en     km
en     km

អ្នកស្រី រឿន កុលាប នឹង​ប្ដឹង​តុលាការ​ករណី​រោងចក្រ​​សេងបូ បញ្ឈប់ពី​ការងារ​​ក្រោយ​ជាប់ជាប្រធានសហជីព

Share

តំណាងសហព័ន្ធសហជីពសេរីកម្មករ អះអាងថានឹងប្ដឹងបន្តទៅកាន់តុលាការខេត្តកំពង់ស្ពឺ ករណី អ្នកស្រី រឿន កូលាប និង លោក ហាក់ ហៀង ដែលត្រូវបាន ក្រុមហ៊ុនរោងចក្រសេងបូ ហ្គាមិន (ខេមបូឌា)ឯ.ក បញ្ឈប់ពីការងារដោយគ្មានមូលហេតុត្រឹមត្រូវ ជាង២ខែមកហើយ។ លោក គីម ចាន់ចាវ រាយការណ៍

 

រហូតមកដល់ថ្ងៃទី០៧ ខែកញ្ញានេះ ក្រុមហ៊ុនរោងចក្រសេងបូ ហ្គាមិន (ខេមបូឌា)ឯ.ក ដែលមានទីតាំងនៅទីរួមខេត្តកំពុងស្ពឺ នៅតែមិនទាន់អនុញ្ញាតឱ្យ មេសហជីពរោងចក្រជាប់ឆ្នោត ពីរនាក់ចូលធ្វើការវិញ ក្រោយពីពួកគេបានជាប់ឆ្នោតជាថ្នាក់ដឹកនាំសហជីពក្នុងរោងចក្រ។

អ្នកស្រី រឿន កុលាប ក្រោយបានជាប់ឆ្នោតជាប្រធានសហជីព ត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារ ប៉ុន្តែក្រោយប្ដឹងទៅក្រសួងការងារ អ្នកស្រីមិនត្រូវបានបង្គាប់ឱ្យចូលធ្វើការវិញឡើយ។ ប៉ុន្តែលោក ហាក់ ហៀង ដែលជាប់ជាអនុប្រធានសហជីព ត្រូវបាននាយកដ្ឋានវិវាទការងារ នៃក្រសួងការងារបង្គាប់ឱ្យ អនុញ្ញាតឱ្យមេសហជីពនេះចូលធ្វើការវិញ។ ទោះជាបែបនេះក្ដី លោកហាក់ ហៀង នៅតែមិនអាចចូលធ្វើការវិញបានដោយរដ្ឋបាលរោងចក្រមិនអនុញ្ញាតឱ្យចូលធ្វើការវិញឡើយដោយក្រុមហ៊ុនគ្រោងនឹងមានចំណាត់ការបន្តតាមនីតិវិធី។

អ្នកស្រី រឿន កុលាប និងលោក ហាក់ ហៀង ពេលទៅបំភ្លឺនៅនាយកដ្ឋានវិវាទ នៃក្រសួងការងារ

 

លោក សៅ សុខសាន អគ្គលេខាធិការសហព័ន្ធសហជីពសេរីកម្មករដែលសម្របសម្រួលករណីនេះ បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី០៧ ខែកញ្ញានេះថា ក្នុងរឿងនេះ ជាពិសេសករណី អ្នកស្រី រឿន កុលាប មិនអាចរកដំណោះស្រាយត្រឹមក្រសួងការងារបានឡើយ។ ដូច្នេះលោកកំពុងរៀបចំនីតិវិធីប្ដឹងបន្តទៅតុលាការខេត្តកំពង់ស្ពឺ។

«បងរឿន​ កុលាប រឿងគាត់មិនមានអ្នកសម្របសម្រួលណាចេញទេ ប៉ុន្តែយើងនៅតែបន្តនីតិវិធីគាត់។ ឥលូវនេះខ្ញុំកំពុងតែធ្វើពាក្យបណ្ដឹងឱ្យគាត់ដើម្បីឱ្យគាត់ផ្ដិតមេដៃដាក់ទៅខាងតុលាការចឹងហាស៎។ ដើម្បីឱ្យខ្ញុំរកជំនួយដើម្បីជួយគាត់នៅក្នុងអំឡុងពេលដែល គាត់អត់មានការងារធ្វើត្រូវគេបញ្ឈប់គាតពីការងារ»។

លោក សៅ សុខសាន អគ្គលេខាធិការសហព័ន្ធសហជីពសេរីកម្មករ

 

អ្នកស្រីរឿន កូលាប ជាស្ត្រីមេម៉ាយ ដែលត្រូវរ៉ាប់រងការចំណាយក្នុងគ្រួសារ និងផ្គត់ផ្គង់ការសិក្សារបស់កូន។ អ្នកស្រីបានឱ្យដឹងថា មួយរយៈពេលដែលអ្នកស្រីបាត់បង់ការងារធ្វើ អ្នកស្រីប្រឈមនឹងការបាក់ទឹកចិត្ត ដោយគ្មានប្រាក់សម្រាប់ឱ្យកូនទៅរៀន ខណៈពេលដែលអ្នកស្រីក៏ជាជន្ទល់ផ្គត់ផ្គង់ការចំណាយនិងការហូបចុកសម្រាប់គ្រួសារ។

« ប្រឈមមុខនឹងបាក់ទឹកចិត្តហើយខ្វះលុយៗដើម្បីទ្រទ្រង់ ដើម្បីជួយកូនបានទៅរៀនទៅសូត្រ កូនពេលខ្លះក៏អត់លុយចាក់សាំជូនកូនទៅរៀនដែរ រឿងងើបពីយប់មករៀននៅភ្នំពេញពីដើម ខ្ញុំមានលុយជួយផ្ទះឱ្យកូនព្រោះខ្ញុំមានលុយការងាររោងចក្រ ដល់តែពេលខ្ញុំអត់មានការងាររោងចក្រហ្នឹងទៅ បែរជាឱ្យកូនជួនពេលខ្លះក៏អត់មានលុយចាក់សាំងមកសាលា កូនត្រូវខាត ដល់ពេលប្រឡងត្រូវប្រឡងសង។ ចាស៎ ចឹងប៉ះពាល់អាហ្នឹង១ ហើយនៅក្នុងគ្រួសារទៀតការហូបចុកក៏មានការខ្វះខាតខ្លាំងដែរ ហើយបញ្ហាសុខភាពយើងក៏វាបាក់ទឹកចាត់ហាស៎អូន ពេលដែលអត់ការងារធ្វើទៅនេះខុយទៅនោះខុយចឹង»។

ពាក់ព័ន្ធបញ្ហានេះវិទ្យុស្ត្រីបានព្យាយាមទាក់ទងភាគីរដ្ឋបាលរោងចក្រ លោក អាំង មុន្នី ប៉ុន្តែលោកមិនលើកទូរសព្ទ។ យ៉ាងណាកន្លងមកលោកធ្លាប់បានប្រាប់ពីបញ្ហាលោកហាក់ ហៀងផងដែរ ដោយរោងចក្រសម្រេចមិនទាន់ឱ្យលោក ហាក់ ហៀង ចូលធ្វើការ ហើយគ្រោងនឹងប្ដឹងជំទាស់និងការបង្គាប់ឱ្យលោកចូលធ្វើការវិញ ប៉ុន្តែក្រុមហ៊ុននឹងទូទាត់ប្រាក់រំលឹកអំឡុងពេលផ្អាកការងារ ក្រោយរឿងនេះដោះស្រាយរួចរាល់។

លោក ហាក់ ហៀង អះអាងថា នឹងនៅតែប្រកាន់ជំហរចូលធ្វើការវិញ ដោយទាមទារឱ្យក្រុមហ៊ុន ផ្ដល់ឱ្យលោកចូលរួមក្នុងសកម្មភាពជាថ្នាក់ដឹកនាំសហជីព ដើម្បីអន្តរាគមន៍លើបញ្ហានានារបស់កម្មករ។

កម្មករទាំងពីរនាក់ដែលត្រូវបាន ក្រុមហ៊ុនរោងចក្រ សេងបូ ហ្គាមិន (ខេមបូឌា)ឯ.ក បញ្ឈប់ពីការងារ បានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងការងារ ជួយអន្តរាគមន៍យ៉ាងណាឱ្យពួកគេអាចចូលធ្វើការងារឡើងវិញ៕

 

Share

ព័ត៌មានទាក់ទង

Image