en     km
en     km

ជំនន់ទឹកភ្លៀងបន្តជន់លិចទីក្រុងក្នុងប្រទេសចិនឈានដល់ការបិទកន្លែងសាធារណៈ

Share

នៅថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ភ្លៀងធ្លាក់យ៉ាងគំហុកបានបណ្តាលឱ្យជន់លិចទីក្រុងហុងកុងរបស់ប្រទេសចិន។ ហេតុការណ៍នេះបានបង្កជាការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ក៏ព្រោះទីក្រុងនេះពុំដែលកើតមានជំនន់ទឹកភ្លៀងអស់រយៈពេល ១៤០ ឆ្នាំមកហើយ។
ភ្លៀងធ្លាក់យ៉ាងខ្លាំងនេះ បានជន់លិចផ្លូវ ផ្សារទំនើប និងស្ថានីយ៍រថភ្លើងក្រោមដីស្ទើរតែទាំងស្រុង។ ខណៈអាជ្ញាធរចិនបានប្រកាសបិទសាលារៀន ស្ថាប័នការងារ និងការដ្ឋានសាងសង់ជាបណ្តោះអាសន្នសិន ចាំរហូតដល់កម្រិតនីវ៉ូលនៃទឹកជំនន់ស្រក់ទើបជូនដំណឹងសាជាថ្មី។
ទោះបីយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះអាជ្ញាធរចិនបានរាយការណ៍ថា ពុំទាន់រកឃើញអ្នករងរបួសនៅក្នុងហេតុការណ៍គ្រោះទឹកជំនន់នាព្រឹកថ្ងៃសុក្រនេះនៅឡើយទេ។ ស្របពេលគ្នានេះដែរ អាជ្ញាធរចិនបានសំណូមពរឱ្យប្រជាជនទាំងអស់ស្វែងរកទីសុវត្ថិភាព ដើម្បីជ្រកកោន និងជៀសផុតពីគ្រោះថ្នាក់ជាយថាហេតុ។
សូមជម្រាបថា ព្យុះទីហ្វុងបានវាយប្រហារទីក្រុង និងខេត្តនៅភាគខាងត្បូងនៃប្រទេសចិនកាលពីចុងសប្តាហ៍នេះ ហើយព្យុះទាំងពីរត្រូវគេស្គាល់ថាជាព្យុះ Saola និង Haikui។ យ៉ាងណា អ្នកជំនាញបាននិយាយថា ការប្រែប្រួលអាកាសធាតុនេះបណ្តាលមកពីការបង្កើនឥទ្ធិពលនៃព្យុះត្រូពិច ដោយធ្វើឱ្យមានភ្លៀងធ្លាក់កាន់តែច្រើន និងខ្យល់បក់កាន់តែខ្លាំង ដែលអាចបង្កឱ្យមានទឹកជំនន់ភ្លាមៗ៕

ប្រភព៖ CNA ចុះថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image