ជំងឺភ្នែកស្ងួតអាចកើតមាននៅលើមនុស្សគ្រប់វ័យ ដែលមានប្រជាជនប្រមាណ ៥% ទៅ ៣៥% កើតជំងឺនេះ ដោយភាគច្រើនកើតមានលើមនុស្សដែលមានអាយុលើសពី ៥0ឆ្នាំឡើង និងច្រើនកើតមានលើស្រ្តី រួមនឹងអ្នកដែលទទួលវីតាមីនA ឬខ្លាញ់អូមេហ្គា៣ មិនបានគ្រប់គ្រាន់ ។ នេះបើយោងតាមការចេញផ្សាយពីមន្ទីរពេទ្យកាល់ម៉ែត។
តើជំងឺភ្នែកស្ងួតជាអ្វី?
តាមគេហទំព័រវិទ្យាស្ថានជាតិសុខភាពផ្នែកភ្នែកនៃសហរដ្ធអាមេរិក (National Eye Institute) បានបង្ហាញថា ជំងឺភ្នែកស្ងួត (Sécheresse oculaire) កើតឡើងនៅពេលដែលភ្នែកមិនអាចបង្កើតទឹកភ្នែកសម្រាប់ផ្តល់សំណើមដល់ភ្នែកបាន ដែលធ្វើឱ្យភ្នែកមានសភាពមិនស្រួល ហើយក្នុងករណីខ្លះក៏អាចបណ្តាលឱ្យមានបញ្ហាភ្នែកផងដែរ។
រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត
ចំពោះរោគសញ្ញានៃជំងឺភ្នែកស្ងួត មន្ទីរពេទ្យកាល់ម៉ែតបានបង្ហាញថា ជំងឺនេះមានអាការៈដូចជា មានអារម្មណ៍ដូចឈឺចាក់ៗក្នុងភ្នែក ក្រហាយ រមាស់ និងមានអារម្មណ៍ដូចមានខ្សាច់ក្នុងភ្នែក ព្រមទាំងស្រវាំងភ្នែក ចាញ់ពន្លឺថ្ងៃ ហៀរទឹកភ្នែក និងមានការឈឺចាប់ខ្លះៗជាដើម។
បន្ថែមពីនេះ ជំងឺភ្នែកស្ងួតបណ្តាលមកពីកត្តាជាច្រើនដែលមាននៅលើផ្ទៃភ្នែក (Surface oculaire) លំហូរទឹកភ្នែកគ្មានលំនឹង រលាកផ្ទៃគ្រាប់ភ្នែក ខ្វះលំហូរទឹកភ្នែក និងអមជាមួយបញ្ហាភ្នែកមួយចំនួនទៀតផងដែរ ហើយកត្តាផ្សេងទៀតគឺបណ្តាលមកពីមានការខូចខាតប្រព័ន្វប្រសាទបង្កើតទឹកភ្នែក (abnormalie neurosensoriel) ដែលមានតួនាទីធានាទឹកភ្នែកនៅលើផ្ទៃគ្រាប់ភ្នែក។
លើសពីនេះ មូលហេតុដែលនាំឲ្យមានជំងឺភ្នែកស្ងួត ១៤% គឺពាក់ព័ន្ធអ្នកជំងឹមានទឹកភ្នែកមិនគ្រប់គ្រាន់ដោយសារខ្វះខាតទឹកភ្នែកបណ្តោះអាសន្ន និង ៨៦% ទៀត អ្នកជំងឺមានទឹកភ្នែកធម្មតាតែទឹកភ្នែកនោះគ្មានគុណភាព (Larmes de mauvaise qualité) និងបណ្តាលមកពីមានការរលាករ៉ាំរ៉ៃនៃត្របកភ្នែកជាដើម(inflammation chronique des paupière;Blépharite)។ ជាពិសេសភ្នែកស្ងួតដោយសារមានរំហួតទឹកភ្នែក (Sécheresse evaporative par déficit lipidique)ដោយការសម្លឹងកុំព្យូទ័រ មើលទូរទស្សន៍យូរនៅក្រោមកំដៅថ្ងៃ នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ឬនៅក្រោមកង្ហារ។ល។
ដោយឡែកចំពោះការព្យាបាលជំងឺភ្នែកស្ងួតតាមគេហទំព័រវិទ្យាស្ថានជាតិសុខភាពផ្នែកភ្នែក( National Eye Institute )បានបង្ហាញថា ការព្យាបាលជំងឺភ្នែកស្ងួត អាស្រ័យលើរោគសញ្ញាដែលអ្នកជំងឺមាន។ បន្ថែមពីនេះ ក៏មានវិធីសាស្ត្រជួយព្យាបាលដល់រោគសញ្ញាទាំងនោះផងដែរ ដែលរួមមាន៖
ប្រើប្រាស់ថ្នាំបន្តក់ភ្នែកតាមវេជ្ជបញ្ជា ឬអាចប្រើប្រភេទថ្នាំបន្តក់ភ្នែកដែលជា ទឹកភ្នែកសិប្បនិម្មិត ដោយគ្មានវេជ្ជបញ្ជាបានព្រោះវាអាចផ្តល់សំណើម និងអាចជួយឱ្យភ្នែកមានភាពប្រសើរឡើងផងដែរ។
ចំណែកឯវិធីសាស្ត្រផ្សេងទៀត គឺផ្លាស់ប្តូររបៀបរស់នៅ ព្រោះបរិស្ថានដែលកំពុងរស់នៅ ក៏អាចបណ្តាលឱ្យមានជំងឺភ្នែកស្ងួតផងដែរ។ ដូច្នេះ ភ្នែករបស់អ្នកនឹងល្អប្រសើរ ប្រសិនអ្នកព្យាយាមជៀសវាងផ្សែង ខ្យល់ និងម៉ាស៊ីនត្រជាក់ ប្រើម៉ាស៊ីនផ្តល់សំណើមក្នុងផ្ទះ កាត់បន្ថយការសម្លឹងមើលអេក្រង់អេឡិចត្រូនិក ពាក់វ៉ែនតាការពារ ផឹកទឹកឱ្យបានច្រើនពី ៨ ទៅ ១០ កែវជារៀងរាល់ថ្ងៃ និងគេងឱ្យបានគ្រប់គ្រាន់ប្រហែល ៧ ទៅ ៨ ម៉ោងក្នុងមួយយប់។
ជាចុងក្រោយប្រសិនបើអ្នកមានបញ្ហាដូចបានរៀបរាប់ខាងលើ សូមអញ្ជើញពិគ្រោះយោបល់ និងធ្វើតេស្តពិនិត្យភ្នែកជាមួយវេជ្ជបណ្ឌិតនៅឯមន្ទីរពទ្យ៕