en     km
en     km

អ្វីទៅជាការរលាកប្រព័ន្ធទឹកមូត្រស្រួចស្រាវ?

Share

ប្រព័ន្ធទឹកមូត្រជាប្រព័ន្ធទឹកនោមដែលរួមមាន តម្រងនោម ផ្លូវបង្ហូរនោម ប្លោកនោម និងផ្លូវបង្ហូរនោមខាងក្រៅ។  ប្រព័ន្ធទឹកមូត្រនេះមានមុខងារជាច្រើនដូចជា បង្កើតនិងស្តុកទុកទឹកនោម ចូលរួមបង្កើតគ្រាប់ឈាមក្រហម រក្សាបាសនិងអាស៊ីតក្នុងឈាម និងរក្សាលំនឹងអេលីតត្រូលីតជាដើម(ប៉ូតាស្យូម សូល្យូម ក្លរ)។ បន្ថែមពីនេះ មុខងារផ្សេងទៀតមានដូចជា  រក្សាសម្ពាធឈាមក្នុងរាងកាយ រក្សាលំនឹងសារធាតុទឹក និងចូលរួមបង្កើតវីតាមីន B ជាដើម។    

រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព Healthline  របស់អាមេរិក

តើការរលាកប្រព័ន្ធទឹកមូត្រស្រួចស្រាវជាអ្វី?

តាមទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត បានបង្ហាញថា ការរលាកប្រព័ន្ធទឹកមូត្រ គឺជាការកកើតនៃមេរោគនៅក្នុងប្រព័ន្ធបង្ហូរទឹកនោម។ ប្រភេទនៃការរលាកបំពង់ទឹកមូត្រអាចមានដូចជា៖ការលាកតម្រងនោមស្រួចស្រាវ (Pyélonéphrite aiguë) ការរលាកប្លោកនោមស្រួចស្រាវ (Cystite aiguë) និងការរលាកប្រូស្តាតស្រួចស្រាវ (Prostatie aiguë)។

ចំពោះរោគសញ្ញានៃការរលាកប្រព័ន្ធទឹកមូត្រស្រួចស្រាវនេះមានដូចជា នោមទាស់ នោមញឹក នោមក្រហាយ និង ក្តៅខ្លួន។

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

បន្ថែមពីនេះ បើតាមគេហទំព័រសុខភាព Healthline  របស់អាមេរិកបានបង្ហាញផងដែរថា រោគសញ្ញាការរលាកប្រព័ន្ធទឹកមូត្រស្រួចស្រាវគឺអាស្រ័យទៅលើផ្នែកនៃប្រព័ន្ធទឹកមូត្រដែលបានឆ្លងមេរោគ។ ក្នុងនោះ ការរលាកប្រព័ន្ធទឹកមូត្រស្រួចស្រាវផ្នែកខាងក្រោម ប៉ះពាល់ដល់ប្លោកនោម និងផ្លូវបង្ហូរនោមខាងក្រៅ ហើយរោគសញ្ញារួមមាន នោមញឹក ទឹកនោមមានបរិមាណច្រើន ក្តៅ និងមានសភាពល្អក់ ឬមានពណ៌ក្រម៉ៅ។ មួយវិញទៀត ចំពោះស្រ្តីអាចមានការឈឺចាប់អាងត្រគាក និងចំពោះបុរសមានការឈឺចាប់នៅរន្ធគូទ។

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

ដោយឡែក ចំពោះការរលាកប្រព័ន្ធទឹកមូត្រស្រួចស្រាវផ្នែកខាងលើវិញ គឺមានប៉ះពាល់ដល់តម្រងនោម ដែលអាចមានគ្រោះថ្នាក់ដល់អាយុជីវីតប្រសិនបើបាត់តេរីដែលបានឆ្លងក្នុងតម្រងនោមផ្លាស់ទីចូលក្នុងឈាម។ រោគសញ្ញានៅផ្នែកនេះផងដែរ មានអាការៈដូចជាមានឈឺចាប់នៅចង្កេះ ខ្នងឬមួយចំហៀងខ្លួន គ្រុនក្តៅ មានក្អួតចង្អោរ និងមានរងារញ្ញាក់ផងដែរ។

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

យ៉ាងណាមិញ មូលហេតុនិងកត្តាហានិភ័យនៃការរលាកប្រព័ន្ធទឹកមូត្រស្រួចស្រាវ តាមគេហទំព័រសុខភាព Healthline   ដដែរបានលើកឡើងថា មានកត្តាជាច្រើន ដែលនាំឱ្យមានបញ្ហានេះដោយក្នុងនោះរួមមាន៖ កត្តាអាយុ ការសម្រាកលើគ្រែយូរដោយមិនមានការចល័ត គ្រួសក្នុងតម្រងនោម និងការស្ទះផ្លូវបង្ហូរនោមដូចជា ក្រពេញប្រូស្តាតអាចរីកធំ និងដោយសារដុំសាច់មហារីកជាដើម។ បន្ថែមពីនេះកត្តាផ្សេងទៀតរួមមាន ការមានផ្ទៃពោះ ជំងឺទឹកនោមផ្អែម ប្រព័ន្ធភាពស៊ាំចុះខ្សោយ និងប្រព័ន្ធទឹកនោមមានការអភិវឌ្ឍខុសប្រក្រតីតាំងពីកំណើត។ 

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

មួយវិញទៀត ចំពោះការធ្វើរោគវិនិច្ឆ័យនៃការរលាកប្រព័ន្ធទឹកមូត្រស្រួចស្រាវ គឺធ្វើឡើយដោយផ្អែកលើរោគសញ្ញាដែលអ្នកជំងឺមាន បូករួមនឹងការបណ្ដុះមេរោគក្នុងឈាម ទឹកនោម និងរួមផ្សំនឹងការពិនិត្យដូចជា ការពិនិត្យឈាម(NFS, Procalcitonine, CRP) ថតពោះដើម្បីរកមើលគ្រួសតម្រង់នោម(ASP)  និងការធ្វើអេកូពោះ (Echographie abdominale) ដើម្បីរកមើលគ្រួស ការរីកតាមបង្ហូរនោម ក្រពេញប្រូស្តាត ឬផ្លោកនោម និងចុងក្រោយបើចាំបាច់គឺធ្វើស្កេនតម្រង់នោម។

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

ជាពិសេសបើសិនអ្នកជំងឺមានបញ្ហារលាកប្រព័ន្ធទឹកមូត្រស្រួចស្រាវ អ្នកជំងឺចាំបាច់ត្រូវទទួលការព្យាបាល និងពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិត ដើម្បីធ្វើរោគវិនិច្ឆ័យ និងតាមដានស្ថានភាពជំងឺ ហើយការព្យាបាលផងដែរ គឺត្រូវប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិក ដោយពឹងផ្អែកលើលទ្ធផលបណ្តុះមេរោគខាងលើ ហើយរយៈពេលនៃការព្យាបាល ប្រែប្រួលទៅតាមប្រភេទនៃការរលាកបំពង់ទឹកមូត្រ និងប្រភេទនៃមេរោគ។

លើសពីនេះ ចំពោះអ្នកជំងឺដែលមិនបានទទួលការព្យាបាលត្រឹមត្រូវ អ្នកជំងឺអាចមានផលវិបាកដូចជា៖ ខ្សោយតម្រងនោម អាប់សែ (Abcès)នៅប្រព័ន្ធបង្ហូរទឹកមូត្រ និងវិវត្តទៅរកការរលាកប្រព័ន្ធទឹកមូត្រជាដើម។

ដូច្នេះ ប្រសិនបើលោកអ្នកមានបញ្ហាដូចរៀបរាប់ខាងលើ សូមពិគ្រោះជំងឺនៅមន្ទីរពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលប្រកបដោយប្រសិទ្ធភាព៕ 

Share

ព័ត៌មានទាក់ទង

Image