en     km
en     km

តើគួរដឹងអ្វីខ្លះពីទារកកើតមិនគ្រប់ខែ?

Share

ងាកមកព័ត៌មានសុខភាពវិញ កញ្ញា ទាវ ឧស្សា សូមលើកយកអត្ថបទស្រាវជ្រាវមួយទាក់ទងនឹងស្រ្តីមានផ្ទៃពោះគួរស្វែងយល់ពីទារកកើតមិនគ្រប់ខែ ។ តទៅនេះសូមអញ្ជើញស្តាប់ដូចតទៅ!

បញ្ហាទារកកើតមិនគ្រប់ខែគឺជាបញ្ហាសកលមួយ ដែលមានប្រហែល ១៥ លានទារកបានកើតមិនគ្រប់ខែជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក។ បន្ថែមពីនេះ ទារកទាំងនោះប្រមាណ ៦០% កើតក្នុងបណ្តាប្រទេសក្នុងតំបន់អាហ្វ្រិក និងនៅអាស៊ីខាងត្បូង។ នេះបើយោងតាមគេហទំព័ររបស់អង្គការសុខភាពពិភពលោក(WHO)។

តើអ្វីទៅជាទារកកើតមិនគ្រប់ខែ?

តាមនិយមន័យរបស់អង្គការសុខភាពពិភពលោក ទារកកើតមិនគ្រប់ខែ ជាទារកដែលកើតមុន ៣៧ សប្តាហ៍នៃអាយុគភ៌ ដែលជាធម្មតាទារកត្រូវកើតនៅសប្តាហ៍ទី៤០។

ជាទូទៅទារកកើតមិនគ្រប់ខែ គឺទាមទារការថែទាំជាពិសេសខុសពីទារកកើតគ្រប់ខែ ព្រោះទារកកើតមិនគ្រប់ខែមិនទាន់រៀបចំខ្លួនរួចរាល់សំរាប់ការរស់នៅក្រៅផ្ទៃពោះម្តាយ។ ប្រសិនបើទារកកើតកាន់តែឆាប់ សរីរាង្គរបស់ទារកក៏លូតលាស់កាន់តែមិនទាន់បានគ្រប់ជ្រុងជ្រោយដែរ ជាពិសេសសរីរាង្គសំខាន់ៗ ដូចជាសួត បេះដូង ប្រព័ន្ធរំលាយអាហារ ខួរក្បាល ប្រព័ន្ធភាពស៊ាំ ភ្នែក គឺសុទ្ធតែនៅខ្ចីដែលទាមទារឱ្យមានការគាំពារផ្នែកវេជ្ជសាស្រ្តដោយក្រុមគ្រូពេទ្យជំនាញ និងធានាធ្វើយ៉ាងណាឱ្យការលូតលាស់របស់ទារកមានសភាពប្រហាក់ប្រហែលនឹងការរស់នៅក្នុងផ្ទៃពោះម្តាយផងដែរ។

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត

បើយោងតាមគេហទំព័រមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺនៅសហរដ្ធអាមេរិក(CDC) បានបង្ហាញពីរោគសញ្ញានៃការឈឺពោះសម្រាលកូនមិនគ្រប់ខែ ដោយក្នុងករណីភាគច្រើនការឈឺពោះសម្រាលទារកមិនគ្រប់ខែនេះតែងតែកើតឡើងមុនសប្តាហ៍ទី ៣៧ នៃការមានផ្ទៃពោះ។​ ការឈឺពោះសម្រាលនេះ មិនមានការគ្រោងទុកនោះឡើយ និងអាការៈរួមមានការកន្ត្រាក់រៀងរាល់ ១០ នាទីម្តងឬញាប់ជាងនេះ។ មានទឹករំអិល ឬហូរឈាមតាមទ្វារមាស  មានសម្ពាធអាងត្រគាកដែលមានអារម្មណ៍ថាទារកកំពុងរុញចុះក្រោម ឈឺខ្នង និងមានរមួលក្រពើផងដែរ។

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត

តើមានមូលហេតុអ្វីខ្លះដែលធ្វើឱ្យទារកកើតមិនគ្រប់ខែ?

តាមគេហទំព័ររបស់មន្ទីរពេទ្យកាល់ម៉ែតបានបង្ហាញ ពីកត្តាប្រឈមមួយចំនួនដែលធ្វើឱ្យទារកកើតមិនគ្រប់ខែមានដូចតទៅ៖ ស្រ្តីជាម្តាយធ្លាប់មានប្រវត្តិសំរាលកូនមិនគ្រប់ខែពីមុនមក និងមានជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ឬមានបញ្ហាស្បូន កស្បូន ឬសុកអំឡុងពេលមានផ្ទៃពោះនេះ។ មួយវិញទៀត អាចមកពីស្រ្តីពពោះទារកភ្លោះ និងស្រ្តីមានផ្ទៃពោះពីកូនមួយទៅកូនមួយមានចន្លោះពេលតិចជាង ៦ខែ ហើយអាចមកពីស្រ្តីជាម្តាយបានពពោះសិប្បនិម្មិត​ជាដើម។

ចំណែកឯកត្តាប្រឈមមួយចំនួនទៀតនៃទារកកើតមិនគ្រប់ខែ អាចបណ្តាមកពី ស្រ្តីជាម្តាយជក់បារី ឬបានទទួលផ្សែងបារីដោយប្រយោល។ បន្ថែមពីនេះគឺ អាចបណ្ដាលមកពីការទទួលទានគ្រឿងស្រវឹង  និងប្រើប្រាស់ថ្នាំដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវជាដើម។

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត

តើទារកកើតមិនគ្រប់ខែប្រឈមនឹងបញ្ហាសុខភាពអ្វីខ្លះ?

តាមអង្គការសុខភាពពិភពលោកបានពន្យល់ថា ទារកដែលកើតមិនគ្រប់ខែត្រូវការការថែទាំពិសេសដូចជា៖

ទារកដែលកើតមិនគ្រប់ខែងាយប្រឈមនឹងការថយចុះកម្តៅក្នុងខ្លួន ដែលអាចគំរាមកំហែងដល់អាយុជីវិត។ បន្ថែមពីនេះ ទារកមានហានិភ័យស្លាប់ខ្ពស់ប្រសិនពួកគេបានឆ្លងមេរោគ ព្រោះប្រព័ន្ធភាពសុំារបស់ពួកគេមិនទាន់មានការអភិវឌ្ឍពេញលេញនៅឡើយ។

មួយវិញទៀតគឺ ទារកមិនគ្រប់ខែមានហានិភ័យនៃការហូរឈាមក្នុងខួរក្បាលអំឡុងពេលកើត និងក្នុងប៉ុន្មានថ្ងៃដំបូងបន្ទាប់ពីកើត និងមានបញ្ហារបួសខួរក្បាលដោយសារកង្វះអុកស៊ីសែនផងដែរ។ ទារកប្រហែល ១ ក្នុងចំណោម ៥ នាក់ដែលមានទម្ងន់តិចជាង ២ គីឡូក្រាមបានជួបបញ្ហានេះ។ យ៉ាងណាការហូរឈាម ឬកង្វះអុកស៊ីសែនទៅខួរក្បាលអាចបណ្តាលឱ្យទារកមានជម្ងឺខួរក្បាល ពន្យារការលូតលាស់ និងជួបការលំបាកក្នុងការសិក្សាផងដែរ ប៉ុន្តែប្រសិនបើពួកគេទទួលបានកម្រិតអុកស៊ីសែនខ្ពស់ពេក ក៏អាចបណ្តាលឱ្យពិការភ្នែកផងដែរ។

រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត

ដោយឡែកចំពោះវិធីសាស្រ្តការពារកុំឱ្យទារកកើតមិនគ្រប់ខែ មន្ទីរពេទ្យកាល់ម៉ែតបានណែនាំដូចតទៅ៖ ស្រ្តីដែលមានផ្ទៃពោះត្រូវទៅពិនិត្យ និងតាមដានផ្ទៃពោះឱ្យបានទៀងទាត់។ ជាពិសេសស្រ្តីត្រូវទទួលការព្យាបាលឱ្យបានត្រឹមត្រូវប្រសិនបើមានបញ្ហាសុខភាពអំឡុងពេលមានផ្ទៃពោះដូចជាលើសសំពាធឈាម ទឹកនោមផ្អែម បញ្ហាផ្លូវចិត្តជាដើម។ ចំណែកការរស់នៅប្រចាំថ្ងៃ ស្រ្តីត្រូវបរិភោគអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ជៀសវាងការជក់បារី ឬនៅជិតអ្នកជក់បារី កុំពិសារគ្រឿងស្រវឹង និងហាមប្រើប្រាស់ថ្នាំដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ។

លើសពីនេះ បើស្រ្តីត្រូវសម្រាលកូនមិនគ្រប់ខែ ស្រ្តីគួរតែជ្រើសរើសកន្លែងសម្រាលនៅមន្ទីរពេទ្យណាដែលមានកន្លែងសង្រ្គោះទារកមិនគ្រប់ខែ ព្រោះទារកមិនគ្រប់ខែ ទាមទារការព្យាបាលដោយជំនាញផ្សេងមួយ លើសពីការព្យាបាលទារកគ្រប់ខែ។ លើសពីនេះទៅទៀត ការព្យាបាលទារកមិនគ្រប់ខែ ទាមទារពេលវេលាយូរអង្វែង ដែលទាក់ទងនឹងការសង្គ្រោះ ក្រោយសង្គ្រោះ និងការតាមដានក្រោយចេញពីមន្ទីរពេទ្យ ដោយមានគ្រូពេទ្យថែទាំ និងគ្រូពេទ្យព្យាបាល ដែលមានជំនាញច្បាស់លាស់ខាងទារកមិនគ្រប់ខែនេះ៕

 

 

Share

ព័ត៌មានទាក់ទង

Image