en     km
en     km

តើរបួសគ្រាំទ្រូងនិងសួតជាអ្វី?

Share

តើរបួសគ្រាំទ្រូងនិងសួតជាអ្វី?

បើតាមទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែតបានបង្ហាញថា របួសគ្រាំទ្រូង-សួត គឺជាការប៉ះទង្គិចទ្រូង-សួត កម្រិតធ្ងន់ឬស្រាល ដែលរាប់តាំងពីរបួសស្បែក សាច់ដុំទ្រូង រហូតដល់សរីរាង្គក្នុងទ្រូងរួមមានសួត បេះដូង និងសរសៃឈាមធំ ។ល។ បន្ថែមពីនេះរបួសគ្រាំទ្រូង-សួត នេះជាជំងឺមួយដែលអាចមានការគម្រាមកំហែងដល់អាយុជីវិតរបស់អ្នកជំងឺ និងត្រូវការសម្រាកព្យាបាលបន្ទាន់ ដើម្បីកាត់បន្ថយអត្រាមរណភាព។

ចំពោះមូលហេតុនៃការរបួសគ្រាំទ្រូងនិងសួតបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍លើសពី ៥០%  និងគ្រោះថ្នាក់ដទៃទៀត ដូចជា គ្រោះថ្នាក់ពេលធ្វើការងារ ជម្លោះ និងគ្រោះថ្នាក់តាមលំនៅដ្ឋានមានប្រមាណតិចជាង ៤០%។ក្នុងនោះបណ្តាអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍មាន ៣៨% មានកម្រិតសុរាក្នុងឈាមខ្ពស់និងភាគច្រើនជាអ្នកបញ្ជាយានយន្តផ្ទាល់។

ម៉្យាងវិញទៀតមន្ទីរពេទ្យកាល់ម៉ែតដដែលបានលើកឡើងពីក្រុមមនុស្សដែលប្រឈមមុខនឹងបញ្ហានេះផងដែរ ក្នុងនោះរួមមានមនុស្សអាយុក្រោម៥០ឆ្នាំ ដែលមានបុរសរហូតដល់ ៧៨% និងស្ត្រីមានត្រឹមតែ ២២% ប៉ុណ្ណោះ។ ក្នុងចំណោមអ្នករបួសទាំងនោះមាន ៦៨% ដែលមានរបួសធ្ងន់នៅកន្លែងផ្សេងទៀត ដែលបន្ថែមទម្ងន់ដល់ការគម្រាមកំហែងដល់អាយុជីវិតអ្នកជំងឺ ដូចជា ករណីរបួសប៉ះទង្គិចក្បាលមាន ៤០% ករណីរបួសប៉ះទង្គិចនិងដាច់សាច់មាន ៣១% និងករណីរបួសគ្រាំគ្រាសរីរាង្គក្នុងពោះមាន ២១%។

ដោយឡែកចំពោះរោគសញ្ញានៃរបួសគ្រាំទ្រូងនិងសួតមានដូចជា ឈឺចាប់ក្នុងទ្រូងត្រង់កន្លែងប៉ះទង្គិច ដកដង្ហើមញាប់ និងតិចៗ ទឹកមុខស្លេកស្លាំង និងថប់ដង្ហើម ឬហត់។ លើសពីនេះមានរោគសញ្ញារួមផ្សំមួយចំនួនដូចជា ហើមមុខនិងទ្រូង បែកញើសជោគខ្លួននិងអ្នកជំងឺមានអាការៈឡេះឡះផងដែរ។

ជាពិសេសនោះ ផលវិបាកនៃបញ្ហានេះអ្នកជំងឺអាចនឹងមានសម្ពាធឈាមចុះទាប កម្រិតអុកស៊ីសែនក្នុងខ្យល់ចុះទាបនិងអ្នកជំងឺសន្លប់ស្តូកស្តឹង ឬដង្ហក់ខ្លាំងជាដើម។

បន្ថែមពីនេះ មន្ទីរពេទ្យកាល់ម៉ែតក៏បានបង្ហាញពីរោគវិនិច្ឆ័យបញ្ហានេះដែរ ដែលរួមមានការថតឆ្លុះ ទ្រូង-សួត (Chest X-ray)ការថតឆ្លុះអេកូស្រោមសួត (Pleural ultrasound) និងការថតស្កែនន័រទ្រូង-សួត (CT Scan of the chest) ហើយចំពោះការព្យាបាលនៃការរបួសគ្រាំទ្រូងនិងសួតនេះមានដូចជាការចោះបង្ហូរបូមយកចេញនូវអ្វីដែលរំខានដល់ដំណកដង្ហើម ដាក់អុកស៊ីសែន ថ្នាំបំបាត់ការឈឺចាប់ ថ្នាំអង់ទីប៊ីយូទិក និងអ្នកជំងឺត្រូវសម្រាកនិងតាមដាននៅក្នុងមន្ទីរពេទ្យ។

ជាចុងបញ្ជប់នៃអត្ថបទនេះ ដើម្បីបង្ការពីបញ្ហារបួសគ្រាំទ្រូងនិងសួត សូមចូលរួមគោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា និងកុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ ជាពិសេសចំពោះអ្នករបួសគ្រាំគ្រាទ្រូង-សួត សូមអញ្ជើញពិគ្រោះជំងឺជាមួយគ្រូពេទ្យឯកទេសនិងសូមចាំថារាល់បណ្តារបួសទ្រូងនិងសួត សុទ្ធតែអាចបង្កនូវបញ្ហាប៉ះពាល់ដល់សុខភាពអ្នកជំងឺតិចឬច្រើន ហើយករណីខ្លះអាចគម្រាមកំហែងដល់អាយុជីវិតអ្នកជំងឺតែម្តង។

ដូច្នេះប្រសិនសាធារណជនទូទៅមានរបួសគ្រាំគ្រាទ្រូង-សួត ដូចបានជម្រាបជូនខាងលើ សូមអញ្ជើញពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីស្វែងរករោគវិនិច្ឆ័យ និងធ្វើការព្យាបាល ឲ្យទាន់ពេលវេលា៕

Share

ព័ត៌មានទាក់ទង

Image