en     km
en     km

លោក គួច ម៉េងលី៖ អត្រាធ្លាក់ចុះនៃការព្យាបាលកុមារនៅមន្ទីពេទ្យគន្ធបុប្ផាបង្ហាញថាការយល់ដឹងពីបញ្ហាសុខភាពពលរដ្ឋមានភាពល្អប្រសើរ

Share

ភ្នំពេញ៖ របាយការណ៍ខែសីហា ឆ្នាំ ២០២៣ មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យព្យាបាលកុមារប្រមាណជាង ៨ម៉ឺន៥ពាន់នាក់ (៨៥ ៨០៦ នាក់) ចំនួននេះមានការថយចុះជិត៦រយនាក់(៥៧៣ នាក់) បើធៀបនឹងខែកក្កដាដែលមានចំនួនជាង៨ម៉ឺន៦ពាន់នាក់ (៨៦ ៣៧៩ នាក់)។ ជុំវិញអត្រាថយចុះនេះ អ្នកជំនាញសុខភាព លោក គួច ម៉េងលី យល់ថាបណ្តាលមកពីហេតុផលផ្សេងៗគ្នាជាច្រើនដែលសុទ្ធសឹងតែបង្ហាញឱ្យឃើញពីសមទ្ធផលវិជ្ជមាន។

(កញ្ញា គុជ ស៊ីកុល ជូនសេចក្តីរាយការណ៍)

មន្ទីពេទ្យគន្ធបុប្ផាជាមន្ទីពេទ្យមួយដែលពលរដ្ឋទូទៅមានទំនុកចិត្តទៅលើ សេវាសុខភាពមានគុណភាពល្អ ហើយក៏មិនមានការគិតថ្លៃព្យាបាលជំងឺកុមារផងដែរនោះ ថ្មីៗនេះបានចេញរបាយការណ៍នៃការព្យាបាលកុមារ នៅក្នុងខែសីហា ឆ្នាំ២០២៣ឃើញថា មានអត្រាថយចុះបើធៀបនឹងខែកក្កដា កន្លងទៅ។

ឆ្លើយតបទៅនឹងមូលហេតុនៃការធ្លាក់ចុះចំនួនព្យាបាលកុមារនេះ លោកវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន (Mengly J. Quach Education)ចាត់ទុកថា លទ្ធផលនេះបង្ហាញឱ្យឃើញពីភាពល្អប្រសើរទាក់ទងទៅនឹង ចំណេះដឹងនៃការថែរក្សាសុខភាពរបស់ពលរដ្ឋទៅលើកូនៗ ព្រមទាំងបញ្ជាក់ឱ្យឃើញពីគុណភាពនៃជំនាញវិជ្ជាជីវៈគ្រូពេទ្យមានភាពល្អប្រសើរ ដែលនេះក៏ជាការខិតខំជ្រោមជ្រែងពីក្រសួងសុខាភិបាល។

លោក គួច ម៉េងលី៖«បាទ!មកពីការយកចិត្តទុកដាក់ពីក្រសួងសុខាភិបាល និងការរីកចម្រើននៃការយល់ដឹងរបស់គ្រូពេទ្ ហើយនិងការផ្សព្វផ្សាយពីក្រសួង និងការយល់ដឹងរបស់មាតាបិតាអំពីការថែទាំកុមារ ថែទាំកូន បំបៅដោះកូន ចំណីអាហាររបស់កូន អីចឹងវាអាចជួយកាត់បន្ថយជាទូទៅនៃអត្រានៃការឈឺរបស់កូនអីចឹងហាស៎បាទ»

លោកវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន។ រូបភាព៖ ហ្វេសប៊ុក លោក គួច ម៉េងលី

លើសពីមូលហេតុដែលបង្ហាញឱ្យឃើញជាផលវិជ្ជមាន លោក គួច ម៉េងលី ក៏បានលើកឡើងផងដែរអំពីកត្តាមួយផ្សេងទៀតបង្កឱ្យអត្រាព្យាបាលកុមារនៅមន្ទីពេទ្យគន្ធបុប្ផាធ្លាក់ចុះគឺមកពីមានវេជ្ជបណ្ឌិត និងគ្រូពេទ្យមួយចំនួនចេញបើកគ្លីនិកឯកជនជាច្រើនដែលនេះក៏ជាហេតុធ្វើឱ្យអាណាព្យាបាលខ្លះយកកូនទៅព្យាបាលនៅគ្លីនិកទាំងឯកជនទាំងនោះ។

ដោយឡែក តាមការកត់សម្គាល់រយៈពេល៥ឆ្នាំកន្លងមកនេះ លោកនិយាយបានថា ប្រជាពលរដ្ឋហាក់មានចំណេះដឹងទូលំទូលាយលើបញ្ហាសុខភាព ហើយលោកក៏ស្នើសុំឱ្យអាណាព្យាបាលគ្រប់រូបត្រូវបង្កើនការយលចិត្តទុកបន្ថែមទៅលើកុមារ ដើម្បីធ្វើឱ្យមានភាពប្រសើរឡើង និងធានាបាននូវសុខកមាលភាពកុមារតាមរយៈការចាក់វ៉ាក់សាំងបង្កាជំងឺនានា និងរៀបចំម្ហូបអាហារដែលផ្តល់នូវជីវជាតិដល់កុមារ។

លោក គួច ម៉េងលី ៖ «បាទ! ខ្ញុំសំណូមពរឱ្យលោកឪពុកអ្នកម្តាយតាមដានការចាក់វ៉ាក់សាំងកូនរបស់គាត់ឱ្យបានទៀតទាត់ព្រោះអាហ្នឹងគឺសំខាន់ណាស់ជួយពង្រឹងការពារកូនគាត់កុំឱ្យមានការឈឺ ឆ្លងជំងឺផ្សេងៗ អីចឹងការចាក់វ៉ាក់សាំងទៀតទាត់គេហៅថាកិច្ចចម្បងបំផុតហើយក្នុងគ្រួសារ ដើម្បីថែទាំសុខភាពកូនរបស់គាត់ ទីពីរការញាំចុកសូម​ឱ្យមានភាពអនាម័យ ព្រោះភាពអនាម័យនេះកាត់បន្ថយជាតិរ៉ាឌីកូលគឺមហារីកដែលធ្វើឱ្យកើតឡើងក្នុងខ្លួនយើងបាទនិងមានម្ហូបគ្រប់ចំនួន ការចិញ្ចឹមកូនមិនមែនតែបាយស្រូបសម្លរទេ យើងមានបន្លែមានផ្លែឈើ មានបាយ ទឹកដោះគោ និងផ្សេងៗទៀតឱ្យកូនអីចឹងហាស៎»

តាមរបាយការណ៍របស់មន្ទីពេទ្យគន្ធបុប្ផាចេញថ្ងៃទី ៥ កញ្ញាបានឱ្យដឹងថា ក្នុងខែសីហា ឆ្នាំ ២០២៣ នេះមានកុមារឈឺចំនួន ៨៥ ៨០៦ នាក់ ត្រូវបានពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ ដែលមានការថយចុះចំនួន ៥៧៣ នាក់ធៀបនឹងខែមុន ដែលមានចំនួន ៨៦ ៣៧៩ នាក់។ ក៏ប៉ុន្តែក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៣ នេះ មន្ទីរពេទ្យគន្ធបុប្ផាបានពិនិត្យ និងព្យាបាលកុមារសរុបប្រមាណ ៥០ ម៉ឺននាក់ ដែលក្នុងនោះកុមារឈឺធ្ងន់ៗប្រមាណ ៩ ម៉ឺននាក់ត្រូវបានទទួលឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដែលចំនួននៃការសម្រាកព្យាបាលនេះមានការកើនឡើងជាង ១០០ ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាពីឆ្នាំមុន៕

Share

ព័ត៌មានទាក់ទង

Image