(ភ្នំពេញ)៖ កម្ពុជានឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយស៊ីមបាវ៉េ ដែលជាប្រទេសមួយនៅភាគខាងត្បូងទ្វីបអាហ្វ្រិក និងមានភាពល្បីល្បាញផ្នែកទេសចរណ៍ធម្មជាតិ ដើម្បីជំរុញទាក់ទាញរំហូរទេសចរទៅវិញទៅមក និងប្រទេសទី៣ ខណៈស៊ីមបាវ៉េសម្លឹងឃើញសក្ដានុពលទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍របស់កម្ពុជាផងដែរ។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ ខណៈរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ជួបជាមួយឯកអគ្គរដ្ឋទូតស៊ីមបាវ៉េប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ថោង ខុន បានលើកឡើងពីស្ថានភាពទេសចរណ៍កម្ពុជា ថាជាគោលដៅទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ ដោយមានការស្ដារនិងលើកស្ទួយឡើងវិញបន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ១៩។
ឯកអគ្គរដ្ឋទូតស៊ីមបាវ៉េ បានបញ្ជាក់ថា កម្ពុជានិងស៊ីមបាវ៉េអាចសហការគ្នាដើម្បីជំរុញទេសចរទៅវិញទៅមក និងទាក់ទាញភ្ញៀវទេសចរប្រទេសទី៣។ លោកថាការសហការអភិវឌ្ឍទេសចរណ៍វប្បធម៌នេះ ដោយសារកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ស្រាប់ និងមានគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ប្រភេទនេះ នៅតាមគោលដៅបេតិកភណ្ឌវប្បធម៌ជាច្រើន។
ចំណែកនៅប្រទេសស៊ីមបាវ៉េមានធនធានធម្មជាតិច្រើនដែរ ពិសេសសត្វព្រៃជាច្រើនប្រភេទដែលជាគោលដៅសំខាន់ ហើយនៅជាប់ទឹកធ្លាក់វិចតូរីយ៉ា ដែលជាគោលដៅទាក់ទាញខ្លាំងមួយ។ នេះបើតាមការបញ្ជាក់ពី៝ឯកអគ្គរដ្ឋទូតស៊ីមបាវ៉េ។
គួរជម្រាបថានៅឆ្នាំ២០២៣នេះ កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥លាននាក់ ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យទេសចរណ៍ បង្កើនចលនាភ្ញៀវទេសចរឱ្យកាន់តែច្រើន។ យ៉ាងណារយៈ៧ខែដើមឆ្នាំ២០២៣នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិជាង៣.០៣លាននាក់។
កាលពីពេលថ្មីនេះដែរ ប្រទេសតួកមេនីស្ថានក៏បានចង់ភ្ជាប់ជើងហោះហើរត្រង់ជាមួយកម្ពុជា ដើម្បីជំរុញរំហូរទេសចរប្រទសទាំងពីរផងដែរ។