en     km
en     km

ការនាំកុមារទៅពិនិត្យសុខភាពភ្នែកមុនពេលចូលរៀនថ្នាក់ដំបូងអាចបញ្ចៀសបញ្ហាភ្នែករបស់កុមារទៅថ្ងៃអនាគត

Share

អាណាព្យាបាលគ្រប់រូបត្រូវនាំកុមារតូចៗធ្វើការពិនិត្យភ្នែក និងមិនត្រូវពន្យារពេលនោះឡើយ ព្រោះបញ្ហាភ្នែកមួយចំនួនប៉ះពាល់ដល់ការមើលឃើញរបស់ពួកគេពេញមួយជីវិត។ បន្ថែមពីនេះ ការស្វែងរកបញ្ហាភ្នែកឱ្យបានឆាប់រហ័ស ពោលគឺដើម្បីព្យាបាលបញ្ហាភ្នែកដែលមានសភាពតូចតាច ការពារកុំឱ្យបញ្ហាទាំងនោះកាន់តែធ្ងន់ធ្ងរនិងពិបាកព្យាបាល។ នេះបើយោងតាមគេហទំព័រគ្លីនិក Cleveland នៃសហរដ្ធអាមេរិក។

វេជ្ជបណ្ឌិតជំនាញភ្នែកកុមារបានបញ្ជាក់ថា ការពិនិត្យនិងធ្វើតេស្តភ្នែកមិនមែនត្រឹមតែបង្ហាញថា កុមារត្រូវតែពាក់វ៉ែនតានោះទេ តែជាបង្ការយ៉ាងល្អសម្រាប់ភ្នែករបស់កូនលោកអ្នក។ 

តើកុមារត្រូវការពិនិត្យភ្នែកនៅពេលណា?

តាមគេហទំព័រគ្លីនិក Cleveland ដដែលបានណែនាំថា បើអាចគួរធ្វើតេស្តកុមារអាយុ១ឆ្នាំ និងគួរធ្វើតេស្តភ្នែកម្តងទៀតមុនពេលពួកគេចូលរៀនថ្នាក់មត្តេយ្យ ទោះបីកុមារមិនមានបញ្ហាភ្នែកជាក់ស្តែងក៏ដោយ។ ការធ្វើតេស្តដើម្បីរកមើលភាពមិនប្រក្រតីណាមួយរបស់កុមារ មានសារៈសំខាន់ចំពោះកុមារដែលមានសមាជិកគ្រួសារមានបញ្ហាភ្នែកដូចជា ភ្នែកស្រលៀង (strabismus) ឬ មានជំងឺភ្នែកខ្ជិលជាដើម(amblyopia)។

លើសពីនេះទៅទៀត បើសិនកុមារមានភាពមិនប្រក្រតីនិងមិនទទួលការធ្វើរោគវិនិច្ឆ័យបានទាន់ពេលនោះទេ និងអាចធ្វើឱ្យពួកគេបាត់បង់ការមើលឃើញទៀតផង ដូច្នេះជាការសំខាន់ណាស់ក្នុងការរកឃើញបញ្ហាទាន់ពេលវេលា។

ជាឧទាហរណ៍ ជំងឺភ្នែកខ្ជិលជាបញ្ហាភ្នែកមួយក្នុងចំណោមបញ្ហាភ្នែកទូទៅបំផុតចំពោះកុមារ។ ជាទូទៅកុមារមានជំងឺនេះមានភ្នែកម្ខាងខ្សោយជាងភ្នែកម្ខាងទៀត ហើយជំងឺនេះអាចព្យាបាលបានដោយប្រើរបាំងភ្នែក ថ្នាំបន្តក់ភ្នែក ឬប្រើវ៉ែនតា។

ឧទាហរណ៍មួយទៀតគឺ ភ្នែកស្រលៀងដែលមានភ្នែកមួយ ឬទាំងពីរ ងាកចូលក្នុង ឬទៅក្រៅ ហើយបញ្ហានេះត្រូវការព្យាបាលដោយវ៉ែនតាពិសេស ឬរបាំងភ្នែក។

តទៅនេះ ជាគន្លឹះសំខាន់ៗចំនួនបួន ដែលអាណាព្យាបាលគួរនាំកូនទៅទទួលការធ្វើតេស្តដូចតទៅ៖

ទី១ ជាការល្អកុមារគួរទទួលបានការធ្វើតេស្ត មុនពេលពួកគេចាប់ផ្តើមចូលរៀន ព្រោះកុមារភាគច្រើនបានធ្វើតេស្តភ្នែកនៅពេលដែលពួកគេចាប់ផ្តើមចូលរៀនដំបូង។

ទី២ កុមារគួរទទួលបានការធ្វើតេស្តឱ្យបានឆាប់រហ័សប្រសិនបើកុមារមានបងប្អូនមានបញ្ហាភ្នែកណាមួយ។

ទី៣ អាណាព្យាបាលគួរតែនាំកុមារទៅជួបនឹងគ្រូពេទ្យកុមារ ដែលមានការបណ្តុះបណ្តាលឯកទេសសម្រាប់ការព្យាបាលកុមារ ព្រោះគ្រូពេទ្យឯកទេសភ្នែកកុមារមានជំនាញស្វែងរក និងព្យាបាលបញ្ហាភ្នែកកុមារជាមួយនឹងឧបករណ៍ និងការធ្វើតេស្តដែលងាយស្រួលសម្រាប់ក្មេង ទោះបីជាកុមារមិនទាន់ចេះនិយាយ ឬមិនទាន់ចេះអក្សរក៏ដោយ។

និងចុងក្រោយប្រសិនអាណាព្យាបាលរកឃើញរោគសញ្ញានៃបញ្ហាភ្នែកណាមួយ តែធ្វើតេស្តរកមិនឃើញបញ្ហានោះ អ្នកគួរព្យាយាមធ្វើតេស្តម្តងទៀតព្រោះនៅពេលដំបូងគ្រូពេទ្យប្រហែលជាមិនរកឃើញបញ្ហានោះទេ៕

Share

ព័ត៌មានទាក់ទង

Image