en     km
en     km

ក្រសួងកសិកម្មទទួលស្គាល់ថាស្រូវចុះថ្លៃ១លាន១០ម៉ឺនក្នុងមួយតោន ហើយមន្ត្រីកសិកម្មកំពុងចុះអន្តរាគមន៍

Share

ក្រោយពីព័ត៌មាននៃការចុះថ្លៃស្រូវត្រូវបានបង្ហោះយ៉ាងព្រោងព្រាតនៅលើបណ្ដាញទំនាក់ទំនងសង្គម នៅដើមខែកញ្ញា ឆ្នាំ២០២៣នេះ មន្ត្រីកសិកម្មក៏បានចុះអន្តរាគមន៍ ដោយចាប់ផ្ដើមកំណត់តម្លៃស្រូវឡើងវិញ។ ប៉ុន្តែកសិករអំពាវនាវឱ្យ មានការកំណត់តម្លៃស្រូវនេះ ឱ្យបានគ្រប់ចំនួនដែលពួកគេគាត់បានផលិត ចៀសវាងកំណត់លើចំនួនតិច ហើយស្រូវដែលសល់ត្រូវលក់ក្នុងតម្លៃទាបដដែល។ លោក គីម ចាន់ចាវ រាយការណ៍

 

ព័ត៌មានអំពីតម្លស្រូវនៅតំបន់មួយចំនួន ជាពិសេសនៅក្នុងខេត្តបាត់ដំបង ដែលគេស្គាល់ថាជាជង្រុកស្រូវរបស់កម្ពុជា ត្រូវបានអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍នឹងលើកឡើងញញែកវែកញែកជាហូរហែប៉ុន្មានថ្ងៃមកនេះ ក្នុងន័យថាតម្លៃស្រូវចុះថោក។ ព័ត៌មាននេះហាក់ផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Heng Det បានបង្ហោះសារក្នុងសំណេរដើមថា «កសិករយំមិនចេញ! ថ្ងៃនេះ(6/9/2023) ស្រូវចុះនៅត្រឹម១លាន ១០ម៉ឺន ក្នុងមួយតោន។ អត់មានមន្ត្រីណាចុះជួបកសិករទេ។ ស្រូវចុះថោកគឺទិញផ្ដាច់មុខ»។ សារនេះត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើនចែករំលែក ហើយអ្នកខ្លះក៏បានថតរូបសារ(Screenshot) យកមកបង្ហោះផងដែរ។ សូម្បីតែ លោក ខៀវ កាញារិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានចែករំលែក ដោយភ្ជាប់នូវសំណួរថា តើសារនេះជាការពិតដែរឬទេ?

ឆ្លើយតបនឹងចម្ងល់នេះ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានប្រាប់វិទ្យុស្ត្រីនៅរសៀលថ្ងៃទី០៨ ខែកញ្ញានេះដោយទទួលស្គាល់ថាជាព័ត៌មានពិត ដែលតម្លៃស្រូវចុះដល់១លាន១០ម៉ឺនរៀលក្នុងមួយតោន កាលពីអំឡុងថ្ងៃទី០៦ ខែកញ្ញា ហើយនៅថ្ងៃដដែលនេះអាចធ្លាក់មកដល់តម្លៃ១លាន៥ម៉ឺនរៀលក្នុងមួយតោន ឬ១០៥០រៀល ក្នុងមួយគឺឡូក្រាមផងដែរ។ ទោះយ៉ាងអ្នកនាំពាក្យរូបនេះអះអាងថាតម្លៃនេះកសិករនៅតែអាចចំណេញ ប៉ុន្តែចំណេញក្នុងតម្លៃតិច បើធៀបនឹងប៉ុន្មានសប្ដាហ៍មុន។

«ចាស៎ ចុះដល់ប៉ុណ្ណឹង ប៉ុន្តែទី១ បងបញ្ជាក់ថា បើទោះបីជាប្រែប្រួលតម្លៃមកដល់ប៉ុណ្ណឹងក៏ដោយ ក៏កសិករលោកនៅចំណេញ ប៉ុន្តែចំណេញតិចជាងប៉ុន្មានសប្ដាហ៍មុនដែលធ្លាប់លក់បាន១លាន៣០ម៉ឺន(រៀល)នៅក្នុងមួយតោន។ ចឹងខុសគ្នា២០ម៉ឺន(រៀល)ណាស៎ តែគាត់នៅតែចំណេញអញ្ចឹងសម្រាប់កសិករ»

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា

 

ទន្ទឹមនឹងការបង្ហោះសារពាក់ព័ន្ធនឹងស្រូវចុះថ្លៃរបស់ពលរដ្ឋខាងលើ ដែលចង់សំដៅដល់ខេត្តបាត់ដំបងនេះ លោក ភួ​ ពុយ​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​បាត់ដំបង​ និងលោកឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្ត បានចុះជួបសំណេះសំណាល​ ស្វែងរក​យន្តការ​ដោះស្រាយបញ្ហា​ធ្លាក់​ថ្លៃ​ស្រូវ​ស្រាលដើមរដូវ​(OM5451. ស្រង៉ែស្រាល​ សែន​ក្រអូប​)​ ដោយអះអាងថានឹង​ ទប់លំនឹងតម្លៃ​ មិនឱ្យក្រោម១.១៥០០០០រៀលក្នុង​មួយតោន​។ កញ្ញា អ៊ឹម រចនា បានបញ្ជាក់ថា ក្នុងពេលចុះពិនិត្យការប្រមូលផលនិងលក់ស្រូវនេះ លោកប្រធានមន្ទីរកសិកម្មពិនិត្យឃើញស្រូវកសិករមួយចំនួនត្រូវបានច្រូតកាត់ទាំងនៅខៀវខ្ចី លាយជាមួយនឹងស្រូវទុំ ដែលធ្វើឱ្យឈ្មួញទម្លាក់ថ្លៃផងដែរ។

«ហើយក្រសួងអំពាវនាវ ដល់បងប្អូនប្រជាកសិករសូមឱ្យលោកច្រូតកាត់ស្រូវដោយស្មារតីទទួលខុសត្រូវ ហើយចាំទុំស្រុះគ្នាចាំច្រូត។ បើមិនអញ្ចឹងទេ នៅទីបំផុតទៅលោកអាចប្រឈមនឹងការកាត់បន្ថយផលចំណេញណា៎។ ចំណេញតិចជាងមុន ដោយសារតែស្រូវទុំមិនស្រុះគ្នាហើយសើម»

ជុំវិញតម្លៃស្រូវនេះ អ្នកបញ្ជាទិញស្រូវឱ្យក្រុមហ៊ុនស្រូវ-អង្ករបៃតងម្នាក់ បានលើកឡើងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅព្រឹកថ្ងៃទី០៨ ខែកញ្ញានេះថា ក្រុមហ៊ុនអ្នកស្រីបានដាក់តម្លៃទិញស្រូវ តម្លៃ១.១៥០០០០រៀលក្នុង​មួយតោន ប៉ុន្តែនៅពេលមុននេះ មានឈ្មួញផ្សេងបានកក់ប្រាក់កសិករ ដើម្បីទិញស្រូវក្នុងតម្លៃទាបជាងនេះ។

«ថ្ងៃហ្នឹងតម្លៃឈ្មួញគាត់ដាក់តម្លៃថោក ដល់ចឹងខាងក្រុមហ៊ុនបៃតងគាត់នៅឈរម្សិលមិញគាត់ដាក់តម្លៃ១,១៥០០(រៀល) មានន័យថា១លាន១៥ម៉ឺនរៀល (ក្នុងមួយតោន ) ដល់ពេលចឹងឈ្មួញផ្សេងគាត់ទិញអត់សូវបានៗ ចឹងអាប្លុកដែលខ្ញុំថ្លឹងទៅខាងបៃតងម្សិលមិញ១០០តោនហ្នឹង ឈ្មួញចាប់ផ្ដើមមកកក់លុយយកកន្លែងហ្នឹងបណ្ដោយ១លាន១៤ម៉ឺនចាប់ផ្ដើមដើរកក់លុយយកហើយថ្ងៃហ្នឹងហ៍។ អាហ្នឹងឈ្មួញខាងក្រៅ តាមក្រុមហ៊ុនផ្សេងៗដែលគាត់ឱ្យកូនដៃគាត់ដើរមើលតាមភូមិហ្នឹងឥលូវគាត់ហ៊ានយកតម្លៃ១លាន១៤ម៉ឺន»

ជុំវិញការអន្តរាគមន៍របស់ថ្នាក់ដឹកនាំ និងមន្ទីរកសិកម្មលើបញ្ហាតម្លៃស្រូវនេះ កសិករម្នាក់នៅឃុំកំពង់ព្រៀង ស្រុក​សង្កែ បានឱ្យដឹងថា មន្ទីរកសិកម្មបានចរចាកំណត់តម្លៃ១.១៥០០០០រៀលក្នុង​មួយតោន ជូនកសិករ ប៉ុន្តែតម្លៃនេះគឺមានចំនួនកំណត់ត្រឹមតែ៣០០តោនក្នុងមួយឃុំ ឬស្មើនឹង៥០តោនក្នុងមួយភូមិ។ ក៏ប៉ុន្តែក្នុងមួយភូមិកសិករមានទិន្នផលស្រូវលើសពី៥០តោននេះ ដែលធ្វើឱ្យពួកគេត្រូវបង្ខំចិត្តលក់ក្នុងតម្លៃទាបដដែល។

«បានតែ៥០តោន ហើយ៥០តោនក្នុង១ភូមិបាន៥០តោនច្រូតតែ១០ហិកតាហ្នឹងធ្លាក់បាន៥០តោនបាត់ហើយ។ ដល់ពេលស្រូវយើងទុំមិនមែនច្រូតបានតែ១០ហិកតាហ្នឹងណាបងក្នុងមួយភូមិចូលដល់រាប់រយហិកតានោះ។ អញ្ចឹងមានន័យថាវាអត់សង្ឃឹមលក់ឱ្យបៃតង១លាន១៥ម៉ឺនហ្នឹងណា។ វាអត់សង្ឃឹមថាបានប៉ុណ្ណឹងទេ។ ដល់ពេលស្រូវយើងជន់មែនទែនភាគច្រើន១លាន៥ម៉ឺន មួយលានអីក៏គេលក់ដែរ។ បើសិនជា១លាន១៥ម៉ឺនមែន ហើយអត់ចាំបាច់កំណត់តោនប្រជាពលរដ្ឋសប្បាយចិត្តហើយ ព្រោះបាន១លាន១៥វាថ្លៃដែរហើយបង ប៉ុន្តែកំណត់តោនហ្នឹង»។

 ពាក់ព័ន្ធបញ្ហានេះ កញ្ញា អ៊ឹម រចនា អះអាងថាក្រសួងកសិកម្មកំពុងធ្វើការតាមដានជិតស្និទជាមួយមន្ទីរកសិកម្មខេត្ត។ កញ្ញាក៏បានបញ្ជាក់ដែរថាខណៈតម្លៃស្រូវប្រែប្រួលធ្លាក់ថ្លៃបន្តិចនៅបាត់ដំបងនេះ នៅតំបន់ផ្សេងទៀតដូចជាខេត្តព្រៃវែងជាដើមនៅតែអាចលក់ចេញក្នុងតម្លៃចន្លោះបី១,២០០រៀល ដល់១,៣០០រៀល ក្នុងមួយគីឡូក្រាមដដែល៕

 

Share

ព័ត៌មានទាក់ទង

Image