en     km
en     km

តើអត្រាមានការងារធ្វើជាង៩៩% ឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជាឬទេ?

Share

ក្នុងជំនួបសំណេះសំណាលជាមួយកម្មករកម្មការិនីកាលពីពេលថ្មីនេះៗ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់អាត្រាមានការងារធ្វើរបស់ប្រជាជនថា មានជាង៩៩%ដែលជាអាត្រាមួយខ្ពស់នៅកម្ពុជា។ បើទោះបីជាមានការបញ្ជាក់ពីហេតុផលនៃអត្រាអ្នកមានការងារធ្វើច្រើននេះ ប៉ុន្តែ សហជីពដែលធ្វើការលើវិស័យការងារ អំពាវនាវឱ្យក្រសួងការងារត្រូវពិនិត្យឡើងវិញ ចំពោះនិយមន័យនៃអ្នកមានការងារធ្វើនេះ និងអ្នកមិនមានការងារធ្វើនេះ ខណៈបច្ចុប្បន្នមានរោងចកខ្លះបិទ និងព្យួរការងារកម្មករ។ លោក គីម​ ចាន់ចាវ រាយការណ៍

 

ឃ្លីបវីដេអូរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាវិជ្ជាជីវៈ ដែលបានលើកឡើងថា អាត្រាមានការងារធ្វើរបស់ប្រជាជន មានជាង៩៩% ត្រូវបានអ្នកលេងបណ្ដាញសង្គមយកមកបង្ហោះ ក្នុងន័យងឿងឆ្ងល់ថាអត្រានេះហាក់ខ្ពស់ខ្លាំង ដោយអ្នកបង្ហោះនិងចែករំលែកភាគច្រើនយល់ឃើញថា អ្នកមិនមានការងារធ្វើហាក់មានចំនួនច្រើន។ ក៏ប៉ុន្តែការលើកឡើងរបស់រដ្ឋមន្រ្តីថ្មីរូបនេះ ដោយផ្អែកលើរបាយការណ៍របស់អង្គការអន្តរជាតិខាងការងារ (ILO) និងធនាគារពិភពលោក។

«ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំ ដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណជាង៩៩% នៃកម្លាំងពលកម្មសរុប១០លាន៨សែននាក់។ លក្ខខណ្ឌការងារនិងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត ត្រូវបានមានភាពប្រសើរឡើងជាបន្តបន្ទាប់ជាក់ស្ដែងប្រាក់ឈ្នួលអប្បបរមា ដែលមាន៤០ដុល្លារក្នុងឆ្នាំ១៩៩៧ បានកើនដល់២០០ដុល្លារអាមេរិកក្នុងឆ្នាំ២០២៣»។

ទោះយ៉ាងណា លោក អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា ​(CLC)  បានប្រាប់វិទ្យុស្ត្រីថា របាយការណ៍នេះមិនបានឆ្លុះបញ្ចាំងពីស្ថានភាពការងារពិតនៅកម្ពុជាឡើយ។

«នៅពេលបច្ចុប្បន្នកម្មករអត់មានការងារធ្វើច្រើនព្យួរការងារមិនមានការងារ ហើយអ្នកដែលមនុស្សចាស់កូនក្មេង និងអ្នកដែលមិននៅក្នុងកម្លាំងពលកម្មក៏អត់មានចំណូលដែរ។ បើដូចនៅស្រុកគេមនុស្សចាស់កូនក្មេងគេមានលុយសម្រាប់ជួយចិញ្ចឹម មនុស្សចាស់គេមានលុយចិញ្ចឹម ហើយអ្នកធ្វើការគេទៅធ្វើការទៀត ហើយអ្នកដែលអត់ការងារធ្វើគេមានលុយ..ហើយយើងមនុស្សចាស់អត់មានលុយ កូនក្មេងអត់មានលុយ ហើយអ្នកមានបណ្ណក្រីក្រមានតិចតួច ចំណែកអ្នកធ្វើការក៏ធ្វើមិនបានពេញលេញ អ្នកខ្លះអត់ការងារធ្វើ ឬក៏ការងារមិនបានពេញលេញ អាចមួយសប្តាហ៍ធ្វើបាន៣-៤-៥ថ្ងៃចិញ្ចឹមតែខ្លួនឯងមិនរស់ដែរ។ ហើយចឹងបានថា មិនអាចចាត់ទុកថាមានការងារធ្វើទេ។ ចឹងយករបាយការណ៍នេះមកនិយាយ ដើម្បីសំដៅប្រជាពលរដ្ឋមួយប្រទេសម្ដងវាអត់ត្រូវទេ»។

ជុំវិញការលើកឡើងនេះ លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ ​និង​សិទ្ធិមនុស្ស​​ហៅកាត់ថា ​សង់ត្រាល់ បានដាក់ការសង្ស័យលើរូបមន្តនៃការកំណត់ខ្លាចក្រែងថា មិនមានស្ដង់ដារដោយកំណត់ថាការងារដែលធ្វើ៨ម៉ោងក្នុងមួយថ្ងៃ។ ទោះយ៉ាងណា លោក មឿន តុលា បញ្ជាក់ថា បើអត្រាមានការងារធ្វើមានរហូតដល់ជាង៩៩%មែន នៅកម្ពុជាអាចនឹងមិនមានពលរដ្ឋក្រីក្រដល់ជាង១៦%ឡើយ ហើយក៏មិនមានពលករច្រើនធ្វើចំណាកស្រុកទៅក្រៅប្រទេសដែរ

«បើសិនជាយើងកំណត់ថាគ្រាន់តែធ្វើការមួយម៉ោងជួយបងប្អូនអ៊ុំពូមីងអី ដូចក្មេងមកពីរៀននៅភ្នំពេញ ហើយជួយធ្វើការមីងជួយលក់ដូរមីងតិចតួច យកគាត់ថាមានការងារធ្វើដែរណា៎ យើងអត់យកស្ដង់ដារការងារយើងដែលកំណត់៨ម៉ោងក្នុង១ថ្ងៃ ៤៨ម៉ោងក្នុងមួយសប្ដាហ៍ មានប្រាក់ខែគោលអីច្បាស់លាស់ចឹងហាស៎ ហើយសិនអត់កំណត់អាហ្នឹងទេវាអាច៩៩% ដូចគាត់ថាហ្នឹង។ ធាតុពិតជាក់ស្ដែងសម្រាប់ការមើលឃើញរបស់ពួកខ្ញុំវាអត់ដល់ប៉ុណ្ណឹងទេ។ បើសិនយើងមើលរបាយការណ៍របស់ធនាគារពិភពលោក ដូចជានៅឆ្នាំ២០២០ជាង.. គឺអ្នកដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្ររហូតដល់១០ភាគរយជាង។ អាហ្នឹងវា អត់ឆ្លុះបញ្ចាំង ព្រោះមានន័យថាម៉េច បើសិនជាអ្នកមានការងារធ្វើរហូតដល់៩៩,៥% មានន័យថាអ្នកដែលមានការងារធ្វើក៏ស្ថិតនៅក្នុងបន្ទាត់ភាពក្រីក្រដែរ។ ..ទី២យើងឃើញពលរដ្ឋទៅធ្វើការនៅក្រៅប្រទេសច្រើន អ្វីដែលគាត់លើកឡើងថាមូលហេតុដែលគាត់ទៅធ្វើការនៅក្រៅប្រទេសហ្នឹង គឺដោយសារគាត់អត់មានការងារធ្វើនៅក្នុងស្រុក វាមានដែលប៉ុន្តែវាអត់ច្បាស់លាស់ វាអត់ស្ថេរភាពណាស៎»។

ទោះយ៉ាងណា លោក ហេង សួរ បានធ្វើស្ថិតិមួយ ដោយដកស្រង់ការកំណត់និយមន័យរបស់អង្គការILO យកមកបញ្ជាក់។ ស្ថិតិនោះបង្ហាញថា អ្នកមានការងារធ្វើ សំដៅលើ អ្នកមានអាយុ ១៥ឆ្នាំឡើង ដែលក្នុងរយៈពេលមួយអាទិត្យ ឬ៧ថ្ងៃចុងក្រោយ បាន ចូលរួមក្នុងសកម្មភាពផលិតផលិតផល ឬផ្តល់សេវាកម្ម ដើម្បីទទួលបានប្រាក់ខែ ឬប្រាក់ចំណេញ ដោយគិត បញ្ចូលទាំងអ្នកកំពុងធ្វើការក្នុង និងក្រៅប្រទេស និង អ្នកដែលអវត្តមាននៅកន្លែងធ្វើការ ដោយមូលហេតុនៃ ការឈប់សម្រាកដោយសារមានជំងឺ គ្រោះថ្នាក់ការងារ ការសិក្សាឬការបណ្តុះបណ្ដាល សម្រាកលំហែរមាតុ ភាព ឬដោយមូលហេតុផ្សេងៗ។

ចំណែកអ្នកគ្មានការងារធ្វើ សំដៅលើបុគ្គលទាំងឡាយណាដែលស្ថិតនៅ ក្នុងអាយុធ្វើការ ដែលមិនមានការងារ កំពុងស្វែងរកការងារ និងអាចទទួលយកឱកាសការងារ ឬអាចធ្វើការងារបានប្រសិនបើមាន។

អ្នកមានការងារធ្វើ និងអ្នកអត់ការងារធ្វើ គឺមិនបានរាប់បញ្ចូលអ្នកដែលនៅក្រៅកម្លាំងពលកម្មទេ ដែលអ្នកនៅក្រៅកម្លាំងពលកម្មត្រូវបានឱ្យនិយមន័យក្នុងសេចក្ដីសម្រេចខាងលើថា ជាអ្នកក្នុងអាយុធ្វើការដែលអត់ធ្វើការ ឬមិនធ្វើការក្នុងរយៈពេលជាក់លាក់ណាមួយ ដោយមូលហេតុ ១) ជាប់រៀននៅតាមគ្រឹះស្ថានសិក្សា សិស្ស និស្សិត), ២) ជាប់ភារកិច្ចគ្រួសារ ថែទាំសមាជិកគ្រួសារ ឬជាមេផ្ទះ, ចូលនិវត្តន៍ ឬចាស់ជរា, ពិការភាព និងមិនអាច ពេញការងារបាន, ៣) ជឿថាគ្មានការងារធ្វើ មិនចង់ធ្វើការ ឬមិនចាប់ផ្ដើមការងារក្នុងរយៈពេលខ្លីណាមួយ។

ពាក់ព័ន្ធនឹងករណីនេះ វិទ្យុស្ត្រីបានព្យាយាមសុំការបំភ្លឺពីលោក យឹម ស៊ីណន រដ្ឋលេខាធិការក្រសួងការងារ ប៉ុន្តែលោកបដិសេធនឹងសំនួរនេះ ដោយឱ្យទាក់ទងអ្នកនាំពាក្យ ក៏ប៉ុន្តែលោកប្រាប់ថាអ្នកនាំពាក្យមិនទាន់ឯកភាពឆ្លើយសំនួរនេះនៅឡើយទេត្រឹមល្ងាចថ្ងៃទី០៦ ខែកញ្ញានេះ។ ទោះយ៉ាងណា លោក អាត់ ធន់ បានស្នើក្រសួងការងារ ថាទោះបីជារបាយការណ៍របស់អង្គការILO ចេញផ្សាយ ហើយចំនួនកម្លាំងពលកម្មមានអ្នកធ្វើការច្រើនក្ដី ប៉ុន្តែក្រសួងការងារត្រូវពិនិត្យឡើងវិញ ចំពោះនិយមន័យនៃអ្នកមានការងារធ្វើនេះ។

«ខ្ញុំគិតថាត្រូវពិនិត្យឡើងវិញ ចំពោះនិយមន័យហ្នឹង គឺយើងចាត់ទុកថាទាល់តែអ្នកមានការងារធ្វើ មានប្រាក់ចំណូលទៀតទាត់ ចាំចាត់ទុកមានការងារទៅ។..រឿងទី២គួរតែពិនិត្យមើលប្រជាពលរដ្ឋដែលមិននៅក្នុងកម្លាំងពលកម្មហ្នឹង កុំរាប់បញ្ចូលអ្នកអត់មានការងារធ្វើដែរ។ ចឹងរបាយការណ៍មួយចំហៀងហ្នឹង កុំយកមកធ្វើសូចនាការ ហើយបន្ទាប់មកធ្វើការសន្និដ្ឋានថាមានការងារធ្វើហ្នឹង​ គឺវាអត់ត្រឹមត្រូវទេ។…»

ប្រធាន​សហភាព​ការងារ​កម្ពុជា ​(CLC)  អំពាវនាវបែបនេះដោយលោកមើលឃើញថា អ្នកមានការងារធ្វើក្នុងស្រុកមានប្រហែលជាជាង២លាននាក់ បើតាមរបាយការណ៍របស់ប.ស.ស។ ក្រៅពីនេះមានអ្នកទៅធ្វើការនៅក្រៅប្រទេសជាង២លាននាក់។ ចំណែកផ្សេងទៀតមានអ្នករកស៊ីក្រៅប្រព័ន្ធរួមនឹងអ្នកនៅក្នុងបន្ទុក និងមនុស្សចាស់៕

 

Share

ព័ត៌មានទាក់ទង

Image