en     km
en     km

ទូតអាមេរិកសង្ឃឹមថារាជរដ្ឋាភិបាលថ្មីនឹងអាចស្ដារប្រជាធិបតេយ្យនិងបើកប្រព័ន្ធផ្សព្វផ្សាយឯកករាជ្យឡើងវិញ

Share

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា បានសរសេរសារក្នុងបណ្ដាញទ្វីតធ័ររបស់លោកនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ដោយបង្ហាញក្តីសង្ឃឹមថា នៅពេលដែលរដ្ឋាភិបាលកម្ពុជាថ្មីចាប់ផ្តើមកាន់តំណែង នឹងអាចស្តារលទ្ធិប្រជាធិបតេយ្យ បញ្ចប់ការផ្តន្ទាទោសនយោបាយ និងអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបើកដំណើរការឡើងវិញ ដោយគ្មានការជ្រៀតជ្រែកបាន។


ជាការកត់សម្គាល់ អាមេរិក គឺជាប្រទេសមួយដែលតែងតែចេញសេចក្ដីថ្លែងការណ៍ពីកម្ពុជា ចំពោះករណីប្រជាធិបតេយ្យ រឿងនយោបាយ ក៏ដូចជាទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកដំណើរការប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដើម្បីផ្ដល់ព័ត៌មានកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ។ ជាក់ស្ដែងកាលពីករណីអ្នកទោសនយោបាយ ដូចជាលោក កឹម សុខា កញ្ញា សេង ធារី និងសកម្មជននយោបាយនៃបក្សប្រឆាំងមួយចំនួនទៀត ដែលមានទោសដោយការធ្វើនយោបាយ សហរដ្ឋអាមេរិកគឺដុតដៃដុតជើងយ៉ាងខ្លាំងក្នុងរឿងនេះ។ ចំណែករឿងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ VOD ដែលរាជរដ្ឋាភិបាលដកហូតអាជ្ញាបណ្ណ សហរដ្ឋអាមេរិកបានចេញសេចក្ដីថ្លែងការណ៍ដោយសម្ដែងការសោកស្ដាយយ៉ាងខ្លាំងដែរ ចំពោះការសម្រេចចិត្តភ្លាមៗបែបនោះ។


ទាក់ទងក្នុងរឿងនេះដែរ នៅព្រឹកនេះលោក ហ៊ុន ម៉ាណែត បានថ្លែងសុន្ទរកថាបន្ទាប់ពីរដ្ឋសភាជាតិបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមាន លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ចំណុចមួយក្នុងចំណោមចំណុចស្នូរទាំង៥ ដែលលោក ហ៊ុន ម៉ាណែត បានសង្កាត់ធ្ងរនោះគឺ សន្យាការពារសុខសន្តិភាពនិងឯករាជ្យភាពទឹកដីមិនឱ្យកម្លាំងបរទេសណាបំផ្លាញបានឡើយ។


យ៉ាងណាការបោះឆ្នោតតំណាងរាស្ដ្រនីតិកាលទី៧ នៅខែកក្កដា ឆ្នាំ២០២៣ សហរដ្ឋអាមេរិក និងបណ្ដាប្រទេសសេរីមួយចំនួនបានរិះគន់ដល់កម្ពុជា ដែលដំណើរការបោះឆ្នោតដោយគ្មានវត្តមានបក្សប្រឆាំងដ៏មានប្រជាប្រិយភាពចូលរួម និងចាត់ទុកថា ការបោះឆ្នោតនៅកម្ពុជាគ្មានភាពសេរី និងយុត្តិធម៌។
ទោះបីជាសហរដ្ឋអាមេរិក និងប្រទេសសធំៗដទៃបានចេញសេចក្ដីថ្លែងការណ៍ ឬដាក់ទណ្ឌកម្មដល់កម្ពុជាជាដើម តែនៅថ្ងៃប្រជុំរដ្ឋសភាលើកដំបូងក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាបានហៅទូតប្រទេសទាំងនោះចូលរួមផងដែរ។ ប្រទេសខ្លះរំពឹងថារាជរដ្ឋាភិបាលថ្មីអាចស្ដារស្ថានភាពប្រទេសឱ្យប្រសើរឡើងនូវលទ្ធិប្រជាធិបតេយ្យ និងខ្លះរំពឹងថា នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលក្នុងអាណត្តិថ្មី៕

Share

ព័ត៌មានទាក់ទង

Image