en     km
en     km

ស្រ្តីពេទ្យធ្មេញអាល្លឺម៉ងលះបង់ពេលវេលាសម្រាកផ្ទាល់ខ្លួន មកព្យាបាលសុខភាពមាត់ធ្មេញកុមារកម្ពុជាដោយឥតគិតថ្លៃ

Share

ភ្នំពេញ​៖​ ស្រ្តីពេទ្យធ្មេញជនជាតិអាល្លឺម៉ងម្នាក់ជាមួយកូនស្រី បានស្ម័គ្រចិត្តចំណាយពេលវេលាក្នុងថ្ងៃឈប់សម្រាកពីការងាររបស់ខ្លួនមកកម្ពុជាដើម្បីព្យាបាលសុខភាពមាត់ធ្មេញកុមារដោយឥតគិតថ្លៃ។ សកម្មភាពនេះហាក់ធ្វើឡើងក្នុងន័យមនុស្សធម៌។ ក៏ប៉ុន្តែ ចង់ដឹងថាមូលហេតុអ្វីផ្សេងទៀត ជម្រុញឱ្យពេទ្យធ្មេញជនជាតិអាល្លឺម៉ងពីរនាក់ម្ដាយកូននេះ ស័្មគ្រចិត្តលះបង់ពេលវេលាផ្ទាល់ខ្លួនមកជួយព្យាបាលកុមារកម្ពុជា? ហើយតើពួកគេមានការលំបាកអ្វីខ្លះអំឡុងពេលបំពេញបេសកកម្ម​ដែលមិនទទួលបានកម្រៃនេះ?

តទៅនេះ កញ្ញា គុជ ស៊ីកុល ជូននូវសេចក្តីរាយការណ៍ដូចតទៅ៖….

ក្រោយពីមានមានតម្រុយពីអង្គការអន្តរជាតិមួយ ដែលខ្លួនបានរៃអង្គាស់ថិវកាជួយមូនិធិជួយកុមារកម្ពុជាឱ្យទទួលបានការសិក្សាកាលពី៣ទៅ៤ឆ្នាំមុន (២០១៨-២០២២) បានជម្រុញឱ្យ ទន្តបណ្ឌិត ឬពេទ្យធ្មេញ ជនជាតិអាល្លឺម៉ង់ម្នាក់គឺអ្នកស្រី Gerit Erlinger  ជាមួយនឹងកូនស្រីដែលមានជំនាញផ្នែកពេទ្យធ្មេញដូចគ្នា ស្រាវជា្រវស្វែងយល់ពីប្រទេសកម្ពុជា។ ការស្រាវជ្រាវនេះឃើញថាកុមារកម្ពុជានៅតំបន់មួយចំនួនខ្វះខាតធនធានក្នុងការព្យាបាលសុខភាពមាត់ធ្មេញ និងមានបញ្ហាលំបាកមួយចំនួនផ្សេងទៀតដែលត្រូវដោះស្រាយ។

ដោយការប្រើប្រាស់ភាសាអង់គ្លេសមានកម្រិត អ្នកស្រីទន្តបណ្ឌិតGerit Erlinger ព្យាយាមនិយាយក្លែមជាមួយភាសាអាល្លឺម៉ង ដោយមានកូនស្រីជួយសម្រួលភាសាអង់គ្លេស។ អ្នកទាំងពីរ បានលើកឡើងខ្លឹមសារថា៖

សម្លេង៖ «ខ្ញុំបានពិនិត្យមើលច្រើនប្រទេស ហើយកម្ពុជាពិតជាក្រីក្រមែនទែន ពេលដែលខ្ញុំមកដល់ទីក្រុងនេះ(ក្រុងភ្នំពេញ) ហាក់ស្មុគស្មាញ ដូចដែលអ្នកបានឃើញមានក្មេងមានមិនមានលទ្ធភាពគ្រប់គ្រាន់ហើយរស់នៅតាមផ្លូវ ហើយវាមិនអាចទៅរួចចំពោះអ្នកដែលមានជីវភាពខ្វះខាតសម្រាប់ទទួលបានការព្យាបាលពីគ្រូពេទ្យនៅគ្លីនិកមួយចំនួន ពួកគេត្រូវតែចំណាយថវិការសម្រាប់ទទួលបានការព្យាបាលដែលធ្មេញមួយគ្រាប់ត្រូវចំណាយការព្យាបាលរហូតដល់ទៅ១០ដុល្លា(ជំនួយការជាគ្រូពេទ្យខ្មែរបញ្ជាក់) ខ្ញុំគិតថាវាពិបាកសម្រាប់ពួកគេ ដូចនេះវាពិតជាសំខាន់ក្នុងការមកជួយព្យាបាលពួកគេដោយឥតគិតថ្លៃ»

អ្នកស្រីទន្តបណ្ឌិតGerit  Erlinger(រូបខាងស្តាំដៃ) និងកូនស្រីឈ្មោះ Schomann (រូបខាងឆ្វេងដៃ) ស្ថិតនៅកន្លែងព្យាបាលសុខភាពមាត់ធ្មេញកុមារកម្ពុជា មានទីតាំងនៅវត្តអង្គពោធិញ្ញាណ សង្កាត់​ស្ទឹងមានជយ័ រាជធានីភ្នំពេញ។ រូបថត៖ ប៉ាន លីហ៊ួរ ក្រុមការងារវិទ្យុស្រ្តី

នៅអំឡុងពេលបំពេញបេសកកម្មព្យាបាលសុខភាពមាត់ធ្មេញកុមារកម្ពុជាក្រោមការសហការណ៍ជាមួយនឹងអង្គការមួយឈ្មោះថា មីនីម៉ូឡាកម្ពុជា មានទីតាំងនៅ វត្តអង្គពោធិញ្ញាណ សង្កាត់​ស្ទឹងមានជយ័ រាជធានីភ្នំពេញ ពីរនាក់ម្តាយកូនដែលជាពេទ្យធ្មេញជនជាតិអាល្លឺម៉ងនេះ រៀបរាប់ជាហូរហែរថាមានបញ្ហាខ្លះបង្កឱ្យមានការលំបាកដល់ខ្លួន។ ការលំបាកទាំងនោះរួមមានពិបាកសម្របខ្លួនទៅនឹងអាកាសធាតុ បន្ទប់ព្យាបាលខ្វះខាតនូវសម្ភារៈបរិក្ខា និងកុមារដែលមកទទួលសេវាព្យាបាលហាក់មិនមានចំនួនច្រើនដូចការរំពឹងទុក។

សម្លេង៖ «ពួកយើងត្រូវជួយអ្នកជំងឺខ្លះដែលពួកគេហាក់មានសុខភាពមិនសូវល្អដូចជាអង្គុយៗវិលមុខ ព្រោះអាចប្រហែលមកពីអាកាសធាតុក្តៅពេក​ ដូចនេះយើងត្រូវឱ្យពួកគាត់អង្គុយនៅខាងក្រៅបន្ទប់ព្យាបាលហើយរងចាំឱ្យគាត់ធូរស្បើយ បើនៅប្រទេសអាល្លឺម៉ង់វិញយើងមានវិធីដោះស្រាយជាមួយនឹងបរិយាកាសពេលមានសភាពក្តៅក្នុងបន្ទប់ព្យាបាលបាន វាមិនសូវពិបាកដូចនៅទីនេះ ដូច្នេះខ្ញុំគិតថាវាពិបាកសម្រាប់យើងជាគរូពេទ្យដែលឃើញអ្នកជំងឺត្រូវរង់ចាំទាំងអាកាសធាតុក្តៅ ហើយយើងគិតថាវាប៉ះពាល់អារម្មណ៍ដល់ពួកយើងពេលដែលមិនសូវមានអ្នកជំងឺមកទទួលការព្យាបាលនៅទីនេះ» ។

អ្នកស្រីទន្តបណ្ឌិត Gerit Erlinger និងកូនស្រី ព្រមជាមួយនឹងក្រុមគ្រូពេទ្យមកពី មីនីម៉ូឡាកម្ពុជា កំពុងអង្គុយផ្តល់បទសម្ភាសន៍ជាមួយក្រុមការងារវិទ្យុស្រ្តី។ រូបភាព៖ ប៉ាន លីហ៊ួរ

បើទោះបីជាការរំខានពីផលលំបាកបែបនេះក្តី ប៉ុន្តែអ្នកទាំងពីរមិនដែលចង់បោះបង់បេសកកម្មមួយនេះឡើយ។ ផ្ទុយទៅវិញមានតែធ្វើឱ្យអ្នកស្រីនិងកូនស្រី មានផែនការថានឹងវិលត្រឡប់មកកម្ពុជានៅឆ្នាំក្រោយម្តងទៀត ពោលនៅឆ្នាំ២០២៤។ លើសពីការលះបង់ពេលវេលាផ្ទាល់ខ្លួន និងសេចក្តីអត់ធ្មត់ដើម្បីព្យាបាលកុមារដោយមិនមានប្រាក់កម្រៃផងនោះ អ្នកស្រីនិងកូនស្រីបែរជាជួយទិញនូវសម្ភារៈបរិក្ខាដែលខ្វះខាតមកបំពេញបន្ថែមក្នុងបន្ទប់ព្យាបាល។

យ៉ាងណាមិញ អ្នកស្រីនិងកូនស្រី ព្រមទាំងក្រុមការងាររបស់អង្គការ មីនីម៉ូឡាកម្ពុជា ឱ្យដឹងពីមូលហេតុដែលបង្កឱ្យមានចំនួនតិចនៃកុមារមកទទួលការព្យាបាលនោះព្រោះថាមនុស្សមួយចំនួនមិនទាន់ស្គាល់ច្បាស់ពីអង្គការមីនីម៉ូឡាកម្ពុជានៅឡើយ ដោយហេតុថា ការជូនដំណឹងនៃការព្យាបាលសុខភាពមាត់ធ្មេញកុមារដោយឥតគិតថ្លៃនេះមិនទាន់ទូលំទូលាយ។

សម្លេង៖«កាលពីសប្តាហ៍មុន(អំឡុងពេលបំពេញបេសកកម្ម) ពួកយើងបានទៅសាលារៀនក្នុងសហគមន៍ហើយពួកយើងបានធ្វើការពិនិត្យដល់កុមារចំនួន៦៨នាក់ ចាស៎ថ្ងៃបន្ទាប់យើងក៏បានចុះទៅព្យាបាលតាមមូលដ្ឋាន ហើយព្យាបាល ដោយបានសម្អាតធ្មេញក្មេងៗទាំងនោះ ហើយពួកយើងក៏បានសាកសួរក្មេងមួយចំនួននៅសាលារៀនផងដែរទាក់ទងនឹងការទទួលបានដំណឹងក្នុងការព្យាបាលដោយឥតគិតថ្លៃ ហើយស្ទើរតែ១០ភាគរយក្នុងចំណោម៧នាក់និយាយថាគេមិនបានដឹងច្បាស់ពីការផ្សព្វផ្សាយនេះទេ ម្យ៉ាងគេក៏មិនបានស្គាល់ច្បាស់អំពីដៃគូសហការណ៍មីនីម៉ូឡាកម្ពុជាជាអ្វីផងដែរ ដូចនេះវាពិតជាពិបាលសម្រាប់ពួកគេក្នុងការមកទទួលការព្យាបាលដោយឥតគិតថ្លៃនេះ»

អ្នកគ្រូពេទ្យម្នាក់ក្នុងអង្គការមីនីម៉ូឡាកម្ពុជា ជាជំនួយការអ្នកស្រីទន្តបណ្ឌិតជនជាតិអាល្លឺម៉ង បានសម្តែងក្តីត្រេកអរ និងកោតសរសើរ ដល់ទឹកចិត្តរបស់ពេទ្យធ្មេញជនជាតិអាល្លឺម៉ងទាំងពីរនាក់ម្តាយកូន ជាពិសេសគឺកញ្ញា លើកយកនូវគុណប្រយោជន៍ដែលទទួលបានពីពួកគេផងដែរ។

សម្លេង៖ «ដូចជាពួកគេចំណាយមកលើពួកយើងជាច្រើនសម្រាប់ថ្លៃបុគ្គលិក ម្រាប់ថ្លៃទិញនូវសម្ភារៈបរិក្ខាយ៉ាងច្រើន មែនហើយអ្នកស្រីបង់ថ្លៃចំណាយច្រើនណាស់»

តាមរយៈការស្គាល់កម្ពុជាជាយូរមក ជាមួយនឹងបទពិសោធន៍មកបំពេញបេសកកម្មស័្មគ្រចិត្តជួយព្យាបាលសុខភាពមាត់ធ្មេញកុមារអស់រយៈពេល២សប្តាហ៍មកនេះ អ្នកស្រីនិងកូនស្រីមានទស្សនវិស័យដោយសហការណ៍ជាមួយដៃគូរពាក់ព័ន្ធ ធ្វើយ៉ាងណាឱ្យមានភាពទូលំទូលាយទាក់ទងទៅនឹងចំណេះដឹងទូទៅក្នុងការថែរក្សាសុខភាពមាត់ធ្មេញ ព្រមទាំងពង្រឹងជំនាញវិជ្ជាជីវៈគ្រូពេទ្យ និងការយល់ដឹងទៅនឹងតម្រូវការសម្ភារៈបរិក្ខា ក៏ដូចជាកែលម្អបរិយាកាសក្នុងបន្ទប់ព្យាបាលឱយប្រកបដោយផាកសុខភាព៕

សកម្មភាពក្រុមគ្រូពេទ្យកំពុងព្យាបាលមាត់ធ្មេញដល់អ្នកជំងឺ

Share

ព័ត៌មានទាក់ទង

Image