en     km
en     km

គន្លឹះទាំង ៦ យ៉ាងជួយកាត់បន្ថយបញ្ហាភ្នែកនឿយណាយពីការសម្លឹងមើលកុំព្យូទ័រ

Share

មនុស្សម្នាក់ៗចំណាយពេលសម្លឹងលើអេក្រង់អេឡិចត្រូនិចជាមធ្យមប្រាំពីរម៉ោងក្នុងមួយថ្ងៃ។ បន្ថែមពីនេះអ្នកប្រើប្រាស់គ្រឿងអេក្រង់អេឡិចត្រូនិចលើសពី ៩0% មានបញ្ហាភ្នែកនឿយណាយ ដែលកើតមានបន្ទាប់ពីការសម្លឹងអេក្រង់ឧបករណ៍អេឡិចត្រូនិចដូចជា កុំព្យូទ័រ ទូរស័ព្ទដៃ អាយផេត រយៈពេលយូរដោយគ្មានបានសម្រាក។ សកម្មភាពបែបនេះនាំឱ្យមានរោគសញ្ញាដូចជា៖ ព្រិលភ្នែក ឬភ្នែកចុះខ្សោយ ក្រហាយភ្នែក មានប្រតិកម្មនឹងពន្លឺ ឈឺក្បាល ឈឺខ្នង និងក ដោយសារតែការងារ ឬបំពេញតម្រូវការណាមួយដែលគ្រប់គ្នាមិនអាចផ្តាច់ពីប្រើប្រាស់គ្រឿងអេក្រង់អេឡិចត្រូនិច ។

ដូច្នេះ តទៅនេះយើងនឹងលើកយកនូវគន្លឹះទាំង ៦ យ៉ាង  ដែលជួយកាត់បន្ថយបញ្ហាភ្នែកនឿយណាយ តាមការណែនាំពីវេជ្ជបណ្ឌិតឯកទេសជំងឺភ្នែកនៃគ្លីនិច Cleveland នៅសហរដ្ធអាមេរិកដូចតទៅ៖

គន្លឹះទី១ អ្នកគួរលៃមុំក្នុងការមើលអេក្រង់ឱ្យបានត្រឹមត្រូវ ពោលគឺភ្នែករបស់អ្នកគួរផ្តោតចុះក្រោម និងឱ្យចំកណ្តាលពេលសម្លឹងមើលអេក្រង់កុំព្យូទ័រ ឬទូរស័ព្ទ។ ជាពិសេស គ្រឿងអេក្រង់អេឡិចត្រូនិកទាំងនោះគួរនៅចម្ងាយពី ៥០ ទៅ ៧០ សង់ទីម៉ែត្រពីភ្នែក(ពី 20 អ៊ីង ទៅ 28 អ៊ីង) និងឱ្យស្ថិតក្រោមភ្នែកពី ១០ ទៅ ១២ សង់ទីម៉ែត (4 អ៊ីង ទៅ 5 អ៊ីង)។ ការសម្លឹងមើលអេក្រង់បានត្រឹមត្រូវមាននាទីយ៉ាងសំខាន់ជួយឱ្យយើងអាចជៀសវាងបញ្ហាភ្នែកនឿយណាយ។

ចំណែកឯគន្លឹះទី២ គឺអ្នកគួរកំណត់ទីតាំងអេក្រង់ជៀសវាងចាំងពីពន្លឺភ្លើង ឬបង្អួចពីលើ ព្រោះការចាំងពន្លឺខ្លាំងនឹងធ្វើឱ្យភ្នែកធ្វើការកាន់តែខ្លាំង ដែលអាចបណ្តាលឱ្យភ្នែកមានប្រតិកម្មនឹងពន្លឺ។  

និងគន្លឹះទី៣ ប្រើច្បាប់ ២0-២0-២0 ដែលច្បាប់មួយជួយកាត់បន្ថយការសម្លឹងកុំព្យូទ័រ ឬឧបករណ៍ផ្សេងទៀតក្នុងរយៈពេលយូរ និងដើម្បីឱ្យភ្នែកមានពេលសំរាកផងដែរ។

របៀបប្រើច្បាប់នេះ មានន័យរាល់ពេលសម្លឹងកុំព្យូទ័ររៀងរាល់ ២0 នាទីម្តង អ្នកត្រូវមើលអ្វីផ្សេងឱ្យបានចម្ងាយ២០ហ្វីតឬ ចម្ងាយ ៦ ម៉ែត្រ រយៈពេល ២0 វិនាទី។ ហើយបន្ទាប់ពីប្រើកុំព្យូទ័រពីរម៉ោងក្រោយ អ្នកត្រូវសម្រាកភ្នែក រយៈពេល ១៥ នាទីបន្ថែមទៀត។

ជាមួយគ្នានេះដែរ គន្លឹះទី៤ អ្នកគួរព្រិចភ្នែកឱ្យបានញឹកញាប់។ ជាធម្មតាមនុស្សព្រិចភ្នែកប្រហែល ១៨ ដងក្នុងមួយនាទី អំឡុងពេលសកម្មភាពប្រចាំថ្ងៃ  ប៉ុន្តែអ្នកប្រើកុំព្យូទ័រមានប្រហែលជាព្រិចភ្នែកប្រហែល ២៥% ប៉ុណ្ណោះ ដែលជាបញ្ហាមួយនាំឱ្យមានជំងឺភ្នែកស្ងួត។

បន្ថែមពីនេះ អ្នកគួររក្សាភ្នែកឱ្យមានសំណើមជានិច្ច ដូចជារក្សាសំណើមក្នុងបន្ទប់គេងប្រហែល ៤0% នៅពេលអ្នកគេងព្រោះ សំណើមនៅក្នុងខ្យល់នឹងកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាភ្នែកស្ងួត។

បន្ថែមលើសពីនេះ គន្លឹះទី៥ គឺធ្វើការពិនិត្យភ្នែកជាមួយពេទ្យដើម្បីដោះស្រាយបញ្ហាណាមួយបើសិនជាមាន បញ្ហាក្នុងការផ្តោត ឬបញ្ហាភ្នែកទាក់ទងនឹងភាពចាស់ជាដើម ព្រោះបញ្ហាមើលមិនបានត្រឹមត្រូវអាចរួមចំណែកដល់ការឈឺភ្នែក និងឈឺសាច់ដុំផងដែរ។

គន្លឹះទី៦ចុងក្រោយ គឺកំណត់ការចំណាយពេលលើអេក្រង់ពិសេសនៅពេលយប់ ព្រោះពេលមើលកុំព្យូទ័រ ឬទូរស័ព្ទមុនពេលអ្នកចូលគេង ប្រៀបដូចជាបំផ្លាញភ្នែករបស់អ្នកអញ្ចឹង ហើយក៏ធ្វើឱ្យដំណេករបស់អ្នកវិលវល់និងមិនបានគេងលក់ស្រួលផងដែរ។ ដូច្នេះ សូមព្យាយាមកាត់បន្ថយសម្លឹងអេក្រង់យ៉ាងហោចណាស់ ៣០ នាទីមុនពេលអ្នកចូលគេង៕

Share

ព័ត៌មានទាក់ទង

Image