en     km
en     km

ជំងឺខ្សោយតំរងនោមស្រួចស្រាវដោយសារការបរិភោគប្រម៉ាត់ត្រី!

Share

ប្រជាជននៃប្រទេសមួយចំនួននៃតំបន់អាស៊ីក៏ដូចជាកម្ពុជា នៅមានទម្លាប់ប្រើប្រាស់ឱសថបុរាណក្នុងការព្យាបាលជំងឺ។ ប្រម៉ាត់ត្រីត្រូវបានគេចាត់ទុកជាឱសថមួយប្រភេទសម្រាប់បំប៉នសុខភាព ព្យាបាលការឈឺសន្លាក់ឆ្អឹង ជំនួយភ្នែក ព្យាបាលគ្រុនក្ដៅឬជំងឺហឺតជាដើម។

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

បើតាមគេហទំព័របណ្ណាល័យជាតិវេជ្ជសាស្ត្រនៅសហរដ្ធអាមេរិក(NIH) បានបង្ហាញថា ជំងឺខ្សោយតំរងនោមស្រួចស្រាវនេះបង្កឡើងដោយការពុលប្រមាត់ត្រីពី ៥៥% ទៅ ១០០% និងមានអត្រាមរណៈចំនួន ៩១.៧% ឯណ្ណោះ។ ការសិក្សាក៏បានបង្ហាញថា ថង់ប្រមាត់ត្រីក៏អាចបំផ្លាញបេះដូង ថ្លើម រលាកក្រពះពោះវៀន និងនាំឱ្យមានបញ្ហាសរីរាង្គជាច្រើនផងដែរ។

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

ប្រម៉ាត់ត្រីប្រភេទខ្លះមានផ្ទុកនូវសារធាតុពុលមួយចំនួន(សារធាតុ 5α cyprinol sulfate) ដែលអាចផ្ដល់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។ ត្រីដែលមានប្រម៉ាត់ពុលមានច្រើនប្រភេទ ប៉ុន្តែនៅប្រទេសកម្ពុជាប្រម៉ាត់ត្រីដែលតែងបង្កការពុលញឹកញាប់មាន ២ប្រភេទគឺ: ប្រម៉ាត់ត្រីក្អែក និងប្រម៉ាត់ត្រីត្រសក់។ នេះបើយោងតាមការលើកឡើងពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត។

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

បន្ថែមពីនេះ មន្ទីរពេទ្យកាល់ម៉ែតក៏បានបង្ហាញពីរោគសញ្ញានៃបញ្ហានេះផងដែរ ដោយក្នុងនោះកម្រិតនៃការពុលប្រមាត់ត្រីគឺអាស្រ័យនឹងបរិមាណដែលបានបរិភោគ។ មួយវិញទៀត អ្នកជំងឺភាគច្រើនកើតមានអាការៈឈឺពោះខ្លាំង ក្អួត រាគ នៅប៉ុន្មានម៉ោងក្រោយបរិភោគ។ លើសពីនេះ បន្ទាប់ពី ៤៨ ទៅ ៧២ ម៉ោងក្រោយ អ្នកជំងឺចាប់ផ្តើមមានរោគសញ្ញានៃការពុលដល់តំរងនោមដូចជា ហើម នោមតិចឬគ្មានទឹកនោម និងពេលខ្លះអាចមានរោគសញ្ញានៃការពុលថ្លើមផងដែរដូចជា ភ្នែកនិងស្បែកឡើងពណ៌លឿងជាដើម។

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

ចំពោះការព្យាបាល រាល់មានករណីពុលប្រម៉ាត់ត្រីទាំងអស់ មន្ទីរពេទ្យកាល់ម៉ែតបាននែនាំ អ្នកជំងឺត្រូវទទួលការព្យាបាលដោយយកចិត្តទុកដាក់ ពីព្រោះក្នុងករណីខ្លះអាចមានអាការៈពុលដល់តម្រងនោម គឺមានសភាពធ្ងន់ធ្ងររហូតទាមទារឱ្យមានការព្យាបាលដោយលាងឈាមទៀតផង (Hemodialysis)។

ដូច្នេះ ប្រសិនអ្នកមានអាការៈឬរោគសញ្ញាដូចបានរៀបរាប់ខាងលើ ដោយសារការពុលប្រម៉ាត់ត្រី សូមអញ្ជើញពិភាក្សាជាមួយវេជ្ជបណ្ឌិតដើម្បីព្យាបាលឲ្យទាន់ពេលវេលា និងជាពិសេសសូមជៀសវាងការបរិភោគប្រម៉ាត់ត្រីនេះ៕

 

Share

ព័ត៌មានទាក់ទង

Image