en     km
en     km

ហេតុអ្វីឪពុកជនរងគ្រោះករណីកូនប្រុសស្លាប់ក្រោយសមត្ថកិច្ចស្រុកមង្គលបូរីសួរចម្លើយសម្រេចប្តឹងតតាំងក្តីជាមួយសមត្ថកិច្ច?

Share

ភ្នំពេញ៖ ឳពុកជនរងគ្រោះដែលកូនប្រុសឈ្មោះ លាង ឡាង បានបាត់បង់ជីវិតក្រោយបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីសួរចម្លើយនៅស្នងការដ្ឋាននគរបាលស្រុកមង្គលបូរីនោះ ឥឡូវសម្រេចចិត្តដាក់ពាក្យប្តឹងតតាំងជាមួយសមត្ថកិច្ចហើយដើម្បីស្វែងរកភាពយុត្តិធម៌ជូនកូនរបស់ខ្លួន។

 លោក កែវ សុខា ជូនសេចក្តីរាយការណ៍

ឳពុកជនរងគ្រោះដែលកូនប្រុសឈ្មោះ លាង ឡាង ប្រាប់ថាលោកមិនអស់ចិត្តទ័លតែសោះ ដែលកូនរបស់លោកត្រូវបាត់បង់បន្ទាប់ពីស្នងការស្រុកមង្គមបូរីចាប់ខ្លួនទៅសួរចម្លើយករណីកូនលោកមានជាប់ពាក់ព័ន្ធរឿងគ្រឿងញៀន។ អ្វីដែលសំខាន់លោកសម្តែងការក្តីទម្នាស់យ៉ាងខ្លាំងដែលខាងសមត្ថកិច្ចនិងក្រុមគ្រួពេទ្យស្រុកមង្គមបូរីបានបញ្ជាក់ថា កូនលោកស្លាប់ដោយសារជំងឺគាំងបេះដូង។ ទម្នាស់ក្នុងចិត្តដ្បិតថា កូនប្រុសលោកមិនដែលមានប្រវត្តិមានជំងឺបេះដូងតាំងពីតូចរហូតទល់ពេលស្លាប់។ តែអ្វីនាំឱ្យលោកកើតក្តីក្តៅក្រហាយគឺនៅលើរាងកាយកូនមានសុទ្ធតែស្លាកស្នាមជាំនិងដាច់រលាតច្រើនកន្លែង ថែមទាំងមានហូរឈាមចេញតាមមាត់ថែមទៀតផង។

បុរសជាឳពុកបានរៀបរាប់ពីហេតុការណ៍ខ្លះៗទាក់ទងនឹងការស្លាប់របស់កូនប្រុស។ លោកថា ពេលទទួលដំណឹងភ្លាមថា កូនត្រូវសមត្ថកិច្ចចាប់ខ្លួនលោកក៏ប្រញាប់ទៅស្នងការស្រុកភ្លាម។ពេលទៅដល់លោកបានលឺសំឡេងស្រែកដូចធ្វើទារុណកម្មចេញពីបន្ទប់ តែលោកមិនចាប់អារម្មណ៍នោះទេ។ ស្រាប់តែបន្តិចក្រោយមកលោកឃើញគេគ្របមនុស្សម្នាក់ចេញពីបន្ទប់បញ្ចូលក្នុងឡាន ដោយគ្រានោះលោកក៏មិនទាន់បានចាប់អារម្មណ៍ថាជាកូនប្រុសរបស់លោកនោះទេ ព្រោះមនុស្សដែលបញ្ចូនចូលទៅក្នុងរថយន្តស្លៀកខោខ្លី ចំណែកកូនរបស់លោកកាលពីសុំទៅច្រូតស្មៅគោស្លៀកខោវែង។

ជនរងគ្រោះ។រូបភាពពីសារព័ត៌មានអនឡាយក្នុងស្រុក។

ពេលលោកទៅសួរមន្រ្តីប៉ូលីស ប៉ូលីសប្រាប់ថាកូនប្រុសរបស់ត្រូវបញ្ជួនទៅមន្ទីរពេទ្យសង្គ្រោះបន្ទន់។ គ្រានោះលោកក៏ទៅមន្ទីរពេទ្យក្រុមគ្រូពេទ្យថាកូនលោកបានស្លាប់រួចទៅហើយ។ ឳពុកជនរងគ្រោះបានសួរដេញដោលពីមូលហេតុនៃស្លាប់របស់កូន ខាងមន្ទីរពេទ្យស្រុកមង្គលបូរីបញ្ជាក់ថា ស្លាប់ដោយសារជំងឺគាំងបេះដូង។ ក្នុងស្ថានភាពនោះផងដែរលោកពុំទាន់អស់ចិត្តនោះទេ ព្រោះយល់ថាអយុទ្ធធម៌ ខណៈកូនរបស់លោកពុំដែលមានប្រវត្តិមានបញ្ហាបេះដូងពីមុននោះទេ។ តែដោយសារក្រុមគ្រួពេទ្យប្រាប់ថាបើសិនជាមិនព្រមផ្តិតមេដាយទទួលស្គាល់ថាស្លាប់ដោយសារបញ្ហាជំងឺគាំងបេះដូងនោះទេ គឺខាងមន្ទីរពេទ្យមិនព្រមអនុញ្ញាតឱ្យយកសាកសពចេញនោះទេ។ លោកបន្តថា ដោយសារគ្មានជម្រើសលោកក៏ផ្តិតមេដៃទាំងបង្ខំចិត្តព្រោះចង់យកសពកូនមកធ្វើបុណ្យដោយរង់ចាំតតាំងក្តីពេលក្រោយ។

ឳពុកជនរងគ្រោះអះអាងបន្តទៀតថា លោកនឹងតតាំងក្តីជាមួយសមត្ថកិច្ចស្រុកមង្គលបូរីដើម្បីរកយុទ្ធធម៌ជូនកូនប្រុសដែលស្លាប់ដោយអយុទ្ធធម៌ព្រោះលោកចាត់ទុកថា ការបាត់បង់ជីវិតកូនប្រុសរបស់លោកពុំមែនដោយសារជំងឺគាំងបេះដូងអ្វីនោះទេ គឺដោយសារការធ្វើទារុណកម្ម។

ការហ៊ានអះអាងបែបនេះ ដ្បិតលើរាងកាយកូនប្រុសមានសុទ្ធតែស្នាមជាំដែលអាចបញ្ជាក់បានថា ជាការវាយសួរចម្លើយ។លោកសង្ឃឹមថា ស្ថាប័នតុលាការនឹងស្វែងរកយុទ្ធធម៌ជូនកូនប្រុសលោក ដើម្បីដាក់ទោសជនដៃដល់ពិតប្រាដក។

ទាក់ទងក្នុងរឿងនេះវិទ្យុស្រ្តីបានព្យាយាមទាក់ទងទៅលោក ស៊ិន ណារ៉ាក់ អធិការស្រុកមង្គលបូរីជាច្រើនលើកច្រើនសារតែទូរស័ព្ទពុំមានអ្នកទទួល។ចំណែកលោក រ៉ែម វិរៈ ស្នងការរងខេត្តបន្ទាយមានជ័យក៏ពុំទទួលទូរស័ព្ទដែរ។

តែយ៉ាងណាបើតាមសេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ លាង ឡាង ភេទប្រុស អាយុ ៣២ឆ្នាំមានទីលំនៅភូមិពោធិរៀង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី មានពាក់ព័ន្ធនឹងការប្រើប្រាស់និងចរាចរថ្នាំញៀន។ នៅថ្ងៃកើតហេតុសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យរកឃើញថ្នាំញៀនមួយចំនួនហើយសមត្ថកិច្ចដាក់សង្ស័យថា ឈ្មោះ លាង ឡាង នេះនៅលាក់ថ្នាំញៀន។ ក្នុងសេចក្តីបំភ្លឺព័ត៌មានអះអាងថា ជនរងគ្រោះមានអាការៈក្តៅហើយបានស្រោចទឹកលើខ្លួននឹងមានបែកពពុះមាត់ដែលនេះធ្វើឱ្យសមត្ថកិច្ចដាក់សង្ស័យថាជននេះបានលេបថ្នាំចូលក្នុងពោះ។ ឃើញសភាពបែបនេះសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅមន្ទីរពេទ្យសង្គ្រោះបន្ទន់ហើយក៏បានស្លាប់នៅមន្ទីរពេទ្យនៅម៉ោង៣រសៀល។ តាមសេចក្តីបំភ្លឺដដែរ បានសរសេរបន្តថា ក្រុមគ្រូពេទ្យនិង នគរបាលជំនាញកោសល្យវិច្ឆ័យធ្វើការត្រួតពិនិត្យឃើញថា ជនសង្ស័យពិតជាស្លាប់ដោយសារគាំងបេះដូង ហើយក្រុមគ្រួសារសពបានទទួលស្គាល់តាមការពិនិត្យរបស់ក្រុមគ្រូពេទ្យក្នុងករណីស្លាប់នេះគឺដោយសារគាំងបេះដូង ពិតប្រាកដមែន។

សេចក្តីបំភ្លឺរបស់ស្នងការនរគបាលខេត្តបន្ទាយមានជ័យ៖«អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណៈជន អ្នកសារ ព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបនូវករណីបង្ក្រាបគ្រឿងញៀននៅថ្ងៃទី១១-០៨- ២០២៣ម៉ោង១០:៣០នាទី មានប្រជាពលរដ្ឋឈ្មោះ ងួន ង៉ាន ភេទប្រុស អាយុ៣៩ឆ្នាំ បានរាយការណ៍ថាមានឈ្មោះ លាង ឡាង ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិពោធិរៀង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី បានឲ្យខ្លួនទៅយកថ្នាំញៀន ចំនួន៤០០.០០០រៀល នៅចំណុចវត្តដងរុន ភូមិដងរុន ឃុំបន្ទាយនាង ស្រុកមង្គលបូរី។

ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា កម្លាំងជំនាញស្រុកមង្គលបូរី បានចុះទៅដល់វត្តដងរុន ប្រទះឃើញជនសង្ស័យឈ្មោះ លាង ឡាង ភេទប្រុស អាយុ ៣២ឆ្នាំ ជិះម៉ូតូក្នុងវត្តដៃកាន់ទូរស័ព្ទបម្រុងគេចខ្លួនកម្លាំង យើងឃើញចាប់ឃាត់ខ្លួន ហើយត្រួតពិនិត្យរកគ្រឿងញៀន ជនសង្ស័យឆ្លើយថាខ្លួនបានបោះថ្នាំញៀនចោលតែមិន បានប្រាប់ថាបោះចោលនៅកន្លែងណា បន្ទាប់មកក៏បាននាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីសាកសួរ បន្ថែម ជនសង្ស័យបានសុំហូបបាយ និងសុំជួបម្ដាយមីងឈ្មោះ ធា បានគាត់ដឹងពីជម្ងឺខ្ញុំយ៉ាងមិច។ ពេលនោះ សមត្ថកិច្ចបានឲ្យបាយហូបមួយកញ្ចប់ហូបមិនទាន់រួចផង ជនសង្ស័យថាឈឺពោះហើយសុំទឹកផឹកអស់ជាច្រើនដប សុំចូលបន្ទប់ទឹក ឃើញជនសង្ស័យយកទឹកស្រោចខ្លួនស្រែកថាក្ដៅណាស់ៗ យើងមានការសង្ស័យថា ជនសង្ស័យ អាចលេបថ្នាំញៀនចូលក្នុងពោះ ឃើញជនសង្ស័យមានអាការះប្លែក បែកពពុះមាត់លូនចេញពីបន្ទប់ទឹក ភ្លាមនោះ (នៅម៉ោង១៣:០០នាទី)កម្លាំងបានបញ្ជូនទៅកាន់មន្ទីរពេទ្យរួចបានធ្វើ តេស្តទឹកនោមរកសារធាតុញៀន(វិជ្ជមាន)។ ហើយក្រុមគ្រូពេទ្យបានជួយសង្គ្រោះជាបន្ទាន់រហូតដល់ម៉ោង១៧:១៥នាទីជនសង្ស័យបានស្លាប់។

 ក្រុមគ្រូពេទ្យនិង នគរបាលជំនាញកោសល្យវិច្ឆ័យធ្វើការត្រួតពិនិត្យឃើញថា ជនសង្ស័យពិតជាស្លាប់ដោយសារគាំងបេះដូង ក្រុមគ្រួសារសពបានទទួលស្គាល់តាមការពិនិត្យរបស់ក្រុមគ្រូពេទ្យក្នុងករណីស្លាប់នេះគឺដោយសារគាំងបេះដូង ពិតប្រាកដមែន។ ក្រោយពីមានការឯកភាពពី ឯកឧត្ដមព្រះរាជអាជ្ញា កំលាំងជំនាញបានប្រគល់សាកសពជូនក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

យើងខ្ញុំសូមអំពាវនាវដល់សាធារណៈជន សូមមេត្តាកុំធ្វើការសន្និដ្ឋានវាយតម្លៃរឿងហេតុដោយពុំមានមូលដ្ឋាន ច្បាស់លាស់ នាំអោយប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលឬស្ថាប័នអនុវត្តច្បាប់។ អាស្រ័យហេតុនេះ សូមសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តទទួលជ្រាបជាព័ត៌មាន។»។

ជុំវិញរឿងនេះលោក ស៊ឹង សែនករុណ អ្នកនាំពាក្យសមាគមន៍អាដហុកបានឱ្យដឹងថា ខាងសមាគមបានអន្តរាគមន៍ជួយក្រុមគ្រួសារជនរងគ្រោះដាក់ពាក្យបណ្តឹងនិងជួយផ្តល់មេធាវីការពារក្តីនៅពេលតុលាការកោះហៅចូលសាវនាការ។ លោកថា ករណីនេះបើផ្អែកតាមភស្តុតាងជាវីដេអូដែលក្រុមគ្រួសារសពបានថត គឺខ្លួនប្រាណជនរងគ្រោះហាក់ត្រូវរងការធ្វើទារុណកម្ម ដែលនៅមានភាពមិនប្រក្រតីខុសពីសញ្ញាណជំងឺគាំងបេះដូង។លោកដាក់ការរំពឹងទុកថា ករណីនេះតុលាការនឹងជួយស្វែងរកយុទ្ធធម៌ជូនសមាជិកជនរងគ្រោះដើម្បីឈានទៅលុបបំបាត់ វប្បធម៌និទណ្ឌភាពក្នុងសង្គម។

សូមរំលឹកថា នាពេលថ្មីៗនេះនោខេត្តបន្ទាយមានជ័យក៏មានករណីធ្វើទារុណកម្មឈ្មោះ ទុយ ស្រស់ រហូតដល់ស្លាប់ផងដែរ ដោយស្ថាប័នពាក់ព័ន្ធមួយចំនួនធ្វើរបាយការណ៍កុហកថ្នាក់លើ។ ក៏ប៉ុន្តែនៅពេលមានបទបញ្ជាពីនាយករដ្ឋមន្រ្តី កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបើកការស៊ើបអង្កេតក៏ឈានដល់ការចាប់ខ្លួនអ្នកពាក់ព័ន្ធ៕

Share

ព័ត៌មានទាក់ទង

Image