en     km
en     km

តើអ្វីទៅជាជំងឺខ្សោយពោះវៀន?(Irritable Bowel Syndrome)

Share

ជំងឺខ្សោយពោះវៀន គឺជាបណ្តុំរោគសញ្ញាទាំងឡាយណាដែលបញ្ជាក់ថាអ្នកជំងឺមានបញ្ហានៅក្នុងពោះវៀន។ ជំងឺនេះត្រូវបានគេឱ្យឈ្មោះផ្សេងៗគ្នាទៅតាមការនិយមរបស់គ្រូពេទ្យ ដើម្បីងាយស្រួលក្នុងការពន្យល់អ្នកជំងឺដូចជា ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ជំងឺខ្យល់ក្នុងពោះវៀន និងហើមពោះវៀនជាដើម។

    រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

ជំងឺខ្សោយពោះវៀន ជាជំងឺមួយដែលគេជួបប្រទះញឹកញាប់ ជាពិសេសអ្នកជំងឺដែលបានពិគ្រោះនៅផ្នែកថ្លើម-ក្រពះ-ពោះវៀននៅឯមន្ទីរពេទ្យ មានជំងឺខ្សោយពោះវៀននេះលើសពី ៥០% ឯណ្ណោះ។ នេះបើយោងតាមការបង្ហាញពីមន្ទីរពេទ្យកាល់ម៉ែត។

ដោយឡែក ចំពោះរោគសញ្ញានៃជំងឺខ្សោយពោះវៀន អ្នកជំងឺអាចមានអាការៈដូចជា ឈឺពោះរ៉ាំរ៉ៃ ចុកឆ្អល់ក្នុងពោះតឹងណែនក្នុងពោះ ញ៉ាំឆាប់ឆ្អែត និងរោគសញ្ញាមួយចំនួនទៀតដែលគេចែកជំងឺនេះជា ៤ ក្រុមរួមមាន ក្រុមទី១ រាគរ៉ាំរ៉ៃ ក្រុមទី២ ទល់លាមករ៉ាំរ៉ៃ ក្រុមទី៣ រាគនិងទល់លាមកឆ្លាស់គ្នា និងក្រុមទី៤ មិនមានរោគសញ្ញារាគ ឬ ទល់លាមកទេ។ ហើយជំងឺខ្សោយពោះវៀននេះ មិនមានបង្កជាផលវិបាកធ្ងន់ធ្ងរទេ តែវាមានភាពរំខានខ្លាំងក្នុងជីវភាពរស់នៅរបស់អ្នកជំងឺ។

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

តើធ្វើដូចម្តេចដើម្បីដឹងថា អ្នកជំងឺមានជំងឺខ្សោយពោះវៀនពិតប្រាកដមែន?

ជាទូទៅការធ្វើរោគវិនិច្ឆ័យនៃជំងឺខ្សោយពោះវៀន គឺពឹងផ្អែកទៅលើរោគសញ្ញាដែលអ្នកជំងឺបានផ្តល់យ៉ាងណាមិញ មានជំងឺមួយចំនួនអាចស្តែងចេញរោគសញ្ញាដូចជំងឺខ្សោយពោះវៀនដែរដូចជា ជំងឺរលាកពោះវៀនដោយសារមេរោគដំបៅពោះវៀន និងជំងឺមហារីកពោះវៀនជាដើម។ ដូចនេះ ដើម្បីធ្វើរោគវិនិច្ឆ័យនៃជំងឺខ្សោយពោះវៀនឱ្យបានសុក្រិត អ្នកជំងឺគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសផ្នែកថ្លើម-ក្រពះ-ពោះវៀន។

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

មួយវិញទៀត ជំងឺនេះមិនទាន់មានវិធីបង្ការណាមួយជាក់លាក់ទេ ព្រោះមូលហេតុពិតប្រាកដនៃជំងឺខ្សោយពោះវៀន មិនទាន់បានត្រូវគេរកឃើញនៅឡើយ ប៉ុន្តែគេសង្កេតឃើញថា សុខភាពផ្លូវចិត្តមានការប៉ះពាល់យ៉ាងខ្លាំងទៅលើជំងឺនេះដែរ។ អ្នកដែលមានសម្ពាធការងារ ឬគ្រួសារច្រើន ភាគច្រើនមានបញ្ហានេះជាញឹកញាប់ ហើយចំពោះអ្នកដែលមានសុខភាពផ្លូវចិត្តល្អ ភាគច្រើនមិនមានបញ្ហានេះទេ។

ម៉្យាងវិញទៀត ចំពោះអ្នកជំងឺខ្សោយពោះវៀន ចំណីអាហារមិនមែនជាកត្តាបង្កជំងឺនោះទេ ប៉ុន្តែចំណីអាហារមួយចំនួនអាចធ្វើឲ្យមានលេចចេញរោគសញ្ញាខ្សោយពោះវៀនកាន់តែច្បាស់ និងកាន់តែខ្លាំង ហើយអ្នកជំងឺម្នាក់ៗអាចឆ្លើយតបទៅនឹងចំណីអាហារខុសៗគ្នាដូចជា អ្នកខ្លះញ៉ាំម្ជូរមិនបាន អ្នកខ្លះញ៉ាំស៊ុតមិនបាន និងអ្នកខ្លះទៀតញ៉ាំបន្លែមិនបាន។ ដូចនេះការតមអាហារគឺធ្វើទៅតាមករណីរបស់អ្នកជំងឺនីមួយៗ។

រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត

ជាចុងបញ្ចប់នៃអត្ថបទនេះ មន្ទីរកាល់ម៉ែតបង្ហាញផងដែរថា ជំងឺខ្សោយពោះវៀនជាជំងឺមួយដែលគេតែងជួបប្រទះញឹកញាប់ តែរោគសញ្ញានៃជំងឺនេះមានការភាន់ច្រឡំទៅនឹងជំងឺមួយចំនួនដែលអាចមានលក្ខណៈធ្ងន់ធ្ងរ។ ដូច្នេះអ្នកជំងឺដែលមានរោគសញ្ញានៃជំងឺខ្សោយពោះវៀន គួរតែជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ផ្នែកថ្លើម-ក្រពះ-ពោះវៀន ដើម្បីធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់និងទទួលនូវសេវាព្យាបាលបានត្រឹមត្រូវ៕

Share

ព័ត៌មានទាក់ទង

Image