en     km
en     km

លោក Biden នឹងចូលរួមកិច្ចប្រជុំកិច្ចកំពូល G20នៅឥណ្ឌាមុនបន្តទៅវៀតណាម

Share

នៅថ្ងៃសុក្រ ទី៨ ខែសីហានេះ ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងចុះទស្សនកិច្ចនៅប្រទេសឥណ្ឌា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលក្រុមG20។ ខណៈប្រធានាធិបតីអាមេរិករូបនេះ នឹងធ្វើដំណើរបន្តនៅប្រទេសវៀតណាម ដើម្បីផ្សះផ្សាទំនាក់ទំនងការទូតផង និងជួយវៀតណាមដោះស្រាយវិបត្តិដែលបង្កដោយចិនផងដែរ។
(កញ្ញា កែវ សុជាតា រាយការណ៍)

មួយរយៈចុងក្រោយនេះ ប្រទេសជាច្រើនបានដាក់សម្ពាធលើប្រទេសចិនជាខ្លាំង ខណៈសហរដ្ឋអាមេរិកព្យាយាមចងសម្ព័ន្ធមិត្តជាមួយបណ្តាប្រទេសដទៃ ដែលចិនបានវាយប្រហារ និងធ្វើទុក្ខបុកម្នេញ។ តួយ៉ាង នៅថ្ងៃសុក្រ ទី៨ ខែសីហានេះ ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងធ្វើដំណើរទៅប្រទេសឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ដែលនឹងឡើងនៅថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០២៣នេះ។
នៅក្នុងនោះដែរ បញ្ហាដែលនឹងត្រូវលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលG20នេះ មានរបៀបវារៈដូចជា ការឈ្លានពានរបស់ប្រទេសចិន បញ្ហាប្រែប្រួលអាកាសធាតុ ការសិក្សាទៅលើបញ្ញាសិប្បនិម្មិត(AI)ឬរ៉ូប៊តដែលសមត្ថភាពគិត វិភាគ និងយល់ដឹងពីបញ្ហានានាដូចខួរក្បាលរបស់មនុស្ស ភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់ជាសកល និងបញ្ហាផ្សេងៗទៀត។


ទន្ទឹមគ្នានោះ លោក Biden គ្រោងនឹងបង្ហាញពីសំណើមួយចំនួនសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ដែលកំពុងជួបនូវវិបត្តិជំពាក់លុយប្រទេសចិន ហើយភាគីខាងចិនប្រើប្រាស់ហេតុផលនេះ ដើម្បីកាត់យកតំបន់មួយចំនួន។ លោក Biden គូសបង្ហាញថា លោកនឹងបង្កើនការផ្តល់ប្រាក់កម្ចីរបស់ធនាគារពិភពលោក និងរូបិយវត្ថុអន្តរជាតិក្នុងថវិកាប្រមាណ ២០០ ពាន់លានដុល្លារសហរដ្ឋអាមេរិក។
គួរបញ្ជាក់ដែរថា ប្រធានាធិបតីចិន លោក Xi Jinping នឹងមិនមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលG20 ដែលប្រព្រឹត្តទៅនៅក្នុងប្រទេសឥណ្ឌានោះទេ ក៏ប៉ុន្តែនាយករដ្ឋមន្រ្តីចិន លោក Li Qiang នឹងមកជាអ្នកតំណាងឱ្យប្រទេសចិនជំនួសឱ្យលោក Xi។
ដោយឡែក ប្រធានាធិបតីអាមេរិក លោក Joe Biden ដដែល នឹងធ្វើដំណើរបន្តទៅប្រទេសវៀតណាមនៅថ្ងៃអាទិត្យ ទី១០ ខែកញ្ញានេះ ក្នុងបេសកកម្មដើម្បីពង្រឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ ជំនួបនេះនឹងសង្កត់ធ្ងន់លើការបារម្ភអំពីសិទ្ធិមនុស្សនៅវៀតណាម។
យ៉ាងណាមិញ មន្រ្តីរបស់អាមេរិកម្នាក់ លោក Jake Sullivan បានប្រាប់សន្និសីទសារព័ត៌មាននៅសប្តាហ៍នេះថា នៅក្នុងដំណើរទស្សនកិច្ចនេះ គឺជាជំហានមួយគួរឱ្យកត់សម្គាល់ក្នុងការពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ក្រោយមានជម្លោះនិងប្រវត្តិសាស្រ្តឈឺផ្សាជាមួយគ្នាអស់ជាមួយអស់ជាច្រើនឆ្នាំមកហើយ។
ទោះបីជាយ៉ាងណាក៏ដោយ មន្រ្តីវៀតណាមម្នាក់បាននិយាយថា វៀតណាមមានគោលនយោបាយច្បាស់លាស់ណាស់ក្នុងការរាប់អានសម្ព័ន្ធមិត្ត។ លោកបានបន្តទៀតថា វៀតណាមតែងតែមិនប្រកាន់ខាង ពោលគឺមិនជ្រើសរើសសហរដ្ឋអាមេរិកប្រឆាំងនឹងចិនទេ ហើយក៏មិនជ្រើសរើសចិនដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិកនោះដែរ៕

 

Share

ព័ត៌មានទាក់ទង

Image