើងនៅមានទំនាក់ទំនងជាមួយគាត់ក្នុងនាមជាបងប្អូនចឹងហាស៎ ដល់ចឹងគេហៅខ្ញុំទៅសាកសួរទៅបំភ្លឺ»។
អ្នកស្រី សួន សោម៉ាលី ភរិយាសកម្មជនម្នាក់ក្នុងចំណោមអ្នកទាំង៧ គឺលោក ស៊ិន វត្ថា បានទៅជួបស្វាមីរបស់ខ្លួននៅតុលាការនៅព្រឹកថ្ងៃ១២ កញ្ញានេះ ប៉ុន្តែអ្នកបានជួបតែមួយសន្ទុះពេលដែលយកបាយឱ្យប្ដីប៉ុណ្ណោះ។ អ្នកស្រីបានឱ្យដឹងថា៖
«បានទៅជួបគាត់មួយភ្លែតមើលតែមុខ យកតែបាយឱ្យ។ ខ្ញុំអត់ដឹងទេគេហៅ(ស្វាមី)ធ្វើអី ខ្ញុំទើបតែបានជួបគាត់ហ្នឹង ពេលគេចាប់ដំបូងៗគេមិនឱ្យចូលជួបផង។ ហុចតែបាយហុចតែអីទៅ»។
លោក ស៊ិន វត្ថា សកម្មជនគណបក្សភ្លើងទៀន
ក្រោយការចាប់សកម្មជនរបស់ខ្លួនគណបក្ស ភ្លើងទៀន បានចេញសេចក្ដីថ្លែងការណ៍ថា បើទោះបីជាគណបក្ស ភ្លើងទៀន មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះក៏ដោយ ក៏សកម្មជន និងថ្នាក់ដឹកនាំគណបក្ស ភ្លើងទៀន ជាច្រើននាក់ នៅតែត្រូវទទួលរងនូវការកៀបសង្កត់ និងការគំរាមកំហែង ក្នុងការធ្វើសកម្មភាពរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានានៃព្រះរាជាណាចក្រកម្ពុជា។ គណបក្សនេះបានសម្តែងការសោកស្ដាយដែលសកម្មជនរបស់ខ្លួននៅតែត្រូវអាជ្ញាធរចាប់ខ្លួន៕