en     km
en     km

ស្វែងយល់ពីរោគសញ្ញានៃការលើសជាតិប៉ូតាស្យូម

Share

សូដ្យូម និងប៉ូតាស្យូម ជាអ៊ីយ៉ុងដែលមានបរិមាណច្រើនជាងគេនៅក្នុងខ្លួនមនុស្ស។ សូដ្យូមភាគច្រើនស្ថិតនៅខាងក្រៅកោសិកា និងចំណែកប៉ូតាស្យូមភាគច្រើនស្ថិតនៅក្នុងកោសិកា។ បន្ថែមពីនេះ កម្រិតប៉ូតាស្យូមនេះ គឺវាស់ដោយការពិនិត្យឈាម។ នេះយោងតាមការលើកឡើងពីទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត។

រូបភាពនេះមានប្រភពទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត  

តើការលើសជាតិប៉ូតាស្យូម(hyperkalemia) ជាអ្វី?
ការលើសជាតិប៉ូតាស្យូម គឺជាបញ្ហាសុខភាពមួយ ដែលអ្នកជំងឺមានផ្ទុកជាតិប៉ូតាស្យូមច្រើនពេកក្នុងឈាម។ ជាទូទៅ រាងកាយគឺត្រូវការប៉ូតាស្យូម ព្រោះប៉ូតាស្យូមមានតួនាទីដ៏សំខាន់ជួយសរសៃប្រសាទ និងសាច់ដុំ រួមទាំងបេះដូងផងឱ្យមានដំណើរការជាប្រក្រតី។ ប៉ុន្តែបើមានប៉ូតាស្យូមច្រើនពេកក្នុងឈាម នោះអាចនាំឱ្យមានគ្រោះថ្នាក់ និងអាចបណ្តាលឱ្យមានបញ្ហាបេះដូងយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមគេហទំព័រមូលនិធិតម្រងនោមជាតិ នៃសហរដ្ធអាមេរិក (National Kidney Foundation)។

រូបភាពនេះមានប្រភពទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត  

បន្ថែមពីនេះ តាមគេហទំព័រដដែល (National Kidney Foundation) បានបង្ហាញពីមូលហេតុដែលនាំឱ្យមានបញ្ហានេះផងដែរ ក្នុងនោះមូលហេតុទូទៅបំផុតរួមមាន ជំងឺតម្រងនោម និងទទួលទានអាហារសម្បូរប៉ូតាស្យូមច្រើនពេក(អាហារដូចជាផ្លែត្របែក ផ្លែឪឡឹក ទឹកក្រូច និងចេកមានប៉ូតាស្យូមខ្ពស់) ហើយនឹងមូលហេតុផ្សេងទៀតរួមមាន ទទួលទានអំបិល ឬអាហារបំប៉នជាតិប៉ូតាស្យូមច្រើនពេក រលាកឬរបួសធ្ងន់ធ្ងរ និងជំងឺទឹកនោមផ្អែមដែលមានឥទ្ធិពលទៅលើតម្រងនោមដែលនាទីទទួលខុសត្រូវចំពោះតុល្យភាពប៉ូតាស្យូមនៅក្នុងរាងកាយ។

រូបភាពនេះមានប្រភពទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត  

យ៉ាងណាមិញ ដើម្បីដឹងថាលោកអ្នកកំពុងមានបញ្ហាលើសជាតិប៉ូតាស្យូម តាមទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែតបានណែនាំថា លោកអ្នកអាចសង្កេតលើរោគសញ្ញាសំខាន់ៗមួយចំនួនដូចជា៖ មានអាការៈហត់ ក្អួតចង្អោរ ចុះខ្សោយនៃភាពរំញោច និងទន់សាច់ដុំឬស្លាប់ដៃជើងជាដើម (paralysis)។ មួយវិញទៀត គឺមានអាការៈស្ពឹក ឬស្រពន់ ចុកទ្រូង ញ័រទ្រូង ខ្សោយអស់កម្លាំង និងបេះដូងដើរខុសសង្វាក់ ពោលអាចឈានទៅដល់បេះដូងឈប់ដើរ ឬ មានបាត់បង់ជីវិតទៀតផង។
ចំពោះបញ្ហានេះផងដែរ មានមនុស្សជាច្រើនដែលមានកម្រិតប៉ូតាស្យូមក្នុងឈាមលើស ក៏ប៉ុន្តែគ្មានចេញរោគសញ្ញាអ្វីសោះ ហើយខ្លះទៀតមានរោគសញ្ញាច្រឡំជាមួយជំងឺទូទៅផងដែរ។

បន្ថែមលើសពីនេះ រោគសញ្ញាដែលពាក់ព័ន្ធជាមួយការលើសកម្រិតប៉ូតាស្យូម ជាទូទៅគឺជាបញ្ហាសាច់ដុំ និងបញ្ហាបេះដូង។ ក្នុងកម្រិតដូចគ្នានេះ បើមានកើនឡើងជាតិប៉ូតាស្យូមយ៉ាងលឿន នឹងអាចនាំឱ្យមានរោគសញ្ញាធ្ងន់ធ្ងរជាងការកើនឡើងសន្សឹមៗ។

រូបភាពនេះមានប្រភពទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត  

ដូច្នេះ ប្រសិនលោកអ្នកមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមប្រញាប់ជួបពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ ក្នុងករណីខ្លះ ការយឺតយូរតែប៉ុន្មាននាទី ឬកង្វះសម្ភារៈ និងខ្វះជំនាញណាមួយ អ្នកជំងឺនឹងអាចបាត់បង់ជីវិត៕

Share

ព័ត៌មានទាក់ទង

Image