en     km
en     km

សិស្សស្រី៦៧នាក់ត្រូវបណ្តេញទៅផ្ទះវិញ ក្រោយបន្តស្លៀកសម្លៀកបំពាក់អ៊ីស្លាមនៅក្នុងសាលាបារាំង

Share

យ៉ាងហោចណាស់ស្រ្តីចំនួន ៦៧ នាក់ ត្រូវបានគ្រឹះស្ថានអប់រំក្នុងប្រទេសបារាំងបណ្តេញមិនឱ្យចូលរៀននៅក្នុងថ្នាក់ក្រោយល្មើសបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន។ ក្នុងនោះ ភាពតានតឹងនេះកើតឡើង បន្ទាប់ពីសិស្សស្រីទាំងនេះបានស្លៀករ៉ូបខ្មៅពីក្បាលដល់ចុងជើង ដែលជារបៀបស្លៀកពាក់របស់ស្រ្តីអ៊ីស្លាម។ រដ្ឋមន្រ្តីបារាំងយល់ថា សម្លៀកបំពាក់អ៊ីស្លាមមួយបែបនេះបានរំលោភលើច្បាប់សាសនាដ៏តឹងរឹងបំផុតមួយនៅក្នុងវិស័យអប់រំរបស់ប្រទេសបារាំង។

រដ្ឋមន្រ្តីក្រសួងអប់រំបារាំង លោក Gabriel Attal បានរាយការណ៍នៅថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ថា នៅថ្ងៃបើកបវេសនកាលនៃឆ្នាំសិក្សាថ្មីនាខែកញ្ញានេះ គ្រឹះស្ថានអប់រំបារាំងទាំងអស់មិនអនុញ្ញាតឱ្យសិស្សស្រីដែលស្លៀកពាក់អាបាយ៉ា ឬរ៉ូបខ្មៅពីក្បាលដល់ចុងជើងរបស់ស្រ្តីអ៊ីស្លាម ចូលរៀន នោះឡើយ។ លោក Attal បានគូសបញ្ជាក់ថា ក្នុងចំណោមសិស្សស្រីចំនួន ៣០០ នាក់ ក្នុងនោះមានសិស្សស្រីចំនួន ៦៧ នាក់បានអវត្តមាន ដោយសារតែពួកគេនៅតែបន្តប្រឆាំងមិនព្រមប្តូរសម្លៀកបំពាក់។

ទន្ទឹមគ្នានោះ រដ្ឋមន្រ្តីរូបនេះបានឱ្យដឹងទៀតថា ក្រោយមិនឱ្យស្ត្រីទាំងនេះចូលរៀននៅក្នុងសាលាដ្បិតពួកគេបានល្មើសនឹងបទបញ្ជា គ្រឹះស្ថានអប់រំបានចាត់វិធានការជូនដំណឹងទៅដល់អាណាព្យាបាលរបស់សិស្សានុសិស្សទាំងនេះ។ នៅក្នុងខ្លឹមសារនៃសំណេរនេះបានរៀបរាប់ថា ច្បាប់នេះមិនមានចេតនារឹតបន្តឹងសិទ្ធិសេរីភាពណាមួយ ឬរើសអើងដល់ជាតិសាសន៍ សាសនា វប្បធម៌ ឬប្រពៃណីទំនៀមទម្លាប់របស់ក្រុមសហគមន៍នោះទេ។

ផ្ទុះទៅវិញ ច្បាប់ដែលដាក់ចេញនេះមានគោលបំណងបង្កើនសេរីភាព រក្សាស្ថិរភាព និងអធិបតេយ្យភាពរបស់ប្រទេសប៉ុណ្ណោះ។ យ៉ាងណា រដ្ឋមន្ត្រីដដែលបានអះអាងថា ប្រសិនបើសិស្សស្រីទាំងនេះបង្ហាញខ្លួនសាជាថ្មីជាមួយនឹងសម្លៀកបំពាក់ដដែលនៅថ្ងៃបន្ទាប់ នោះអាជ្ញាធរបារាំងនៅតែបន្តចាត់វិធានការ និងអន្តរាគមន៍ជុំវិញករណីនេះដដែល។

គួរបញ្ជាក់ដែរថា នៅថ្ងៃអាទិត្យ ទី២៧ ខែសីហាកន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងអប់រំបារាំង លោក Gabriel Attal បានដាក់ចេញនូវបម្រាមហាមឃាត់ស្រ្តីមិនឱ្យស្លៀករ៉ូបខ្មៅពីក្បាលដល់ចុងជើងនៅក្នុងបរិវេណគ្រឹះស្ថានអប់រំទាំងឡាយ ដែលស្ថិតនៅក្នុងប្រទេសបារាំងតទៅទៀត។

ជាមួយគ្នានេះដែរ អាជ្ញាធរបារាំងបានបង្ហាញថា សិស្សអ៊ីស្លាមជាច្រើនបាននាំគ្នាស្លៀករ៉ូបខ្មៅពីក្បាលដល់ចុងជើងតាមរបៀបសាសនាអ៊ីស្លាមនេះពាសពេញបរិវេណសាលារៀន ដែលបង្កជាភាពតានតឹងដល់គ្រូបង្រៀន ឪពុកម្តាយ អាណាព្យាបាល និងអ្នកគ្រប់គ្រងគ្រឹះស្ថានសិក្សាមួយចំនួនផងដែរ។

សូមរំលឹកដែរថា កាលពីខែមីនា ឆ្នាំ២០០៤ ប្រទេសបារាំងបានចែងច្បាប់មួយស្តីពីបទហាមឃាត់ការស្លៀកពាក់ក្នុងគោលបំណងបង្ហាញជាសញ្ញាអ្វីមួយ ឬជាសម្លៀកបំពាក់ដែលសិស្សបង្ហាញយ៉ាងច្បាស់អំពីសាសនារបស់ខ្លួន។ ច្បាប់នេះរាប់បញ្ចូលទាំងការហាមឃាត់មិនឱ្យមានឈើឆ្កាងធំៗ ដែលជានិមិត្តសញ្ញារបស់សាសនាគ្រិស្ត គីបប៉ារបស់សាសនាយូដា និងកន្សែងបិទបាំងសក់របស់ស្រ្តីអ៊ីស្លាម៕

ប្រភព៖ The Guardian ចុះថ្ងៃពុធ​ ទី៦ ខែកញ្ញា ឆ្នាំ២០២៣

 

Share

ព័ត៌មានទាក់ទង

Image