en     km
en     km

ពលរដ្ឋ​និង​មន្ត្រីបរិស្ថាន មានហេតុផល​រៀងខ្លួន ករណី​កងកម្លាំង​ដក​​ដើមស្វាយ នៅខេត្តសៀមរាប

Share

ករណីពលរដ្ឋតវ៉ានឹងមន្ដ្រីអាជ្ញាធរ ដែលដឹកនាំដោយមន្ដ្រីបរិស្ថានខេត្ដចុះទៅហាមឃាត់សកម្មភាពដាំដើមស្វាយនៅលើដីមួយកន្លែងស្ថិតក្នុងភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ត្រូវបានគេចែកចាយវីដេអូតាមបណ្ដាញសង្គមជាច្រើន។ ពលរដ្ឋដែលកំពុងអាស្រ័យផលអះអាងថាខ្លួនបានប្រើប្រាស់ដីនេះតពីម្ដាយ-ឳពុកជាង២០ឆ្នាំ ខណៈអាជ្ញាធរអះអាងថា ពលរដ្ឋដាំដុះក្នុងតំបន់ ការពារធនធានធម្មជាតិ។ លោក គីម ចាន់ចាវ រាយការណ៍

 

តាមរយៈវីដេអូLiveលើគណនីហ្វេសប៊ុកឈ្មោះ សាន សិទ្ធិ មន្ដ្រីបរិស្ថានខេត្ដសៀមបានបញ្ជាក់ បានប្រាប់ហេតុផលថា ការចុះមកហាមឃាត់ដោយសារតែពលរដ្ឋដាំដើមឈើលើដីដែលជាតំបន់អភិរក្ស ដែលជាតំបន់ការពារធនធានធម្មជាតិ។ ​

ក៏ប៉ុន្តែលោកស្រី សាន ស្រែ ម្ចាស់ដើមស្វាយទាំងនោះ ដែលមានផ្ទៃដីជាង៥ហិកតាបានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ថា ក្រុមមន្ត្រីមន្ទីបរិស្ថានខេត្តសៀមរាបបានចោទប្រកាន់អ្នកស្រី និងគ្រួសារពាក់ព័ន្ធផ្សេងទៀតថា កំពុងរស់នៅ និងអាស្រ័យផលលើតំបន់អភិរក្ស។ ក្នុងនោះមន្ត្រីបរិស្ថានខេត្តសៀមរាបក៏បានទាមទារដីធ្លីដែលលោកស្រី និងប្រជាពលរដ្ឋដ៏ទៃទៀតកំពុងរស់នៅជាង២០ឆ្នាំនោះយកទៅដាក់ជាតំបន់អភិរក្សផងដែរ។ អ្នកស្រីបន្តថា ករណីនេះក៏មានការប្ដឹងដល់តុលាការខេត្តសៀមរាបផងដែរ ដោយសម្រេចឱ្យស្វាមីអ្នកស្រីជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ប៉ុន្តែទោសត្រូវបានព្យួរ។ ហើយនៅពេលនេះ គ្រួសារអ្នកស្រីកំពុងប្ដឹងទាស់ទៅឧទ្ធរណ៍។

ទោះយ៉ាងក្នុងពេលដែលក្រុមកងកម្លាំង និងមន្ត្រីបរិស្ថាន បានចុះទៅធ្វើសកម្មភាព ហាមឃាត់ អ្នកស្រីបញ្ជាក់ថា បានបង្កឱ្យមានការធ្វើទុក្ខបុកម្នេញដល់អ្នកស្រី និងពលរដ្ឋប្រមាណ១០នាក់។

«ពួកយើងប្រកែកគ្នា១-២ៗ គាត់បានថាខ្ញុំជាពលរដ្ឋរស់នៅលើដីរដ្ឋ វាខុសច្បាប់ទៅហើយ។ ប៉ុន្តែខ្ញុំសួរទៅគាត់វិញថា ពលរដ្ឋរស់នៅលើដីរដ្ឋខុសច្បាប់ ខ្ញុំចង់សួរ​មាត្រាទីប៉ុន្មាន? រដ្ឋធម្មនុញ្ញមាត្រាទីប៉ុន្មាន ដែលថាពលរដ្ឋរស់នៅលើដីរដ្ឋខុសច្បាប»។

 

ពាក់ព័ន្ធបញ្ហានេះ លោក ឈួន ម៉ាន់ នាយករងរដ្ឋបាលស្រុកស្រុកស្វាយលើ  បានប្រាប់វិទ្យុស្ត្រីថា ទីតាំងដីដែលពលរដ្ឋដាំដុះខាងលើនេះ គឺស្ថិតនៅក្នុងដែនដីព្រៃសហគមន៍ ហើយក្រុមរបស់ពលរដ្ឋដែលមានបញ្ហាទាំងនោះមាន១២គ្រួសារ។

«ជាស្ថិតនៅក្នុងដីសហគមន៍របស់គេ បានសហគមន៍របស់រដ្ឋហើយការពារដោយក្រសួងបរិស្ថាន ហើយកាត់មកជាព្រៃសហគមន៍ការពារដោយប្រជាពលរដ្ឋក្នុងភូមិ ជាផលប្រយោជន៍រួមក្នុងភូម។ រឿងហ្នឹងវា២ជាន់ ចឹងហើយបានប្រជាពលរដ្ឋហ្នឹងទៅអាស្រ័យផល នៅលើដីសហគមន៍ហ្នឹងឯង»។

លោក ឈួន ម៉ាន់ នាយករងរដ្ឋបាលស្រុកស្រុកស្វាយលើ

 

សូមជម្រាបថា បញ្ហាដីព្រៃសហគមន៍ និងដីពលរដ្ឋអាស្រ័យផលនៅតំបនឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀបរាបនេះ ហាក់បង្ករជាបញ្ហារ៉ាំរ៉ៃជាច្រើនឆ្នាំមកហើយ។ ហើយបញ្ហាប្រទាំងប្រទើសតែងកើតមាននៅពេលដែលក្រុមមន្ត្រីបរិស្ថានចុះទៅណែនាំ ឬអន្តរាគមន៍នៅតំបន់នោះ ដោយសារមានពលរដ្ឋតវ៉ា៕

 

Share

ព័ត៌មានទាក់ទង

Image