en     km
en     km

នាយទាហានមួយរូបបានស្លា-ប់ដោយសារមីនពេលចុះល្បាតលើភ្នំដងរែកខេត្តឧត្តរមានជ័យ

Share

នាយទាហានមួយរូប មានឈ្មោះថា ម៉ុយ ទឿម មានមុខងារជានាយក្រុម១ អនុសេនាតូច២ អនុសេនាធំ២ វរសេនាតូច៤២១ ចំណុះកងពលតូចថ្មើរជើង៤២ នៃកងយោធពលខេមរភូមិន្ទ បានបាត់បង់ជីវិតដោយសារគ្រាប់មីន ពេលចុះល្បាតពិនិត្យការពារទីតាំងលើខ្នងភ្នំដងរែក ទិសប្រាសាទតាមាន់ ដែលស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

រឿងនេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ដោយអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា លោកព្រិន្ទបាលឯក ម៉ុយ ទឿម បានជាន់មីនចាស់ ប្រភេទមីនK59 របស់ប្រទេសសូវៀត ពេលសម្រាកពីល្បាត ហើយទៅបន្ទោរបង់។

ឧត្តរមានជ័យជាខេត្តមួយ រួមនឹងខេត្តដទៃទៀតមួយចំនួន ស្ថិតនៅក្នុងចំណោមខេត្តមិនទាន់ប្រកាសថាអស់មីននោះទេ នៅក្នុងគម្រោងឆ្នាំ២០២៣នេះ។ តែកាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៣ ប្រទេសអាល្លឺម៉ងបានផ្ដល់ហិរញ្ញប្បទានឥតសំណងចំនួន ២.១លានដុល្លារដល់កម្ពុជា ដើម្បីធ្វើគម្រោងបោសសម្អាតមីនមនុស្សធម៌ នៅតាមព្រំដែនកម្ពុជា-ថៃ។ ក្នុងនោះមានខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។

អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានបញ្ជាក់ថា គម្រោងបោសសម្អាតមីនមនុស្សធម៌ ដែលអាល្លឺម៉ងផ្ដល់ជំនួយនេះ មានរយៈពេល១៦ខែ ដោយត្រូវបោសសម្អាតផ្ទៃដីមានគ្រាប់មីន ទំហំ១៦០០ហិចតា។ គួររម្លឹកដែរ គោលនយោបាយរបស់រាជរដ្ឋាភិបាលបញ្ជាក់ថា កម្ពុជានឹងក្លាយជាប្រទេសគ្មានមីនឆ្នាំ២០២៥។

យ៉ាងណាពេលដំណាលគ្នានៅខេត្តក្រចេះ នាវិទ្យាល័យព្រះមហាក្សត្រីយានីកុសមៈ អង្គភាពស៊ីម៉ាក់ បានរកឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន២៣៩២គ្រាប់ដែរ តែមិនបានបង្កឱ្យមានផលប៉ះពាល់ដល់អាយុជិវិតនោះទេ។ CMAC បញ្ជាក់ថា គ្រាប់យុទ្ធភណ្ឌទាំងនោះបានរុករកចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែសីហា ក្នុងទំហំផ្ទៃដីជាង ២ម៉ឺនម៉ែត្រការេ និងកម្ទេចចោលរួមរាល់ហើយ៕

Share

ព័ត៌មានទាក់ទង

Image