en     km
en     km

នាយករដ្ឋមន្រ្តីសិង្ហបុរីថា សមាជិកអាស៊ានត្រូវតែសកម្មជុំវិញការដោះស្រាយវិវាទក្នុងតំបន់

Share

នាយករដ្ឋមន្រ្តីសិង្ហបុរីបាននិយាយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានថា សមាជិកទាំងអស់គប្បីរកចំណុចរួមគ្នាមួយ ដើម្បីដោះស្រាយវិបត្តិដែលកើតមានឡើងនៅក្នុងតំបន់ ពិសេសគឺជម្លោះនៅមីយ៉ាន់ម៉ា។ ហើយលោកបានព្រលយដែរថា ជម្លោះរវាងប្រទេសមហាអំណាចចិននិងសហរដ្ឋអាមេរិកក៏មិនគួរមើលរំលងផងដែរ។

(កញ្ញា កែវ សុជាតា រាយការណ៍)

យោងតាមសារព័ត៌មាន CNA បច្ចុប្បន្នពិភពលោកពោរពេញទៅដោយជម្លោះទាក់ទិននឹងភូមិសាស្រ្តនយោបាយ ដែលបង្កជាភាពវឹកវរនៅក្នុងប្រទេសជាតិ ប៉ះពាល់ដល់ទំនាក់ទំនងការទូតជាមួយប្រទេសដទៃ និងបង្កជាជម្លោះបង្កើតជាសង្រ្គាមឆាបឆេះពេញផ្ទៃប្រទេស។ ជាពិសេស ប្រជាពលរដ្ឋស្លូតត្រង់ជាច្រើននាក់ ត្រូវព្រាត់ប្រាសគ្រួសារ រងនូវពិការភាព បាត់បង់ជីវិត និងត្រូវជម្លៀសខ្លួនចាកចេញពីស្រុកកំណើត។

នៅក្នុងនោះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានបើកកិច្ចប្រជុំកំពូលនាថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ។ ក្រោមការរៀបចំដឹកនាំរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី ​ លោក Joko Widodo មេដឹកនាំកំពូលៗទាំងអស់ត្រូវចូលរួមដោះស្រាយបញ្ហាដែលមានដូចជា ភាពវឹកវរនៅក្នុងប្រទេសមីយ៉ាន់ម៉ា ជម្លោះនៅលើដែនសមុទ្រចិនខាងត្បូង និង​ការ​ប្រកួតប្រជែង​​រវាងមហាអំណាច​សហរដ្ឋ​អាមេរិក និង​ចិនជាដើម​។

នៅថ្ងៃអង្គារ ទី៥ ខែកញ្ញាដដែលនេះ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong បាននិយាយថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ត្រូវតែសកម្មមិនត្រូវខ្លាចរអាល់ក្នុងការវិភាគវែកញែកលើបញ្ហា ដែលកំពុងប្រឈមនោះទេ។ លោក Lee បានបន្តទៀតថា សមាជិកអាស៊ានទាំងអស់ត្រូវរួបរួមគ្នាដោះស្រាយបញ្ហាលំបាកនានាមិនថាជាបញ្ហាខាងក្រៅ ឬជាបញ្ហាផ្ទៃក្នុងនោះឡើយ។ លោកបន្ថែមទៀតថា សមាជិកអាស៊ានទាំងអស់ត្រូវតែត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមយ៉ាងសកម្មដោះស្រាយ និងសម្រាប់ផលប្រយោជន៍រួមគ្នា។

ជាការកត់សម្គាល់ សហរដ្ឋអាមេរិក និងចិនកំពុងស្ថិតនៅក្នុងភាពតានតឹងរៀងៗខ្លួន ខណៈប្រទេសទាំងពីរសុទ្ធសឹងតែមានទំនាក់ទំនងយ៉ាងរឹងមាំ និងដើរតួយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន។ អ្នកវិភាគយល់ថា ជម្លោះរវាងប្រទេសមហាអំណាចទាំងពីរនេះបានគម្រាមកំហែងដល់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍យ៉ាងខ្លាំង។

ចំណែកឯជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ាវិញ ក៏ជាប្រធានបទដ៏ក្តៅគគុកមួយដែរ ដែលមេដឹកនាំកំពូលៗបានលើកយកមកពិភាក្សា និងដោះស្រាយតាមសន្តិវិធី ដែលអាចធ្វើទៅបាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ សមាជិកអាស៊ានទាំងអស់កំពុងចាត់ចំណាត់ការ និងរកវិធីសាស្រ្តផ្សេងៗក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា៕

ប្រភព៖ CNA ចុះថ្ងៃពុធ​ ទី៦ ខែកញ្ញា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង

Image