en     km
en     km

អាជ្ញាធរស្រុក​មណ្ឌលសីមា​ព្រមាន​ចាប់សត្វ​ពាហនៈ​ដែលព្រលែង​ពាសវាល​ពាសកាល​បង្​កគ្រោះថ្នាក់

Share

រដ្ឋបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង បានក្រើនរំលឹក ដល់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វគោ ក្របី ពពែ ត្រូវដាក់ក្នុងទ្រុង ឬក្រោលឱ្យបានត្រឹមត្រូវ និងហាមព្រលែងដើរតាមផ្លូវសាធារណៈ ទីប្រជុំជន និងស៊ីដំណាំដាំដុះរបស់ប្រជាពលរដ្ឋនៅតាមភូមិដូចសព្វថ្ងៃ។ រដ្ឋបាលស្រុកមណ្ឌលបញ្ជាក់ថានេះ ជាការក្រើនរំលឹកលើកចុងក្រោយ ដោយទុករយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃ០១ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ជាកំហិត។ នេះបើសេចក្តីជូនដំណឹង របស់រដ្ឋបាលស្រុកមណ្ឌលសីមា ចេញនៅថ្ងៃទី០៥ ខែកញ្ញា។

សេចក្តីជូនដំណឹងក្រើនរំលឹកជាលើកចុងក្រោយនេះ បានបញ្ជាក់ថា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ អាជ្ញាធរស្រុកនឹងមានវិធានការចុះចាប់ និងប្រមូលសត្វគោ ក្របី ពពែ ដែលលែងពាសវាលពាសកាល និងអញ្ជើញម្ចាស់សត្វទាំងនោះមកធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ដែលបានកំណត់។

ការក្រើនរំលឹកជាលើកចុងក្រោយ និងព្រមានចាត់វិធានការបែបនេះ ត្រូវបានអាជ្ញាធរស្រុកអះអាងថា ធ្វើឡើងដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់លើផ្លូវសាធារណៈ និងចូលរួមថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយលើកកម្ពស់អនាម័យបរិស្ថាន សោភ័ណភាពតាមដងផ្លូវ តាមទីប្រជុំជន និងតាមទីសាធារណៈ។

សូមជម្រាបថា បច្ចុប្បន្នរដ្ឋបាលស្រុកមណ្ឌលសីមាពិនិត្យឃើញថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់ដែលបង្កឡើងដោយសត្វគោ ក្របី កន្លងមកមានចំនួនពីរករណីហើយ។ ប៉ុន្តែម្ចាស់សត្វចិញ្ចឹមទាំងនោះមិនដែលចេញមុខមកដោះស្រាយសំណងជូនជនរងគ្រោះនោះទេ ដែលជាហេតុនាំឱ្យគ្រួសាររងគ្រោះប្តឹងមកអាជ្ញាធរឃុំ-ស្រុក។

ដើម្បីកាត់បន្ថយគ្រោះថ្នាក់នេះ កន្លងមករដ្ឋបាលស្រុកបានអប់រំ ផ្សព្វផ្សាយ ណែនាំ និងធ្វើកិច្ចសន្យាដល់ប្រជាពលរដ្ឋដែលជាម្ចាស់សត្វចិញ្ចឹមជាច្រើនលើករួចមកហើយ ប៉ុន្តែក៏នៅមានម្ចាស់សត្វចិញ្ចឹមមួយចំនួនតូចនៅតែបន្តលែងសត្វចិញ្ចឹមឱ្យដើរពាសវាលពាសកាលដដែល ជាពិសេសនៅលើដងផ្លូវដែលនាំឱ្យមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ៕

Share

ព័ត៌មានទាក់ទង

Image