en     km
en     km

លោក នេត្រ ភក្ត្រា លើកពីការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ជាមួយតំណាងយូណេស្កូនៅកម្ពុជា

Share

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រាប់តំណាងអង្គការយូណេស្កូនៅកម្ពុជាពីអាទិភាពរបស់ក្រសួងព័ត៌មានទាក់ទងនឹងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលលោកយល់ថា ជនមួយចំនួនបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដើម្បីផ្សព្វផ្សាយបំពុលសង្គម។

ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ និងការចូលជួបសម្តែងការគួរសមរបស់លោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។

ក្នុងជំនួបនេះលោករដ្ឋមន្ត្រី បានប្រាប់ពីការងាររបស់ខ្លួនថា «ក្រសួងព័ត៌មានក្នុងអាណត្តិទី៧ នេះនឹងផ្តោតសំខាន់លើការធ្វើទំនើបកម្មស្ថាប័ន រដ្ឋបាលទំនើប និងការពង្រឹងគុណភាពនៃសារព័ត៌មាននៅកម្ពុជាតាមរយៈការបង្កើតឱ្យមានការបណ្តុះបណ្តាលវិក្រឹត្យការវិជ្ជាជីវៈសារព័ត៌មានដើម្បីបង្កើតធនធានមនុស្សក្នុងវិស័យនេះ និងការពង្រឹងការ អនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដើម្បីធ្វើឱ្យវិស័យសារព័ត៌មាននៅកម្ពុជាកាន់តែល្អប្រសើរថែមទៀត»។

លោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា បានចែករំលែកទស្សនជាមួយលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសន្យាថាចូលរួមសហការជាមួយក្រសួងព័ត៌មានដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការពង្រឹងការគោរព និងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងចូលរួមសហការការងារផ្សេងៗទៀត។

​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​បាន​ស្រង់​ប្រភព​ដែល​ផ្សព្វផ្សាយ​សារ និង​វីដេអូ​ពាក់ព័ន្ធ​នឹង​ដំណឹង​ក្លែងក្លាយ ព័ត៌មាន​មិន​ពិត ញុះញង់​បំពុលសង្គម និង​ជេរប្រមាថ​ថ្នាក់ដឹកនាំ​សរុប​ចំនួន​ជាង ៦ ០០០ ករណី ក្នុង​រយៈពេល ​៣ ​ឆ្នាំ​ ចាប់ពី​ឆ្នាំ​ ២០២០ ដល់ ឆ្នាំ​ ២០២២​។ នេះ​បើតាម​របាយការណ៍​ស្តីពី​សមិទ្ធផល​សម្រេចបាន​រយៈពេល ៥ឆ្នាំ​របស់​ក្រសួង​ព័ត៌មាន​ ដែលចេញផ្សាយអំឡុងខែមេសា ឆ្នាំ២០២៣។

​របាយការណ៍នេះ​បានឱ្យដឹងថា ដំណឹង​ក្លែងក្លាយ ព័ត៌មាន​មិន​ពិត ញុះញង់​បំពុលសង្គម និង​ជេរប្រមាថ​ថ្នាក់ដឹកនាំ​សរុប​ចំនួន​ជាង ៦ ០០០ករណីនេះ មាននៅ​ឆ្នាំ​២០២០ គិត​ចាប់ពី​ថ្ងៃទី​១១ ​ខែមីនា បាន​ស្រង់​ប្រភព​ដែល​ផ្សព្វផ្សាយ​សារ ​និង​វីដេអូ​ពាក់ព័ន្ធ​នឹង ដំណឹង​ក្លែងក្លាយ​ ព័ត៌មាន​មិន​ពិត ​ញុះញង់​បំពុលសង្គម​ និង​ប្រមាថ​ថ្នាក់ដឹកនាំ​សរុប​ចំ​នួន ១ ៣៤៣​ករណី​។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យសារព័ត៌មាន ដើម្បីពង្រឹងគុណភាពអត្ថបទដែលផ្សព្វផ្សាយជូនសាធារណជន ពោលគឺធ្វើយ៉ាងណាឱ្យអត្ថបទដែលផ្សព្វផ្សាយមានគុណភាព និងផ្តល់ផលប្រយោជន៍ច្រើនសម្រាប់សាធារណជនជាអ្នកអាន អ្នកទស្សនា។

លោកនេត្រ ភត្រា អះអាងថា ក្រសួងព័ត៌មាននឹងរៀបចំបើកវគ្គបណ្តុះបណ្តាលធនធានមនុស្សលើជំនាញសារព័ត៌មាននេះជូនមន្ត្រីដែលកំពុងបម្រើការងារក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងក៏ស្វាគមន៍ផងដែរ អ្នកសារព័ត៌មាននានាដែលមានបំណងចង់បង្កើនសមត្ថភាពរបស់ខ្លួន ឬបំប៉នបន្ថែមនូវជំនាញខ្លួន។ ដ្បិតអី ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានត្រឹមត្រូវ គឺជាអាវក្រោះការពារអ្នកសារព័ត៌មាន និងធ្វើឱ្យវិស័យសារព័ត៌មានកាន់តែមានការរីកចម្រើន៕

 

Share

ព័ត៌មានទាក់ទង

Image