en     km
en     km

BBC Media Action នឹងសម្ពោធកម្មវិធីទូរទស្សន៍គ្រួសារសុខសាន្ត វគ្គ២ ជំរុញការចូលរួមជាវិជ្ជមានរបស់យុវជនក្នុងការអភិវឌ្ឍសហគមន៍

Share

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួលនោះទេអង្គការ ប៊ីប៊ីស៊ី មេឌា អ៊ែកសិន (BBC Media Action) នឹងដាក់សម្ពោធនូវកម្មវិធីទូរទស្សន៍ “គ្រួសារសុខសាន្ត វគ្គ២” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ចាប់ពីម៉ោង៥៖៣០ល្ងាច នៅរោងភាពយន្ត    ម៉ាជើស៊ីណេផ្លិច អ៊ីអន សែនសុខ។

តាមរយៈសេចក្ដីសង្ខេបពិធីសម្ពោធកម្មវិធីទូរទស្សន៍ “គ្រួសារសុខសាន្ត វគ្គ២”បានបញ្ជាក់ថា កម្មវិធីទូរទស្សន៍ “គ្រួសារសុខសាន្ត” គឺជាផ្នែកមួយនៃគម្រោង “ក្លាហាន9 ស្ប៉េស” ដែលមានគោលបំណង គាំទ្រយុវជនកម្ពុជាក្នុងការចូលរួមក្នុងសកម្មភាពសាធារណៈ និងការសម្រេចចិត្តតាមរយៈការអភិវឌ្ឍ ជំនាញ ចំណេះដឹង ទំនុកចិត្ត ការជំរុញទឹកចិត្ត និងការចងបណ្ដាញ។ ជាងនេះកម្មវិធីមានសារៈសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍ សហគមន៍របស់ពួកគេ ព្រមទាំងផ្លាស់ប្ដូរនូវអាកប្បកិរិយាជាអវិជ្ជមានលើសមត្ថភាពយុវជន។ គម្រោងនេះ ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីស្ថានទូតស៊ុយអែតប្រចាំប្រទេសកម្ពុជា (Sida) និងភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)។

គម្រោងនេះ មានទាំងការសិក្សាស្រាវជ្រាវ ការផលិតមាតិកាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ការគាំទ្រដល់ប្រព័ន្ធផ្សព្វផ្សាយ និងសកម្មភាពផ្សព្វផ្សាយសហគមន៍ ដែលបាននិងកំពុងអនុវត្តសកម្មភាពដោយអង្គការ ប៊ីប៊ីស៊ី មេឌា អ៊ែកសិន និងដៃគូនានា រួមមាន៖ អង្គការក្រុមប្រឹក្សាយុវជនកម្ពុជា (YCC) អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) និងដៃគូប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ដូចជា៖ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Audio Visual Resource) សារព័ត៌មានថ្មីៗ (Thmey Thmey) សារព័ត៌មានក្លូបមេឌាអាស៊ី (Globe Media Asia) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) សារព័ត៌មានគីរីប៉ុស្តិ៍ (Kiripost) អ៊ីមផេក ហាប់ ភ្នំពេញ (Impact Hub Phnom Penh) និងអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC)។  

រូបភាពទទួលបានពីក្រុមការងារBBC Media Action។

អ្វីជាពិសេសនោះគឺគម្រោងនេះ បាននិងកំពុងអនុវត្តដោយទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ដោយស្របតាមគោលនយោបាយជាតិស្តីអំពីការអភិវឌ្ឍយុវជនកម្ពុជា។

សូមបញ្ជាក់ថា កម្មវិធីសម្ពោធនេះ នឹងមានការចាក់បញ្ចាំងរឿង “គ្រួសារសុខសាន្ត” ចំនួនពីរភាគ ក្នុងគោលបំណងទាញចំណាប់អារម្មណ៍ទស្សនិកជន និងស្ថាប័នសារព័ត៌មាន មុនការចាក់បញ្ចាំងជាផ្លូវការលើកដំបូងនៅលើកញ្ចក់ទូរទស្សន៍នៃក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយកម្ពុជា (CBS) ចាប់ផ្តើមពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង    ១៩៖០០យប់។

គួរបញ្ជាក់បន្ថែមថា ​អង្គការ ប៊ីប៊ីស៊ី មេឌា អ៊ែកសិន គឺជាអង្គការមនុស្សធម៌អភិវឌ្ឍន៍អន្តរជាតិ ដែលបាននិងកំពុងធ្វើការងារច្រើនជាង២០ប្រទេស និងបានផ្សព្វផ្សាយទៅដល់ទស្សនិកជនច្រើនជាង ១០០លាននាក់ក្នុងមួយឆ្នាំ។ ​អង្គការ ប៊ីប៊ីស៊ី មេឌា អ៊ែកសិន ​ធ្វើការគាំទ្រដល់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងធ្វើការផ្សាយនូវព័ត៌មានដែលអាចទុកចិត្តបាន ដែលផ្ដល់នូវសុខុមាលភាព ផ្សារភ្ជាប់ ទំនាក់ទំនង កាត់បន្ថយផ្នត់គំនិតរើសអើង គាំទ្រ និងផ្លាស់ប្ដូរជីវភាពរស់នៅ។ ការងាររបស់​អង្គការ ប៊ីប៊ីស៊ី មេឌា អ៊ែកសិន ​អនុលោមតាម បទដ្ឋានវិចារណកថា និងគុណតម្លៃរបស់អង្គការ ប៊ីប៊ីស៊ី មេឌា អ៊ែកសិន ហើយដើម្បីអាចអនុវត្តសកម្មភាពរបស់យើងបាន យើងពឹងផ្អែកលើមូលនិធិពីដៃគូអភិវឌ្ឍន៍នានា។

អង្គការ ប៊ីប៊ីស៊ី មេឌា អ៊ែកសិន បានចាប់ផ្តើមធ្វើការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០៣ ដើម្បីឆ្លើយតបទៅនឹងបញ្ហាអភិវឌ្ឍន៍មួយចំនួនរួមមាន៖ ការសម្របខ្លួនទៅនឹង បម្រែបម្រួលអាកាសធាតុ សុខភាពផ្លូវភេទនិងបន្តពូជ ការផ្តល់សិទ្ធិអំណាចដល់យុវជន និងសុវត្ថិភាពសេដ្ឋកិច្ច។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាទាំងនេះ ​អង្គការ ប៊ីប៊ីស៊ី មេឌា អ៊ែកសិន បានផលិត កម្មវិធីដ៏មានប្រជាប្រិយភាពមួយចំនួនដូចជា ស្ថានីយក្ដីស្រមៃ កុំចាំទឹកភ្លៀង និងផ្ទះក្លាហាន9៕

 

 

Share

ព័ត៌មានទាក់ទង

Image
Image
Image